ការដាក់ក្រោមចំណុះ(ការប្រគល់ខ្លួន)តើអ្វីទៅជាការប្រគល់ខ្លួន?

ឱពួកអ្នកដែលមានជឿ! ចូរអ្នកគោរពតាមអល់ឡោះ គោរពតាមរ៉សូល(អ្នកនាំសារ) និងមេដឹកនាំដែលពួកអ្នកបានជ្រើសរើស។ ប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាក្នុងរឿងអ្វីមួយ ចូរអ្នក យកអល់ឡោះ(គួរអាន) និងរ៉សូល(Hadith)ជាគោលបង្អែក បើអ្នកពិតជាមនុស្សដែលមានជំនឿនឹងអល់ឡោះ និងថ្ងៃចុងក្រោយប្រាកដមែន។ នេះជាជំរើសមួយដ៏ល្អ និង សមរម្យក្នុងការសម្រេចចិត្ត (4:59)។

ក្នុងវចនានុក្រម ការប្រគល់ខ្លួន itaat មានន័យថា ការដាក់ក្រោមចំណុះ ការចុះចាញ់ និង ការធ្វើតាមការ បញ្ជា។ Taat ក៏ចេញពីឬសគុលតែមួយដែលសំដៅលើការសម្រេចកិច្ចការតាមបញ្ជា។ ពាក្យផ្ទុយពីនេះគឺ ការមិនគោរព។

ក្នុងគម្ពីរ ពាក្យនេះត្រូវបានលើកឡើងជាច្រើនសារដែលមានន័យថាការស្តាប់តាមបង្គាប់ដោយក្តីស្មោះត្រង់ និង អនុវត្តតាមបទបញ្ជា របស់អល់ឡោះ និងព្យាការី។

អ្នកមានជំនឿត្រូវរីករាយជាមួយនឹងភាពជាព្យាការី និង ផ្លូវ sunnah ដ៏ត្រឹមត្រូវ។ គេមិនត្រូវឆ្ងល់ ឬ មានមន្ទិលអ្វីទាក់ទងនឹងការដាក់ចំណុះនេះទេ។ ក្នុងសង្គម មនុស្សត្រូវមានសេចក្តីស្មោះត្រង់ និង ការដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រង ដើម្បីបញ្ជៀសភាពវឹកវរ និង បែកបាក់គ្នា។ បើមិនដូច្នេះទេ សង្គមនឹងមានភាពចលាចល។

តើអល់ឡោះពន្យល់ពីការដាក់ខ្លួនក្រោមចំណុះដល់យើងដោយរបៀបណា?

នៅក្នុងគម្ពីរគួរអាន ពាក្យថា ចំណុះមានចំនួន មួយរយម្ភៃប្រាំបួនដង។ ពាក្យនេះត្រូវប្រើដោយយកន័យដើមរបស់វា គឺ «គោរពតាមនរណាម្នាក់ ឬ ធ្វើតាមបញ្ជា»។ ឃ្លាទាំងនេះបង្ហាញយើងថាការដាក់ខ្លួនក្រោមចំណុះមានពីរប្រភេទ៖

១) ការដាក់ខ្លួនក្រោមចំណុះអល់ឡោះ

២) ការដាក់ខ្លួនក្រោមចំណុះនរណាម្នាក់

ការដាក់ខ្លួនក្រោមចំណុះអល់ឡោះរួមមានទាំង ការស្តាប់បញ្ជាលោក  និង ព្យាការីលោក ។

ឱពួកអ្នកដែលមានជឿ! ចូរអ្នកគោរពតាមអល់ឡោះ គោរពតាមរ៉សូល(អ្នកនាំសារ) និងមេដឹកនាំដែលពួកអ្នកបានជ្រើសរើស។ ប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាក្នុងរឿងអ្វីមួយ ចូរអ្នក យកអល់ឡោះ(គួរអាន) និងរ៉សូល(Hadith)ជាគោលបង្អែក បើអ្នកពិតជាមនុស្សដែលមានជំនឿនឹងអល់ឡោះ និងថ្ងៃចុងក្រោយប្រាកដមែន។ នេះជាជំរើសមួយដ៏ល្អ និង សមរម្យក្នុងការសម្រេចចិត្ត (4:59)។

ការធ្វើតាមថ្នាក់លើបង្ហាញពីការដាក់ខ្លួនក្រោមចំណុះអល់ឡោះនិងព្យាការី។ ការដាក់ខ្លួនក្រោមចំណុះអល់ឡោះប្រៀបដូចជាការដាក់ខ្លួនក្រោមចំណុះព្យាការីដែរ។ ការដាក់ខ្លួនក្រោមចំណុះព្យាការីមានន័យថាការដាក់ខ្លួនក្រោមចំណុះអល់ឡោះដែលលោកបានបញ្ជូន គាត់មកទីនេះដូចគ្នា។

ជនដែលគោរពតាមអ្នកនាំសារ គឺបានគោរពតាមអល់ឡោះ។ រីឯជនដែលរឹងទទឹងមិនព្រមស្តាប់ ចូរអ្នក(មូហាំម៉ាត់)កុំព្រួយចិត្តជំនួសពួកគេ ព្រោះយើងមិនបានបញ្ជូនអ្នក សំរាប់ជាអ្នកការពាររក្សាពួកគេមិនឲ្យធ្វើខុសនោះទេ (4:80)

ជាការពិតណាស់ ឃ្លាខាងក្រោមនេះបង្ហាញថា ព្យាការីគឺត្រូវតែមានគេគោរពតាម៖

យើងមិនបានតែងតាំងអ្នកនាំសារណាម្នាក់មក ក្នុងបំណងក្រៅពីឲ្យមនុស្សស្តាប់តាមបង្គាប់គេក្រោមការអនុញ្ញាតពីអល់ឡោះឡើយ។ ហើយក្នុងពេលដែលពួកគេបានសាងបាបកម្មចំពោះខ្លួនឯង បើសិនពួកគេបានមកជួបអ្នក រួចពួកគេបានសុំការប្រោសប្រណីអំពីអល់ឡោះ ហើយរ៉សូលក៏បានសុំ ការប្រោសប្រណីដល់ពួកគេ នោះពួកគេពិតជាបានឃើញថា អល់ឡោះជាអ្នកដែលទទួលការសុំខមាទោស និង មហាមេត្តាករុណាបំផុត(4:64)

ការដាក់ខ្លួនក្រោមចំណុះទៅអ្នកផ្សេងមិនមែនអល់ឡោះគឺត្រូវបានហាមឃាត់។ គម្ពីរ គួរអាន បានបញ្ជាក់ថា ពិភពលោកទាំងមូល ដាក់ខ្លួនក្រោមចំណុះម្ចាស់នៃធម្មជាតិ ដែលប្រកបដោយចំណេះដឹង និង អំណាចតែមួយគត់។ សំរាប់គំនិតរបស់មនុស្ស ជាលំនាំចរិកលក្ខណៈមិនអាចចៀសវាងបាន ត្រូវបានគេបង្កើតមកឲ្យមានវិចារណញាណ ពួកគេត្រូវបានផ្តល់ជំរើសសំរាប់ឲ្យពួកគេជ្រើសរើស។ ក្នុងលោកនេះមានតែមនុស្សទេដែលមានសិទ្ធិក្នុងការជ្រើសរើសគោរពតាម នរណាម្នាក់ (ឬរបស់អ្វីមួយ) ឬអត់នោះ។ ជាការជាក់ស្តែងមួយ នៅពេលដែលគេសិក្សាលំអិតពីឃ្លាមួយដែលនិយាយពីការប្រគល់ខ្លួន វាបញ្ជាក់ឲ្យឃើញថា មនុស្សបានប្រគល់ខ្លួនចំពោះបុគ្គលម្នាក់ និង ក្រុមមនុស្សផ្សេងៗដែលឋានៈខុសៗគ្នា។ យើងអាចរៀបវាតាមលំដាប់លំដោយដូចខាងក្រោម៖

មនុស្សអជំនឿ និង មនុស្សក្បត់៖ហើយចូរអ្នកកុំប្រតិបត្តិតាម ពួកអជំនឿ និងពួកក្បត់ ហើយចូរអ្នកកុំខ្វល់ពីការឈឺចាប់ដែលពួកគេធ្វើមកលើអ្នក។ ហើយចូរអ្នកប្រគល់ក្តីទុកចិត្តចំពោះអល់ឡោះចុះ ការទុកអល់ឡោះជាទីពំនាក់ គឺវាគ្រប់គ្រាន់ណាស់ទៅហើយសំរាប់អ្នក(33:48)

សំរាប់មនុស្សដែលហាមចិត្តរបស់គេមិនឲ្យជឿអល់ឡោះដោយសារការបះបោរ និង ភាពរឹងរូស ដោយចំណង់របស់ខ្លួន និង ភាពហួសហេតុរបស់គេផង៖ហើយចូរអ្នកកុំគោរពតាមមនុស្ស ដែលយើងបានបង្វែរចិត្តពួកគេមិនឲ្យគិតដល់យើង និង បទបញ្ជារបស់យើង គឺ ពួកដែលធ្វើអ្វីតាមតែចំណង់តណ្ហា ហើយប្រព្រឹត្តអំពើហួសព្រំដែន(18:28)

មនុស្សដែលមានឥរិយាបទអាក្រក់និងមានបាប៖ហើយចូរអ្នកកុំយកគំរូតាមអ្នកដែលចូលចិត្តស្បថស្បែ ដែលមានគំនិត និងប្រព្រឹត្តអំពើថោកទាបបំផុត អ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះគេ អ្នកដែលប្រមាថ​ និង មួលបង្កាច់គេ អ្នកដែលពូកែបរិហាកេរ្តិ៍គេ អ្នកដែលប៉ិនដើរនាំនិយាយដើមគេ អ្នកប៉ិនរារាំងគេចំពោះអំពើល្អ អ្នកដែលរំលោភបំពាន អ្នកដែលប៉ិនសាងបាបកម្ម មនុស្សឃោរឃៅ និង ដែលអាប់ឱនដែលញាណនឹងអំពើទាំងនោះ មនុស្សដែលគ្មានសីលធម៌ក្នុងខ្លួន (68:10-13)

អ្នកដែលធ្វើអ្វីមួយហួសកម្រិត៖ចូរពួកអ្នកកុំប្រតិបត្តិតាម កិច្ចបញ្ជារបស់ពួកបំផ្លើស(អ្នកធ្វើទង្វើហួសហេតុ) (26:151)

អ្នកដែលបង្វែរមនុស្សរបស់ខ្លួនឲ្យងាកចេញពីផ្លូវអល់ឡោះ៖

ជាការពិតណាស់ អល់ឡោះដាក់បណ្តាសាចំពោះមនុស្សអជុំនឿ ហើយលោកបានរៀបចំសម្រាប់ពួកគេនូវ ភ្លើងសន្ធោសន្ធៅមួយ ពួកគេនឹងនៅក្នុងអណ្តាតភ្លើងនោះជារៀងរហូត។ ពួកគេមិនអាចរកនរណាម្នាក់ឲ្យជួយរំដោះពួកគេបានឡើយ។ នៅថ្ងៃដែលមុខរបស់ពួកគេត្រូវបានបង្វិលម្តងហើយម្តងទៀតក្នុងភ្លើងនរក ពួកគេថា “ស្តាយណាស់! មិនដឹងជាល្អយ៉ាងណាទេ ប្រសិនបើយើងបាន ប្រតិបត្តិតាមអល់ឡោះ និង អ្នកនាំសារ ” ហើយពួកគេបានទៀតនិយាយថា “ឱម្ចាស់យើងអ៊ើយ! តាមពិតទៅយើងបានប្រតិបត្តិតាមចៅហ្វាយនាយ និង ពួកអ្នកធំរបស់យើង រូចពួកគេបានធ្វើឲ្យយើងវង្វេងពីមារគាពិតនោះ ”ឱម្ចាស់យើងអ៊ើយ! ចូរអ្នកដាក់ទណ្ឌកម្មដល់ពួកគេធ្វេដងទៅចុះ និង ដាក់បណ្តាសាដ៏ធ្ងន់ធ្ងរដល់ពួកគេ។ (33:64-68)

ការប្រគល់ខ្លួនត្រូវបានគេចាត់ទុកថាជាបញ្ហានៃជំនឿមួយ និង ជាសភាពនៃការវាយតម្លៃរបស់មនុស្ស​ដែលមិនខ្វល់ពីការព្រមាន ជាលទ្ធផល ដូចជាមនុស្សដែលវង្វេងរសាត់ឆ្ងាយពីផ្លូវអល់ឡោះ។

នៅក្នុងឃ្លាផ្សេងទៀត ពាក្យថា ittiba (ការស្តាប់ដំបូន្មាន ការធ្វើតាម) ត្រូវបានលើកយកមកប្រើ ដែលអាចសំដៅដល់ការដាក់ខ្លួនក្រោមចំណុះ។ ការគោរព និង ដើរតាមព្យាការីគឺជាការបង្ហាញសេចក្តីស្រលាញ់ចំពោះអល់ឡោះនិងលទ្ធភាពដែលអាចទទួលបាននូវភាពសោមនស្ស និង ការយល់ស្របពីលោក។ នៅទីបញ្ចប់គេនឹងទទួលបានរង្វាន់ដែលបានសន្យាត្រលប់មកវិញ។

ធម្មជាតិទាំងអស់បានប្រគល់ខ្លួនក្រោមចំណុះម្ចាស់នៃវិមាន ដែលជាសកលលោកទាំងមូល(ម្ចាស់នៃធម្មជាតិ)

ឡានដែលចតនៅក្នុងមូលដ្ឋានកងទ័ព មានន័យថាជាការដាក់ឲ្យឋិតក្រោមចំណុះ និង បង្ហាញថាមានអ្នកគ្រប់គ្រងម្នាក់។ អាងស្តុក សំភារៈចម្បាំង និង ទីតាំងហ្វឹកហ្វឺនកងទ័ព្ធ ក៏ឋិតនៅក្រោមចំណុះវាផងដែរ។ របស់ទាំងនេះបង្ហាញថាមានអ្នកគ្រប់គ្រងវា។ វត្ថុគ្មានជីវិតបង្ហាញការប្រគល់ខ្លួន ដូច្នេះទាហាន និង មេបញ្ជាការក៏បង្ហាញការប្រគល់ខ្លួនចំពោះអ្នកគ្រប់គ្រងផងដែរ។ ដូច្នេះមានតែអ្នកគ្រប់គ្រងម្នាក់គត់ដែលត្រួតត្រាលើអ្វីៗទាំងអស់។

ដូចដែលបានឧទាហរណ៍ខាងលើរួច អ្វីៗគ្រប់យ៉ាងនៅក្នុងសកលលោកនេះ ចាប់ផ្តើមពីព្រះអាទិត្យ ព្រះច័ន្ទ តារា និង សមុទ្រ, ភ្នំ និង ថ្ម, ព្រមទាំងរុក្ខជាតិ សត្វ និង មនុស្ស សុទ្ធតែដាក់ខ្លួនឲ្យនៅក្រោមចំណុះទាំងអស់។ ដូច្នេះការប្រគល់ខ្លួនទាំងស្រុងនេះបង្ហាញទៅកាន់អ្នកគ្រប់គ្រងដែលមានអំណាចបំផុត។

ឧទាហរណ៍ថា ពេលដើមឈើត្រូវបានបញ្ជាឲ្យនៅតែមួយកន្លែង វានឹងនៅមួយកន្លែងមិនទៅណាទេ។ ពួកគេទប់ទល់នឹង ខ្យល់ហើយប្រឆាំងនឹងទឹកជំនន់។ ពួកគេគោរពតាមបញ្ជា។ ឧទាហរណ៍មួយទៀតគឺសត្វអូដ្ឋដែល អោនចុះដើម្បីឲ្យគេដាក់របស់ពីលើ ទោះបីវាមិនពេញចិត្តធ្វើក៏ដោយ វានៅតែស្តាប់បង្គាប់ម្ចាស់របស់វាដដែល។

សំរាប់ពពួកភពវិញ វាមិនខុសអ្វីពីដើមឈើនោះទេ វាទទួលបញ្ជាឲ្យមានចលនាវិល។ នេះហើយជាហេតុដែលវាធ្វើដំណើរមិនដែលឈប់ ដោយសារតែមានការបញ្ជា។

មនុស្សត្រូវធ្វើតាមការបញ្ជាជាច្រើនដើម្បីបន្តជីវិតរបស់ពួកគេ។ ពួកគេធ្វើការដកដង្ហើម មើលនឹងភ្នែក ស្តាប់នឹងត្រចៀក និយាយនឹងមាត់ជាដើម។ រាល់ការធ្វើតាមទាំងអស់បង្ហាញពីវត្តមានរបស់អល់ឡោះ ដែលជាម្ចាស់នៃសកលលោកមកកាន់មនុស្សឲ្យទទួលស្គាល់ សូម្បីតែមនុស្សងងឹតភ្នែក។

Iblis (អីប លីស) ក្លាយទៅជាបិសាចដោយសារភាពរឹងទទឹងមិនស្តាប់បញ្ជារ

អល់ឡោះបានបង្កើតព្យាការី Adam (សូមឲ្យសន្តិភាពមានដល់គាត់)ដោយបញ្ចូលព្រលឹង ទៅក្នុងខ្លួនគាត់ និងបានបញ្ជាឲ្យទេវតាក្រាបគោរពចំពោះមុខអ្នកតំណាងរបស់លោក គឺជាមនុស្សម្នាក់នេះ។ ការក្រាបគឺជាសញ្ញានៃការទទួលបញ្ជាពីអល់ឡោះទៅកាន់មនុស្ស ដែលនឹងក្លាយជាអ្នកគ្រប់គ្រងលើផែនដីនេះ។ តែតាមពិតមានតែអល់ឡោះទេដែលជាអ្នកត្រូវបានគេកា្របបង្គំចំពោះមុខនោះ។ វត្តមាន Adam មកកាន់លោកនេះគ្មានអ្វីក្រៅពីការឱនក្រាបនោះទេ។ គាត់ត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកទទួលបញ្ជារបស់អល់ឡោះ។ ទេវតាយល់ស្របនិងស្វាគមន៍ ជម្រើសរបស់អល់ឡោះហើយធ្វើការក្រាបចំពោះមុន Adam។

ទេវតាទាំងអស់បានក្រាបបង្គំលើកលែងតែម្នាក់ទេ។ គេត្រូវបានមោទនភាពនិងអំនួតរបស់ខ្លួនអូសទាញ ហើយមិនបានដឹងពីភាពប្រសើរក្នុងការក្រាបបង្គំនេះទេ។ Iblis (អីប លីស) មិនធ្វើការក្រាបបង្គំដែលធ្វើឲ្យគេលែង ស្តាប់តាមបញ្ជាតទៅទៀត។ គម្ពីរគួរអានបានពន្យល់ពីព្រឹត្តិការណ៍នេះ៖

ហើយ(ចូររំឭក)នៅពេលដែលយើងបាននិយាយទៅកាន់ម៉ាឡាអ៊ីកាត់(ពពួកទេវតា)ថា ចូរពួកអ្នកឱនលំទោនចំពោះអាដាម។ ម៉ាឡាអ៊ីកាត់ក៏បានឱនលំទោន លើកលែងតែ Iblis (អីប លីស) បានជំទាស់ និងកាន់ប្ញក ហើយបង្ហាញខ្លួនឯងថាជា​អ្នកដែលគ្មានជំនឿ (2:34)

បិសាចដែលធ្លាប់តែជាអ្នកចេះគោរពបូជានិងជាអ្នកដែលមានការស្ម័គ្រស្មោះអស់ពេលរាប់ពាន់ឆ្នាំបាន ក្រោយពីជួបប្រទះ Adam ដែលត្រូវបានបង្កើតពីដីឥដ្ឋ លែងយល់ពីភាពប្រសើរនៃធម្មជាតិរបស់ខ្លួនតទៅទៀត ដោយសារតែសេចក្តីអំនួតនិង មោទនភាពរបស់ខ្លួន។ គេមិនអាចធ្វើតាមការបញ្ជាបានទោះបីគេយល់ពីអត្ថន័យនៃការបម្រើពិតក៏ដោយ ហើយគេមិនអាចទទួលយកវាបានដោយពេញចិត្តឡើយ។ ដោយសារហេតុនេះ អល់ឡោះបានបញ្ជូនគាត់ចេញ ពីផ្ទះរបស់គាត់ជារៀងរហូតហើយច្រានចោលនូវទង្វើល្អរបស់គាត់ដែលមានទាំងប៉ុន្មាន។

គួរអានបានពន្យល់យើងពីការដាក់ខ្លួនក្រោមចំណុះ ដោយផ្អែកលើឧទាហរណ៍នៃរឿងTalut

ឧទាហរណ៍ល្អដ៏ប្រពៃមួយក្នុងគម្ពីរគួរអានគឺរឿងរបស់ Talut និងកងទ័ពរបស់គាត់។ តើ Talut ជានរណា?ដើម្បីស្គាល់ពីប្រវត្តិនៃរឿងនោះ យើងគប្បីអានពីប្រវត្តិសាស្រ្តនៃប្រជាជនអ៊ីស្រាអែល។

ក្នុងប្រវត្តិសាស្រ្តរបស់ប្រជាជនអ៊ីស្រាអែល បន្ទាប់ពីព្យាការី Yusha(យូស្ហា) (សូមសន្តិភាពមានដល់គាត់)ចាប់ផ្តើមសម័យកាលមួយដែលមានអ្នកដឹកនាំ ដែលមានអាយុកាលប្រាំរយឆ្នាំឈានចូលមកដល់។ មេដឹកនាំចុងក្រោយគេនាសម័យកាលនោះគឺ Samuel។ ដោយផ្អែកលើប្រវត្តិក្នុងគម្ពីរមរតកចាស់រឹសសាសនាបានបញ្ជាក់ថា ព្យាការីម្នាក់ ដែលបានរៀបរាប់ក្នុងគួរអានដោយមិនបានប្រាប់ឈ្មោះ គឺជាព្យាការី Samuel (សូមសន្តិភាពមានដល់គាត់)។ រឿងនេះកើតឡើង មួយពាន់ឆ្នាំមុនគ្រឹស្តសាសនា។ ព្យាការី​​  Samuel មិនត្រឹមតែជាមេដឹកនាំប្រទេសជាតិខ្លួនទេ តែក៏ជាព្យាការីមួយរូបទៀតផង។ ពេលនោះមាន ប្រទេស Amalika ដែលស្ថិតនៅចន្លោះ អេស៊ីប និង ប៉ាឡេស្ទីន។ មេដឹកនាំគេមានឈ្នោះថា Jalut។ Jalut បានវាយប្រហារពួកអ៊ីស្រាអែល បណ្តេញពួកគេចេញពីប្រទេស និង ពង្រាត់ពួកគេចេញពីក្រុមគ្រួសាររបស់ខ្លួនទៀតផង។ ដោយសារភាពអាម៉ាស់នេះ ប្រជាជនអ៊ីស្រាអែលស្នើព្យាការីរបស់គេឲ្យតែងតាំងមេបញ្ជាការកងទ័ពម្នាក់ ដែលអាចធ្វើជាមេដឹកនាំពួកគេផងដែរ។

ព្យាការីបានដឹងយ៉ាងច្បាស់ពីប្រទេសរបស់គាត់។ ពេលដែលប្រទេសជាតិជួបនឹងសេចក្តីលំបាក ពួកគេអាចនឹងប្រឆាំងនឹងគាត់ហើយមិនអាចឲ្យគាត់ទុកចិត្តបានទៀតឡើយ។ វាត្រូវការការបំពេញ ភារកិច្ចដើម្បីសង្គ្រាម។ បើគាត់ធ្វើសង្គ្រាមនោះប្រទេសរបស់គាត់នឹងមានគ្រោះថ្នាក់ហើយពួកគេនឹង ជួបបញ្ហាធំម្តងទៀតជាមិនខាន។ នេះជាហេតុដែលគាត់និយាយដោយបើកចំហថា «តើមានអ្វីកើត ឡើងបើអ្នកមិនព្រមធ្វើសង្គ្រាមពេលទទួលបានបញ្ជាថាឲ្យធ្វើហើយនោះ?»

ពួក Israel បានប្រាប់ព្យាការីរបស់គេថាគេនឹងមិនឲ្យគាត់ខកចិត្តឡើយហើយថាពួកគេគ្មានជម្រើសអ្វី ផ្សេងក្រៅពីការប្រយុទ្ធទេ។ គេត្រូវចាកចេញពីប្រទេសរបស់គេហើយពួកគេភាគច្រើនត្រូវបាត់បង់កូន និងប្រពន្ធ។ តែភាពកំសាកនិងមិនអាចជឿទុកចិត្តបានកើតឡើងក្នុងចំណោមពួកគេ។ នេះជាហេតុដែល ព្យាការី​ Samuel​​ ក្រើនរំលឹកដល់ប្រជាជនរបស់គាត់។

តាមឃ្លាដែលត្រូវលេចចេញឡើង ព្យាការី Samuel បានចាត់តាំង Talut ជាមេបញ្ជាការ។ តែពួក​​ Israel បានប្រឆាំងនឹងជម្រើសរបស់ព្យាការី។ ពីដំបូងគេសន្យាថានឹងធ្វើតាមការសន្យានេះដោយគ្មានលក្ខខណ្ខ។​ ទោះបីជាព្យាការីរបស់គេដែលជាអ្នកត្រូវចាត់តាំងមេបញ្ជាការហើយ ក៏ពួកគេនៅតែមិនពេញចិត្តដែរ។ តាមពិតទៅ នោះជាជំរើសមួយដែលកើតចេញអំណាចនៃសាររបស់អល់ឡោះមួយ។ ជាលទ្ធផលពួកគេទទួលយក Talut ធ្វើជាមេបញ្ជាការរបស់គេដោយបង្ខំចិត្ត។

Talut បានរៀបចំកងទ័ពហើយចាប់ផ្តើមធ្វើសកម្មភាព។ តែវាមិនច្បាស់ថាអ្នកទាំងអស់នោះមានសេចក្តី ស្មោះត្រង់និងតាំងចិត្តចំពោះគេឬអត់ឡើយ។ ប្រទេសនេះជួបក្តីអាម៉ាស់អស់ពេលជាច្រើនឆ្នាំហើយពេលនេះត្រូវចាញ់ទៀត។ សកម្មភាពគេសំខាន់ណាស់ជាពិសេសនៅពេលដែលគេប្រឈមមុននៃភាគីម្ខាងទៀតដែលបានយកឈ្នះគេ។ ក្នុងសមរភូមិត្រូវតែមានកងទ័ពដែលបានត្រៀមខ្លួនរួចរាល់នឹងមានសេចក្តីក្លាហាន។ ហើយវាមិនអាចយកឈ្នះឡើងនៅដែលមានកងទ័ពកំសាក មិនអាចទុកចិត្តបាន និងទន់ខ្សោយងាយចុះចាញ់ពេលជួបនឹង ក្តីលំបាកនោះ។

ម្យ៉ាងទៀត ពួកទន់ខ្សោយនឹងជះឥទិ្ធពលដល់អ្នកផ្សេងៗទៀត។ ហេតុនេះហើយវាពិតជាមានសារៈសំខាន់ណាស់ដែលមានទាហានតស៊ូនឹងកិច្ចការដោយភាពស្មោះត្រង់ ដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រង និងការជួយគាំទ្រគ្នាទៅវិញទៅមក។

បន្ទាប់ពីដើរកន្លងផុតទៅបានមួយរយៈពេល ទាហានចាប់ផ្តើមស្រេកទឹក។ Talut បាននិយាយថា អល់ឡោះ នឹងសាកល្បងគេជា មួយនឹងទន្លេមួយ។ អ្នកដែលផឹកទឹកទន្លេនោះមិនអាចនៅជាមួយគាត់បានទេ ហើយអ្នកដែលមិនបានផឹកទឹកនោះទើបអាចនៅជាមួយគាត់បាន។ គាត់មន្ថែមទៀតថា គេអាចផឹកបានតែមួយថ្នក់ដៃប៉ុណ្ណោះ។ ពេលដែលពួកគេទៅដល់ទន្លេដ៏អស្ចារ្យនោះ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលផឹកទឹករហូតដល់ឆ្អែត ដែលនេះបង្ហាញថាគេមិនធ្វើតាម Talut ឡើយ។ ពួកគេបរាជ័យក្នុងការសាកល្បងលើកទីមួយនោះ។ ខណៈដែលទាំងនេះជាការសាកល្បងចំពោះពួកគេ តែពួកគេបែរជាធ្វើឲ្យបរាជ័យ។

ព្រឹត្តិការណ៍មានការរៀបរាប់ក្នុងគម្ពីរគួរអាន៖

ក្រោយមក នៅពេលដែលតលូតបានចេញដំណើរទៅជាមួយនឹងទ័ព គេបាននិយាយថា អល់ឡោះពិតជាអ្នកសាកល្បងពួកអ្នកនឹងស្ទឹងមួយ ពេលនោះ ជនណាបានផឹកទឹកពីស្ទឹងនោះ ជននោះពុំមែនអំពីយើងទេ ហើយជនណា មិនផឹកទឹកនោះទេ ជននោះពិតជាអំពីយើង លើកលែងតែជនដែលបានក្បង់ ទឹកមួយក្បង់នឹងដៃរបស់ខ្លូន។ រួចមកពួកគេបានផឹកទឹកស្ទឹងនោះ លើកលែង តែបន្តិចបន្តួចបំផុតនៃពួកគេ។ រួចមក ខណៈដែលតលូត និងពួកដែលបាន ជឿជាមួយគេបានឆ្លងផុតស្ទឹង ពួកគេបាននិយាយថា ថ្ងៃនេះ យើងគ្មាន លទ្ធភាពតទល់នឹងតលូត ព្រមទាំងកងទ័ពរបស់គេទេ។ ពួកដែលគិតថា ពួកគេពិតជាបានជួបនឹងអល់ឡោះ ពួកគេបាននិយាយថា ភាគច្រើនមក ហើយ ក្រុមមួយដ៏តិចតួចបំផុត បានឈ្នះក្រុមមួយដ៏ច្រើនបំផុត តាមការ អនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាមួយនឹងពួកអត់ធ្មត់​ (2:249)។

ក្នុងនោះ ចំនួនទាហានដែលជោគជ័យក្នុងការសាកល្បងនោះមានចំនួនប្រហែលនឹងទាហានក្នុងសមរភូមិ Badr។ Bara ibn Azib ដែលជាសិស្សម្នាក់របស់ព្យាការីបាននិយាយថា៖

ធ្លាប់បាននិយាយជារឿយៗមកហើយថាចំនួនពួកយើង(សិស្សរបស់ព្យាការី)ដែលចូលរួមប្រយុទ្ធក្នុងសមរភូមិ Badr(បាឌរ៉)ស្មើនឹងទាហានរបស់ Talut ដែលឆ្លងផុតទន្លេជាមួយនឹង Talut ដើម្បីប្រយុទ្ធជាមួយនឹង Jalut ។ ទាហាននោះមានចំនួនប្រហែល បីរយដប់​នាក់។ មានតែអ្នកមានជំនឿប៉ុណ្ណោះដែលអាចឆ្លងផុតទន្លេជាមួយនឹង Talut។

នៅទីបញ្ចប់គេយកឈ្នះលើ សត្រូវរបស់គេបានសម្រេច។ នេះជាលទ្ធផលនៃការដាក់ខ្លួនរបស់គេទៅ កាន់អល់ឡោះ។

គ្មានអ្វីសំខាន់ជាងការបញ្ជារបស់មេដឹកនាំឡើយ!

នៅពេលមួយ Sultan Mahmut ដែលជាមេដឹកនាំរបស់ Ghazna បានចូលក្នុងសភាហើយបាន ឃើញថាមន្ត្រីទាំងអស់បានជួបជុំគ្នា។ គាត់ចង់ធ្វើការសាកល្បងពួកមន្ត្រីដឹកនាំ និង មន្ត្រីខាងសាសនាទាំងនោះ។ គាត់បានយកត្បូងដែលមានតម្លៃមួយចេញហើយបង្ហាញទៅមន្ត្រីខាងសាសនារបស់គាត់។

«តើនេះជាអ្វី? តើអ្នកដឹងពីតម្លៃរបស់វាទេ?»មន្ត្រីខាងសាសនាឆ្លើយថា៖

«វាជាត្បូងមានតម្លៃដែលស្មើនឹងមាសមួយរយបាវដាក់លើសត្វលា»ស្តេចអង្គនោះថា៖

«ដូចនេះចូរបំបែកវាចុះ»

«ទេព្រះអង្គ ខ្ញុំមិនអាចធ្វើបែបនោះបានឡើយ។ ខ្ញុំប្រាថ្នាតែភាពសប្បាយរុងរឿងពីអ្នកប៉ុណ្ណោះ។ ធ្វើបែបនេះមិនល្អសម្រាប់​ខ្ញុំឡើយ»

គាត់រីករាយនឹងទង្វើរបស់មន្ត្រីនោះណាស់ហើយក៏បានផ្តល់រង្វាន់ឲ្យគេជាច្រើន។

បន្ទាប់មកគាត់បានឲ្យវាទៅកាន់អ្នកធ្វើវាំងននហើយថា «បើមាននរណាចង់ទិញវា តើគេត្រូវបង់ថ្លៃប៉ុន្មាន?»​

«ពាក់កណ្តាលនៃទ្រព្យរបស់លោក»

«បើដូចនេះ ចូរបំបែកវាចោលចុះ»

«ឱស្តេចនៃបណ្តាមេដឹកនាំទាំងឡាយអើយ! វាពិតជាគួរឲ្យខ្មាស់អៀនខ្លាំងណាស់បើសិនជាខ្ញុំបំបែកវាចោល។ ត្បូងនេះស័ក្កសមនឹងអ្នក ជាមេដឹកនាំម្នាក់ដែលមានចិត្តល្អប្រពៃ។ ខ្ញុំមិនអាចធ្វើបែបនោះបានទេ។  ព្រោះថាវាអាចជាទង្វើដែលប្រឆាំងនឹងអ្នក និង ទ្រព្យសម្បត្តិរបស់អ្នកទៀត»។

គាត់ពេញចិត្តនឹងពាក្យសម្តីរបស់អ្នកធ្វើវាំងនននោះខ្លាំងណាស់ ហើយឲ្យរង្វាន់ទៅគាត់ជាច្រើន។

បន្ទាប់មកគាត់បានឲ្យត្បូងនោះទៅកាន់មនុស្សម្នាក់ផ្សេងទៀត។ គេបានឆ្លើយតបប្រហែលគ្នានឹងអ្នកមុនៗដែរ ហើយសេ្តចក៏បានឲ្យរង្វាន់ដល់គេដូចគ្នា។

មេដឹកនាំមួយរូបនេះបានធ្វើការសាកល្បងមនុស្សជាច្រើនហើយជាចុងក្រោយបានហៅអ្នកបម្រើគាត់ឈ្មោះ Eyaz មក ដើម្បីសួរពីតម្លៃនៃត្បូងនោះ។ បន្ទាប់មកគាត់ឲ្យគេកម្ទេចវាចោល។ ហើយគេក៏បានកម្ទេចវា ទៅជាចំណែកៗ។ មន្ត្រីផ្សេងៗទៀតសោកស្តាយពីទង្វើរបស់អ្នកបម្រើនោះហើយនិយាយថា​៖

«ឱ​ Eyaz! អ្នកធ្វើបែបនេះធ្វើអ្វី? តើអ្នកណាហ៊ានធ្វើវា? អ្នកបានក្បត់នឹងមេដឹកនាំ និង បំផ្លាញទ្រព្យរបស់ គាត់ហើយ»។

Eyaz ថា «គ្មានអ្វីធំជាងការធ្វើតាមបញ្ជារបស់មេដឹកនាំ ជាពិសេសមេដឹកនាំដែលយើងគោរពនិងស្រលាញ់នោះទេ​»។

តើអ្វីដែលព្យាការីបានបង្គាប់អំពីការប្រគល់ខ្លួន(ដាក់ឲ្យឋិតនៅក្រោមចំណុះនរណាម្នាក់)?

ក្នុងហាឌីស យើងអាចនិយាយបានថា ព្យាការីរបស់យើងក៏យកចិត្តទុកដាក់ខ្លាំងផងដែរក្នុងការប្រគល់ខ្លួន។ គាត់ថា​ «អ្នកដែលដាក់ខ្លួន ក្រោមបង្គាប់ខ្ញុំគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ។ អ្នកដែលមិនគោរពខ្ញុំគឺជាអ្នកដែលមិនគោរពដល់អល់ឡោះ។ អ្នកដែលប្រឆាំងនឹងមេដឹកនាំរបស់គេស្មើនឹងប្រឆាំងនឹងខ្ញុំដែរ»។

«រាល់ប្រជាជនទាំងឡាយដែលស្តាប់តាមខ្ញុំនឹងចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធវា»។សិស្សរបស់ព្យាការីបានសួរថា «តើនរណាដែលបដិសេធឋានសួគ៌?» «អ្នកទាំងអស់ដែលស្តាប់តាមបង្គាប់ខ្ញុំនឹងចូលឋានសួគ៌ ហើយ អ្នកដែលមិនស្តាប់តាមខ្ញុំត្រូវបានគេចាត់ទុកថាជាអ្នកដែលបញ្ជៀសពីឋានសួគ៌ (គេនឹងទៅកាន់ឋាននរក»។ ក្នុងហាឌីស (សារ) ផ្សេងទៀត

ព្យាការីបាននិយាយថា «ចូរស្តាប់បង្គាប់មេដឹកនាំរបស់អ្នក ​ទោះបីគេជាទាសករ Ethiopian ដែលមានក្បាលដូចទំពាំងបាយជូរក្រៀម ធ្វើជាមេដឹកនាំអ្នកក៏ដោយ​ (មនុស្សដែលដឹកនាំអ្នកដោយប្រើគម្ពីររបស់ អល់ឡោះ)»

នៅមានហាឌីស(សារ)ជាច្រើនទៀតដែលមានក្នុងសៀវភៅសាសនាចាស់ៗ។ ពេលនេះយើងនឹងនិយាយពី Usama ibn Zayd ដើម្បីឲ្យអ្នកយល់ពីហាឌីស(សារ)ខាងលើ។

Usama ibn Zayd ជាកូនប្រុសរបស់ទាសករស្បែកខ្មៅម្នាក់ឈ្មោះ Zayd ibn Harisa។ ព្យាការីបានតែងតាំងគាត់ឲ្យធ្វើជាមេដឹកនាំកងទ័ព ដើម្បីជួយជុំរញទ័ពទៅកាន់ Damascus។ ក្នុងជួរកងទ័ពមានសិស្សរបស់ព្យាការីជាច្រើនដែលល្បីល្បាយ និង មានអាយុចាស់ជាង Usama។ កាលនោះគាត់មានអាយុត្រឹមតែ ដប់ប្រាំបីឆ្នាំប៉ុណ្ណោះ។

អ្នកខ្លះគិតថាការតែងតាំង Usama ជាអ្នកដឹកនាំវ័យក្មេងម្នាក់ ពិតជាមិនល្អទេ ខណៈដែលមានមេដឹកនាំលេចធ្លោដូចជា Abu Bakr Umar ibn al-Khatab និង Abu Ubayda ibn Jarrah បែបនេះ។ នេះជាហេតុដែលគេចាប់ផ្តើមនិយាយអំពីអ្វីដែលមិនល្អ។ ពេលព្យាការីដឹងអំពីរឿងនេះ គាត់ថា «អ្នកប្រាកដជាបដិសេធនឹងការដឹកនាំរបស់ Usama ។ ពីមុនអ្នកក៏បានធ្វើបែបនេះដូចគ្នា ចំពោះឪពុករបស់គេគឺ Zayd ibn Harisa។ សូមអល់ឡោះធ្វើជាសក្សី! គេជាអ្នកដែលស័ក្កសមនឹងតំណែងនេះបំផុត ហើយគេក៏ជាអ្នកដែល ខ្ញុំពេញចិត្តបំផុត។ ឥឡូវកូនរបស់គេ Usama ibn Zayd ក៏ជាអ្នកដែលស័ក្កសមនឹងតំណែងនេះដូចឪពុករបស់គេផងដែរ គេជាមនុស្សដែលត្រឹមត្រូវម្នាក់ក្នុងចំណោមពួកអ្នក»។

ពិតណាស់ តំណែងរបស់ Usama គឺចម្លែក។ ព្យាការីចង់ឲ្យស្មារតីនៃការដាក់ខ្លួន មានក្នុងខ្លួនរបស់សិស្សនិងសហគមន៍ទាំងមូលរបស់គាត់។ ពេលដែលគាត់វាយតម្លៃមនុស្ស គាត់មើលលើសមត្ថភាពរបស់គេ មិនមែនអាយុទេ។ នេះជាហេតុដែលគាត់ចាត់តាំង Usama។ គាត់ច្រានចោលមតិរិះគន់ទាំងឡាយហើយយកគំរូ នៃការវាយតម្លៃមនុស្សដោយភាពស័ក្កសមនេះ។

សិស្សរបស់ព្យាការីជាច្រើនរួមទាំង Umar ibn al-Khattab គោរពដល់ជម្រើសរបស់ព្យាការី ហើយដាក់ខ្លួនក្រោម Usama។ ពេលដែល Umar ជួបនឹង Usama គាត់តែងតែគោរពស្វាគមន៍គេដោយនិយាយថា « ឱ មេដឹកនាំនៃអ្នកមានជំនឿ! សូមសន្តិភាពមានដល់អ្នក»។ ឮដូចនេះ Usama ថា «សូមអល់ឡោះសណ្តោសប្រណីដល់អ្នក, ឱ មេដឹកនាំនៃអ្នកមានជំនឿ! តើអ្នកនិយាយពាក្យទាំងអស់នោះមកខ្ញុំឬ?»Umar និយាយថា«ខ្ញុំនឹងនិយាយបែបនេះ ទៅកាន់អ្នកជានិច្ច ព្រោះតាំងពីពេលដែលព្យាការីបានលាចាកលោកនេះទៅ អ្នកជាមេដឹកនាំរបស់ខ្ញុំ»។  

Usama ជាកូនប្រុសរបស់ទាសករក្រីក្រម្នាក់។ ដោយឲ្យមនុស្សដាក់ខ្លួនក្រោមមេដឹកនាំវ័យក្មេងនេះ ព្យាការីចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា អ្វីទៅជាការប្រគល់ខ្លួន។

តើយើងធ្វើការដាក់ខ្លួនទៅកាន់មេដឹកនាំយើងដោយរបៀបណា?

អល់ឡោះបានបញ្ជាឲ្យយើងគោរពតាមមេដឹកនាំរបស់យើង។ តើយើងយល់ពីពាក្យថា «ulu al-amr»​ យ៉ាងដូចម្តេច? តើកម្រិតប៉ុណ្ណាទៅ ដែលយើងត្រូវគោរពមេដឹកនាំ?

យោងទៅតាមលោក Fethullah Gülen ពាក្យ «ulu al-amr» មានន័យថា «ការដាក់ខ្លួនឲ្យនៅក្រោមមេដឹកនាំដែលមើលការខុសត្រូវអ្នកផ្សេងៗក្នុងសហគមន៍ ដែលដឹកនាំមនុស្សទៅកាន់ផ្លូវអល់ឡោះ និង បំភ្លឺដោយពន្លឺរបស់ព្យាការី ជាមនុស្សដែលម៉ឺងម៉ាត់ មិនរុញរាលើផ្លូវដ៏ត្រឹមត្រូវ»។

នៅក្នុងគួរអានបានបញ្ជាក់ប្រាប់ថា ការដាក់ខ្លួន(ប្រគល់ខ្លួន)មានបីប្រភេទ គឺការប្រគល់ខ្លួនចំពោះអល់ឡោះ ការប្រគល់ខ្លួនចំពោះព្យាការី និងការប្រគល់ខ្លួនចំពោះមេដឹកនាំរបស់យើង។ ព្យាការីយើងមានគុណសម្បត្តិដ៏វិសេសវិសាលត្រូវបានអល់ឡោះជ្រើសរើសឲ្យធ្វើជាអ្នកនាំសាររបស់លោកម្នាក់។ ពិតមែនតែគាត់ជាមនុស្សដូចយើងដែរ តែគាត់គឺជាមធ្យោបាយ ជាផ្លូវ របស់យើងឆ្ពោះទៅកាន់អល់ឡោះ។ សំរាប់យើងគ្រាន់តែដើរតាមការណែនាំនោះប៉ុណ្ណោះ។ ផ្លូវនេះមិនមែនបំភ្លឺតែក្នុងលោកិយនេះទេ តែវានឹងបំភ្លឺយើងជាដរាបតរៀងទៅ។ ព្យាការីបានបញ្ជា សម្រេច និង ទាមទារ​ ឲ្យយើងដាក់ខ្លួនក្នុងនាមអល់ឡោះ ហើយអ្នកដែលមានអំណាចក៏ត្រូវដើរតាមផ្លូវរបស់ព្យាការី ត្រូវតែស្តាប់ និង លះបងចំពោះគាត់។ មេដឹកនាំកំពូលៗរបស់យើងមាន Abu Bakr as-Sidiq (ជាមនុស្សគួរឲ្យជឿទុកចិត្ត) Umar al-Faruq (អ្នកដែលបែងចែងរវាងខុសនិងត្រូវ) Uthman ibn Affan (ម្ចាស់នៃពន្លឺបរិសុទ្ធពីរ) Ali ibn Abu Talib (តោចំបាំង និងសេ្តចនៃសេចក្តីក្លាហានប្រកបដោយសីលធម៌) (សូមអល់ឡោះ រីករាយ ជាមួយនឹងពួកគេ) មិនបានប្រឆាំងទៅនឹងព្យាការីសូម្បីតែម្តងឡើយ។

ការប្រគល់ខ្លួនប្រៀបដូចជារង្វង់ដ៏ធំមួយ។ ព្យាការីបាននិយាយថា «បើអ្នករស់នៅជាមួយមនុស្សបីនាក់ ទោះនៅទីណាក្តី ចូររើសម្នាក់ធ្វើជាមេដឹកនាំអ្នកទៅ»។ ម្នាក់ត្រូវធ្វើជាមេដឹកនាំហើយអ្នកផ្សេងត្រូវស្តាប់តាម គេ ហើយពេលធ្វើដំណើរគេត្រូវពិគ្រោះសុំយោបល់នូវរឿងសំខាន់ៗពីមេដឹកនាំនោះ។ ដូចនេះរង្វង់នៃការប្រគល់ខ្លួនចាប់ផ្តើមពីចំនុចនេះឯង។

មនុស្សមានជំនឿ គឺអ្នកដែលចេះចែករំលែកចំណេះដឹងដល់អ្នកដទៃ មិនគួរធ្វើអ្វីតាមតែចិត្តខ្លួនឯងទេ ជាពិសេសបញ្ហាទាក់ទងនឹងឥស្លាម។ គេត្រូវការជួបជុំពិគ្រោះយោបល់ និង ការពិភាក្សាគ្នា។ ហើយបើសិនជាចាំបាច់ គេត្រូវនាំបញ្ហានោះទៅឲ្យមេដឹកនាំកំពូលដើម្បីដោះស្រាយ។ ក្រោយពីអ្វីគ្រប់យ៉ាងត្រូវបានសម្រេច យើងទាំងអស់គ្នាត្រូវគោរពតាមសេចក្តីសម្រេចនោះ។ អ្នកដែលគោរពមេដឹកនាំគេ ប្រៀបដូចជាគេបានប្រគល់ខ្លួនទៅឲ្យអល់ឡោះដែរ។

ការប្រគល់ខ្លួន ជាលក្ខណៈពិសេសមួយ និង ជាគុណភាពនៃការករកើតសហគមន៍មួយ។ វាកើតឡើងគ្រប់ពេលវេលា នៅពេលមនុស្សចាប់ផ្តើមធ្វើសកម្មភាពជាសហគមន៍ទាំងធំឬតូច ការប្រគល់ខ្លួនបានក្លាយបញ្ហាត្រូវចោទសួរ។ អ្នកមានជំនឿត្រូវតែដឹងថាអ្វីទៅជាការប្រគល់ខ្លួន និងត្រូវដាក់ខ្លួនជានិច្ច។ ព្យាការីយកចិត្តទុកដាក់លើចំនុចនេះខ្លាំងណាស់ហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីពង្រឹងវា។

សាសនាអាចតំណាងបានដោយអ្នកដែលមានការប្រគល់ខ្លួនប៉ុណ្ណោះ

ដើម្បីឲ្យការពិតខាងជំនឿសាសនាជ្រាបចូលក្នុងក្រអៅបេះដូងមនុស្ស អ្នកមានជំនឿទាំងអស់ត្រូវមានការទទួលខុសត្រូវឲ្យបានខ្ពស់បំផុត។ ចំណុចមួយនេះត្រូវបានបញ្ជាក់ ជាច្រើនលើកច្រើនសារក្នុងគួរអាន និង ហាឌីស។ ព្រំដែន(គំនិតទាំងឡាយ)ដែលព្យាការីបានបង្ហាញគឺដើម្បីពាំនាំសាសនាពិតទៅកាន់ មនុស្សលោកទាំងអស់។

ការពាំនាំភាពស្រស់ស្អាតរបស់សាសនាទៅកាន់មនុស្ស មិនមែនជាការងាររបស់បុគ្គលម្នាក់ត្រូវទទួលខុសត្រូវនោះទេ តែវាក៏ជាកាតព្វកិច្ចរបស់សហគមន៍ទាំងមូលដែរ។ ដូច្នេះហើយ សហគមន៍គួរតែមានលក្ខណៈពិសេសខ្លះរបស់វាដែលក្នុងនោះគឺមានការប្រគល់ខ្លួននេះ។

បើបុគ្គលណាម្នាក់មានភារៈកិច្ចក្នុងការណែនាំគេឲ្យស្គាល់អល់ឡោះ ទាំងអ្នកទទួលភារកិច្ច និងអ្នកដែលដាក់ភារកិច្ច ពួកគេទាំងពីរធ្វើក្នុងបុព្វហេតុអល់ឡោះ នោះពួកគេគួរតែប្រគល់ដោយឆន្ទៈ និង បំពេញកាតព្វកិច្ចរបស់គេឲ្យបានពេញលេញ។ គំរូដ៏ល្អនៃកិច្ចការដ៏ប្រពៃសំរាប់មូស្លីមទាំងអស់ ត្រូវបានកំណត់រួចហើយដោយសិស្សព្យាការី។ យើងនឹងព្យាយាមពន្យល់ដោយសង្ខេបអំពីការដាក់ខ្លួនរបស់បណ្តា​សិស្សចំពោះព្យាការី និង ហេតុផលរបស់ពួគេ៖

1.ដោយព្យាការីក៏ជាមនុស្សដូចគេដែរ តែដោយគាត់ជាអ្នកនាំសារដែលទទួលកាតព្វកិច្ចពីអល់ឡោះ ហើយធ្វើការក្នុងបុព្វហេតុអល់ឡោះ ហេតុនេះសិស្សគាត់ទាំងអស់បំពេញកិច្ចការ ដោយពេញចិត្ត។

ព្រោះព្យាការីយើង និង Caliphs (អ្នកគ្រប់គ្រង)បន្ទាប់ពីព្យាការីទាំងអស់ មិនដែលលោភលន់ចង់បានអ្វីដែលទាក់ទងនឹងចំណង់តណ្ហាគេឡើយ។ មនុស្សដឹងយ៉ាងច្បាស់ថាពួកគេធ្វើកិច្ចការដើម្បីតែអល់ឡោះប៉ុណ្ណោះ និង ទទួលបានផលមកវិញនៅឋានបរលោក។ ហេតុនេះហើយបានជាគេធ្វើកិច្ចការរបស់គេដោយពេញចិត្ត។

2.គ្មានប្រទេសណាដែលគ្មានអ្នកដឹកនាំ គ្មានប្រជាជាតិណាដែលគ្មានរដ្ឋាភិបាល និងគ្មានកងទ័ពណាដែលគ្មានមេបញ្ញាការឡើយ។ ដើម្បីសម្រេចគោលដៅតែមួយ គេត្រូវរួបរួមគ្នាជាធ្លុងមួយនឹងចែកការងារគ្នា។ ពេលខ្លះកិច្ចការនោះត្រូវធ្វើដោយព្យាការី ឬអ្នកជំនាន់ក្រោយតំណាងឲ្យព្យាការី។ តែទោះជាយ៉ាងណាក៏ដោយ បើសហគមន៍មួយ មានសមាជិកធ្វើសកម្មភាពដោយខ្លួនឯងមិនគោរព និង ស្តាប់បង្គាប់គេហើយ  នោះវានឹងមិនអាចទទួលបានជោគជ័យទេ។ មានកងទ័ពជាច្រើនដែលប្រយុទ្ធចាញ់ទាហានក្រុមឧទ្ទាម។ ហេតុនេះហើយ ការទទួលជោគជ័យលើផ្លូវត្រឹមត្រូវបាន គឺតម្រូវឲ្យមនុស្សគ្រប់គ្នាត្រូវបំពេញកិច្ចការរបស់ខ្លួនឲ្យបានពេញលេញ។

Mus’ab ibn Umayr ជាកូនប្រុសរបស់អ្នកមាននៅទីក្រុងមេកា ( Mecca)។ គាត់ស្គាល់ព្យាការីពេលដែលគាត់មានអាយុ ១៤ ឆ្នាំ។ ពេលព្យាការីបានបញ្ជូនគាត់ទៅ(ជាគ្រូដំបូងគេក្នុងឥស្លាម) Medina គាត់គ្រាន់តែនិយាយថា​​ «ទៅ!» ប៉ុណ្ណោះ។ យុវជនរូបនេះបានធ្វើដំណើរឆ្លងកាត់ចំងាយផ្លូវរវាង Mecca និង Medina ប្រវែងជាង 483 គីឡូម៉ែត្រ តែឯងដោយថ្មើរជើង និងបានទៅកាន់កន្លែងមួយដែលគ្មាននរណាការពារគាត់ ដោយត្រឹមតែបញ្ជាមួយម៉ាត់របស់ព្យាការីថា៖ “ទៅ!”។

Khalid ibn Walid ដែលបានបំផ្លាញចក្រភព Sassanids​(អ៊ីរ៉ងសព្វថ្ងៃ) និងបង្អាក់សកម្មភាពនៃចក្រភព Byzantine (ចក្រភពរ៉ូមាំងខាងកើត) ត្រូវបានបណ្តេញ

ចេញពីការងារដោយ Umar ibn al-Khattab ពេលដែលគេទទួលបានជោគជ័យនិងចូលក្នុងកងទ័ពរបស់ Abu Ubayda។ គាត់លះបង់ចំណង់តណ្ហា ភាពអត្មានិយម កិត្តិយស កេរ្តិ៍ឈ្មោះ ដើម្បីធ្វើការប្រគល់ខ្លួនក្រោមការគ្រប់គ្រងរបស់មេដឹកនាំ។​

សាសនារបស់អល់ឡោះបានរីកសុះសាយចេញក្រៅពីទីក្រុង Mecca បានដោយស្នាដៃនៃអ្នកទាំងនោះឯង ដែលបានយល់ច្បាស់ពីអត្ថន័យនៃការប្រគល់ខ្លួននេះ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងក៏ដូច្នោះដែរ យើងគ្រាន់តែពោលពាក្យថា​ «ទៅ!» ទៅកាន់អ្នកដែលពេញចិត្តនឹងសេចក្តីពិតក៏បានដែរ។ ត្រឹមតែពាក្យបញ្ជាមួយម៉ាត់ គេហ៊ានពុះពាឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយពី Siberia ទៅចិន​ និងពីអូស្ត្រាលីទៅប្រទេសថៃ។ ហើយប្រសិនបើអ្នកចង់និយាយពីអល់ឡោះ និងព្យាការីមែន ចូរអ្នក«ទៅ!»ចុះ។

ដោយសារតែពួកគេយល់ពីស្មារតីនៃការប្រគល់ខ្លួននេះ គេបានចាកចេញពីគ្រួសារ មិត្តភ័ក្ត និង ប្រទេសជាតិរបស់គេ ហើយធ្វើដំណើរដោយពេញចិត្ត។ អ្នកដែលចំនុះឲ្យអល់ឡោះគឺចំនុះឲ្យព្យាការី ហើយអ្នកដែលចំនុះឲ្យព្យាការីក៏ចំនុះដល់អ្នកតំណាងព្យាការីផងដែរ។ ពួកគេនឹងទទួលបានគុណសម្បត្តិដូចសិស្សរបស់ព្យាការីដែរ។

តើមានអ្វីកើតឡើងបើគេមិនធ្វើតាមបទបញ្ជា?

បើនរណាម្នាក់មិនព្រមដាក់ខ្លួនទេ គេនឹងគ្មានអ្វីក្រៅពីការខកចិត្តឡើយ។ ក្នុងកំឡុងពេលប្រយុទ្ធគ្នានៅសមរភូមិ Uhud ទ័ពសេះបានធ្វើការវាយប្រហារបីដង រាល់ការវាយប្រហារត្រូវបានតបវិញដោយគ្រាប់ព្រួញ។ សេះមិនអាចដើរបានទេដោយសារតែចំនួននៃគ្រាប់ព្រួញបាញ់មកដូចទឹកភ្លៀង។ ពេលនោះព្យាការីបានពង្រឹងពួកគេថា៖ «មិនថាមានអ្វីកើតឡើងនោះទេ កុំចាកចេញពីទីទូលនេះឲ្យសោះ» គាត់បាននិយាយទៅកាន់អ្នកបាញ់ព្រួញ ៥០ នាក់ ដោយអត្ថន័យយ៉ាងច្បាស់។ ប៉ុន្តែដោយសត្រូវមានល្បិចកល ធ្វើពុតជាចាញ់ដកទ័ពថយក្រោយ ទើបបណ្តាលឲ្យមានគំនិតផ្ទុយគ្នាកើតឡើងក្នុងក្រុមទ័ពព្រួញ ហើយភ្លេចបណ្តាំរបស់ព្យាការី។ ពេលឃើញ គេដកថយ អ្នកបាញ់ព្រួញនិយាយទៅកាន់កូនទាហានរបស់គេថា «ទៅ!...ទៅយករបស់! បើអល់ឡោះឲ្យយើងឈ្នះទៅហើយ ហេតុអ្វីត្រូវចំនាយពេលឥតប្រយោជន៍នៅទីនេះទៀត? ពិតជាសំណាងណាស់ យើងបានយកឈ្នះសត្រូវយើងហើយ។ ដូច្នេះដេញតាមពីក្រោយពួកគេទៅ! ហើយប្រមូលយករបស់ដែលយើងដណ្តើមបានចែកគ្នាចុះ»។

ពាក្យនេះបង្ហាញពីភាពបែកបាក់ដំបូងគេបង្អស់នៅសមរភូមិ Uhud។ ពួកគេទំនងជាបានភ្លេចនូវការប្តេជ្ញាចិត្តចំពោះ បញ្ជារបស់ព្យាការី។ តាមការប្រមើលមើលទៅ ពួកគេយល់ថាត្រូវតែឈរជើងនៅទីនោះរហូតទាល់តែការប្រយុទ្ធបានបញ្ចប់។ ព្យាការីបានប្រាប់គេឲ្យទៅ កន្លែងដដែលរហូតដល់ពេលទទួលបានបញ្ជាថ្មី ហើយតាំងពីដើមផែនការមកម៉្លេះ ព្យាការីបានសង្កត់ធ្ងន់ត្រង់ចំណុចនោះ។ ការពិតទៅ មានការបំពានផែនការមួយបានកើតឡើង ហើយ Abdullah ibn Jubayr និងអ្នកផ្សេងទៀតមានការភ្ញាក់ផ្អើលដោយឮសំដីឆ្លើយតបទៅពួកគេថា៖ «អ្នកឆាប់ភ្លេចហើយឬនូវសំដីរបស់ព្យាការីដែលនិយាយថា៖ «ចូរការពារពួកយើងពីគ្រោះថ្នាក់ដែលអាចនៅពីក្រោយខ្នងយើង។ ទោះបី អ្នកឃើញយើងត្រូវគេសម្លាប់ក៏ដោយ ចូរកុំចេញពីទីតាំងរបស់ខ្លួនហើយមកជួយយើងឲ្យសោះ!។ ទោះបីអ្នកឃើញយើងប្រមូលរបស់ ក៏មិនត្រូវចូលមកដណ្តើមគ្នាផងដែរ តួនាទីអ្នកត្រូវការពារយើងពីគ្រោះដែលអាចនឹងកើតមាន»។​

បើយោងតាមសំដីពួកគេ ពាក្យរបស់គ្នាគេមិនច្បាស់ដូចពាក្យរបស់ព្យាការីឡើយ។ ពួកគេយល់ទៅតាមអ្វីដែលពួកគេចង់បានដោយនិយាយថា៖ «ព្យាការីមិនចង់មានន័យបែបនេះទេ!»។ ផ្ទុយទៅវិញ គេយកតែគំនិតរបស់ខ្លួនប៉ុណ្ណោះ។ ស្ថានភាពបែបនេះ ធ្វើឲ្យពួកគេដេញតាមសត្រូវ និងយក របស់ដែលដណ្តើមបាន។ ពេលនោះមានតែសិស្សរបស់ព្យាការីប៉ុន្មានអ្នកប៉ុណ្ណោះដែលនៅជាមួយនឹង Adbullah bin Jubayr។

ចំពោះភាគីម្ខាងទៀតគឺទ័ពសេះចំនួនពីរយនាក់ដែលដឹកនាំដោយ Khalid ibn Walid ដែលពេលនោះគាត់មិនទាន់ក្លាយជាមូស្លីមនៅឡើយនោះ បានរង់ចាំឱកាសនេះ។ គេត្រៀមវាយប្រហារដោយរារាំងទ័ពព្រួញទាំងនោះ។ Ikrima ibn Abu Jahl ក៏បានជួយដល់ Khalid ibn Walid ផងដែរ។ វាអាចទៅរួចចំពោះរឿងដ៏តូចមួយអាចផ្លាស់ប្តូរនូវអ្វីៗគ្រប់យ៉ាង។ ជាក់ស្តែង អល់ឡោះផ្តល់មេរៀនដល់អ្នកជំនាន់ក្រោយឲ្យពិចារណាលើបញ្ហាអ្នកបាញ់ព្រួញនោះ។ ដូចនេះបទបញ្ជាដែលមេដឹកនាំបានបញ្ជា ត្រូវតែគោរព ហើយមិនត្រូវបកស្រាយយកតាមគំនិតខ្លួនឯងឡើយ។

អ្នកដែលប្រគល់ខ្លួនតែងទទួលបានផល

ពេលកំពុងដើរពេលយប់ជាមួយនឹងកូនទាហានរបស់គាត់ Dhu al-Qarnayn បានបញ្ជាថា​៖ «ចូរប្រមូលយកនូវអ្វីគ្រប់យ៉ាង ព្រមទាំងរបស់ដែលអ្នកដើរជាន់លើ»។

មានមេកងម្នាក់និយាយថា «យើងបានដើរឆ្ងាយ ហើយអស់កម្លាំងខ្លាំងណាស់ ហេតុអ្វីយើង ត្រូវ​ប្រមូលយករបស់ទាំងនេះទាំងពេលងងឹតបែបនេះ! យកល្អយើងមិនគួរប្រមូលវាទាំងអស់នោះទេ»។ និយាយរួចហើយ គេមិនបានប្រមូលយកអ្វីឡើយ។

ក្រុមទីពីរនិយាយថា​ «ដោយសារមេទ័ពយើងបញ្ជាហើយ ចូរយើងប្រមូលបន្តិចទៅ កុំឲ្យថាយើង ប្រឆាំងគាត់ ហេតុនេះយើងត្រូវតែស្តាប់បញ្ជាមេទ័ព»។ គេក៏ប្រមូលយករបស់បន្តិចបន្តួចមក។

មួយក្រុមទៀតនិយាយថា «គ្មានអ្វីដែលមេទ័ពយើងបញ្ជាហើយ មិនមានន័យសោះនោះទេ គាត់ច្បាស់ជាដឹងអ្វីដែលយើងមិនដឹង គាត់ច្បាស់ជាមានហេតុផលសម្រាប់ទង្វើនេះជាមិនខាន»។​ ថាហើយគេក៏ប្រមូលយករបស់ទាំងអស់នោះ។

ព្រឹកឡើងគេក៏ដឹងថាគេបានដើរលើគំនរមាស។ ពេលងងឹងគេមិនដឹងទេ។ របស់ដែលពួកគេដើរជាន់ពីលើគឺជាមាស។ នៅពេលពួកគេភ្ញាក់ខ្លួន អ្នកដែលមិនបានប្រមូលសោះនិយាយថា «យើងគួរតែ បានប្រមូលយកវា! យើងគួរតែបានធ្វើតាមមេទ័ពយើង! យ៉ាងហោចណាស់យើងក៏អាចយកមួយដុំដែរ»។ ពួកគេស្តាយក្រោយយ៉ាងខ្លាំង។ ក្រុមទីពីរដែលយកបានតិចតួចនិយាយថា «យើងគួរតែយកឲ្យបានច្រើនជាងនេះបន្តិច!»។ ចំណែកឯក្រុមទីបីនិយាយថា​​៖«យើងគួរតែបោះចោលរបស់មិនចាំបាច់ ហើយប្រមូលយកវាឲ្យច្រើនថែមទៀត»។ ទោះបីជាគេរកបានច្រើនក៏គេនៅតែមិនរីករាយ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2024 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។