ទុក្ខវេទនា ការឈឺចិត្ត សេចក្តីអត់ធ្មត់ ការលះបង់ និង ភាពមិនឋិតឋេរ
«តើអ្នកគិតថា អ្នកនឹងចូលថានសួគ៌ឬ ខណៈដែលការសាកល្បងទាំងឡាយដែលអ្នកមុនៗធ្លាប់ប្រឈមពុំទាន់ធ្លាក់ដល់អ្នកផងនោះ ពួកគេត្រូវបានប៉ះទង្គិចដោយគ្រោះកំណាច ជំងឺរាតត្បាត និងទុក្ខភ័យ ហើយពួកគេត្រូវញ័ររន្ធត់ រហូតដល់រ៉សូល(ព្យាការី) និងអ្នកមានជំនឿទាំងឡាយអង្វរថា៖ ពេលណាទៅជំនួយរបស់អល់ឡោះមកដល់? ដឹងចុះថាជំនួយអល់ឡោះគឺនៅជិតបង្កើយ» (2:214)។
តើអ្វីទៅជាទុក្ខវេទនានិងការឈឺចិត្ត?
លោក Fethullah Gülen និយាយថាទុក្ខវេទនា និងការឈឺចាប់ជាផ្លូវដ៏សំខាន់ឆ្ពោះទៅកាន់គោលដៅ និងលទ្ធផលដ៏ខ្ពង់ខ្ពស់។ អ្នកធ្វើដំណើរម្នាក់ដែលឆ្ពោះទៅរកការពិតត្រូវបានសំអាតដោយទុក្ខវេទនា នឹងក្លាយជាបរិសុទ្ធដោយសារវា ហើយទទួលបានខ្លឹមសារក៏ដោយសារវាដែរ។ បើសិនគ្មានការឈឺចាប់ យើងមិនអាចនិយាយបានថាភាពពេញលក្ខណៈ និងការរួបរួមឋិតក្នុងដួងវិញ្ញាណតែមួយបានឡើយ។
គ្រប់បុព្វហេតុធំៗ និងគោលដៅពិតទាំងឡាយ ត្រូវលាតត្រដាងក្នុងស្រមោលនៃភាពខ្វះខាត ទុក្ខវេទនា និង ការឈឺចាប់។ វាគ្មានការពិតដ៏អស្ចារ្យ និងគំរូដ៏ឧត្តុង្គឧត្តមណាដែលទទួលបាន ដោយគ្មានការប្រឈមនឹងការលំបាក និង អត់ទ្រាំនឹងការភាពខ្វះខាតនោះឡើយ។
បុព្វហេតុមួយទាមទារ ទុក្ខវេទនា និងការឈឺចាប់
ការបម្រើក្នុងឥស្លាម និងជោគជ័យក្នុងវិថីនេះតែងតែកើតឡើងតាមវិធីតែមួយដូចគ្នា ដូច្នេះយើងត្រូវអត់ទ្រាំនឹងសេចក្តី
វេទនា និងការឈឺចាប់ច្រើនបែបច្រើនយ៉ាង។ ឧទាហរណ៍នៃជីវិតដែលប្រកបដោយការឈឺចាប់ និងទុក្ខវេទនាក្នុងពេលដើរលើផ្លូវរបស់អល់ឡោះ ក៏ត្រូវបានគេមើលឃើញក្នុងដំណើរជីវិតពិតរបស់ព្យាការី និងមនុស្សនៅសតវត្សមុនៗផងដែរ។
ឧទាហរណ៍ ប្រសិនបើពាក្យនិយាយទៅកាន់ព្យាការី នូហ (Noah) ដោយកុលសម្ព័ន្ធរបស់គាត់ ត្រូវបាននិយាយមកកាន់យើងនៅតាមផ្លូវវិញ ហើយប្រសិនបើពួកគេមើលងាយចំអកមកកាន់ដោយចរឹកបែប យើងនឹងរងការឈឺចាប់ជាខ្លាំងជាមិនខាន។ អ្នកនាំសារម្នាក់នេះឋិតក្នុងចំណោមព្យាការីធំៗទាំងប្រាំ។ គាត់បានទៅជួបមនុស្សម្តងម្នាក់ៗហើយប្រាប់គេឲ្យនិយាយថា «ចូរនិយាយថា គ្មានអាទិទេពណាផ្សេងពីអល់ឡោះ ហើយត្រូវបានសង្គ្រោះ»។ មនុស្សពេលខ្លះចងជើងគាត់ហើយអូសគាត់។ ពេលខ្លះទៀតព្រួតគ្នាវាយគាត់។ ចំនែកខ្លះទៀតយកលាមកគប់គាត់និងប្រើពាក្យប្រមាថគ្មានមេត្តាឡើយ។
នៅពេលយើងពិនិត្យលើជីវិតរបស់ព្យាការី អ៊ីប្រាហីម យើងនឹងឃើញថាតើគាត់អត់ទ្រាំនឹងអ្វីខ្លះ។ ក្នុងជីវិតរបស់គាត់ គាត់តែងតែអត់ទ្រាំ។ គាត់បានជួបប្រទះសេចក្តីទុក្ខវេទនា និងការឈឺចាប់ដ៏ធ្ងន់ធ្ងរបំផុត ដូចជាត្រូវគេបោះចូលភ្លើង ត្រូវគេបំបែកប្រពន្ធគាត់ចេញពីគាត់ និង ការប៉ងសម្លាប់កូនរបស់គាត់ទៀត។
សិស្សរបស់ព្យាការី Jesus ម្នាក់បានក្បត់គាត់ដោយធ្វើការហ៊ុំព័ទ្ធផ្ទះគាត់ និងបានប្រជែងគ្នាក្នុងការសម្លាប់ដោយយកឈើមកឆ្កាងព្យាការីរបស់ខ្លួន។
និយាយដោយខ្លីគ្រប់ព្យាការីសុទ្ធតែធ្លាប់មានការអត់ទ្រាំនឹងទុក្ខវេទនា។ ផ្លូវដែលគេដើរគឺផ្លូវនោះឯង។ Yunun Emre បាននិយាយថា៖
ផ្លូវនេះគឺឆ្ងាយ វាមានច្រើនដំណាក់កាល
វាគ្មានច្រកឆ្លងកាត់ឡើយ គឺមានតែទឹកជ្រៅ។
នៅពេលយើងមើលលើការប្រៀបធៀបនេះយើងឃើញថា អ្នកដែលដើរលើវិថីរបស់អល់ឡោះគួរតែត្រៀមខ្លួនសម្រាប់រាល់ការលំបាកទាំងឡាយ។ អ្នកមានជំនឿគួរព្រមទទួលយកពីដំបូងថានៅតាមផ្លូវនឹងមានរឿងអាក្រក់ៗ ហើយវាជាការសំខាន់ណាស់ដែលពួកគេត្រូវស៊ូទ្រាំ។
តើអ្វីជាការអត់ធ្មត់?
ការអត់ធ្មត់គឺជាសមត្ថភាពក្នុងការអត់ទ្រាំនឹងក្តីលំបាក និងបញ្ហាគ្រប់កាលៈទេសៈ ។ ជាមនុស្សដែលអាចអត់ទ្រាំងនឹងសេចក្តីលំបាក និងរង់ចាំលទ្ធផលដោយមិនត្អួញត្អែរ ជាអ្នកដែលអាចយកឈ្នះលើឧបសគ្គទាំងឡាយនៅចំពោះមុខគេបាន ដើម្បីឲ្យសម្រេចបាន លទ្ធផល។
មនុស្សត្រូវបានបញ្ជូនមកផែនដីនេះដើម្បីធ្វើការសាកល្បង។ តាមការសាកល្បងនេះ សមត្ថភាពរបស់មនុស្សនឹងរីកចម្រើន ហើយគេនឹងសាកសមនឹងទទួលបានសេចក្តីសោមនស្សពីអល់ឡោះ និងអាចឃើញភាពស្រស់ស្អាត និងពិសិដ្ឋ ជានិរន្តរបស់លោក។ ការយកឈ្នះក្តីលំបាក និងបញ្ហាអាចធ្វើបានដោយសារការអត់ទ្រាំ។ ការអត់ទ្រាំអាចនាំឲ្យមនុស្សទៅកាន់កម្រិតមួយជាមួយអល់ឡោះ និងធ្វើឲ្យគេទទួលបាននូវព័ត៌មានល្អពីលោក។ ជំនឿពិតរបស់ អ្នកមានជំនឿគឺត្រូវភ្ជាប់ទៅនឹងសេចក្តីអត់ទ្រាំ។ បើគ្មានការស្មោះត្រង់ក្នុងជំនឿក៏គ្មានការស៊ូទ្រាំដែរ។
អល់ឡោះនឹងធ្វើការសាកល្បងដើម្បីរកមើលថានរណាមាន ឬមិនមានសេចក្តីអត់ធ្មត់។ លោកនឹងផ្តល់នូវដំណឹងល្អទៅកាន់អ្នកដែលមានសេចក្តីអត់ធ្មត់ ហើយឲ្យគេដឹងថាគេនឹងទទួលបាននូវសេចក្តីសោមនស្ស និងការពេញចិត្តរបស់លោក ព្រមទាំងរង្វាន់រាប់មិនអស់សម្រាប់ពួកគេដែរ។
ការអត់ធ្មត់គឺជាការទទួលយកដោយពេញចិត្តនូវរបៀប និងការកាត់សេចក្តីដោយមេត្តាធម៌តែមួយគត់របស់អល់ឡោះ ក្នុងសកលលោកនេះ ដែលជាកម្មសិទ្ធិរបស់លោក។ ការខ្វះភាពអត់ធ្មត់គឺជាការប្រឆាំង និងជាការច្រានចោល។ វាសំខាន់ណាស់ក្នុងការបង្ហាញនូវសេចក្តីអំណត់ គ្រប់ពេលមានក្តីលំបាក ដែលជាការសាក ល្បងរបស់អល់ឡោះ។
ភាពអត់ធ្មត់ត្រូវការការលះបង់ចំពោះអល់ឡោះ កំលាំងចិត្ត ការតាំងចិត្ត និងការប្តេជ្ញាចិត្តមុតមាំ។ សេចក្តីអត់ធ្មត់គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យខាងផ្លូវកាយ និងផ្លូវចិត្ត។ ហេតុនេះសេចក្តីអត់ធ្មត់គឺគន្លឹះ ឆ្ពោះទៅការសង្គ្រោះទាំងឡាយ។
តើការអត់ធ្មត់មានប៉ុន្មានបែប?
Bediüzzamman Said Nursi ចែកការអត់ធ្មត់ជាបីប្រភេទ៖
- ការអត់ធ្មត់នឹងអំពើបាប៖ ពេលមានការទាក់ទាញឲ្យគេធ្វើអំពើបាប អ្នកមានជំនឿនឹងបង្ហាញនូវសេចក្តីអត់ធ្មត់ប្រឆាំងនឹងវា ហើយព្យាយាមមិនប្រព្រឹត្តអំពើបាប។
- ការអត់ធ្មត់នឹងទុក្ខលំបាក៖ នេះជាការអត់ធ្មត់ទល់នឹងរឿងលំបាកទាំងឡាយក្នុងជីវិត។
- ការអត់ធ្មត់ក្នុងការគោរពបូជា៖ ការគោរពបូជាដាក់បន្ទុកលើមនុស្ស (ថ្វាយបង្គំ ៥ ដងក្នុងមួយថ្ងៃ ការសម្អាតរាងកាយ និង ការតមអាហារ)។ អ្នកមានជំនឿត្រូវមានសេចក្តីអត់ធ្មត់ចំពោះចំណុចនេះ។
លោក Fethullah Gülen បានបន្ថែមការអត់ធ្មត់មួយបែបទៀត ទៅក្នុងប្រភេទទាំងបីខាងលើ គឺការអត់ធ្មត់នឹងសម្រស់ទាក់ទាញក្នុងលោកនេះ។ ចំនុចនេះសំខាន់ណាស់ជាពិសេសសម្រាប់ជនមូស្លីមសព្វថ្ងៃ។ គួរឲ្យសោកស្តាយ ដោយសារ ស្តង់ដាជីវភាពរបស់គេឡើងកាន់តែខ្ពស់ សំភារៈដូចជាផ្ទះ ឡាន ផ្ទះរដូវក្តៅ និងរដូវត្រជាក់ បានធ្វើឲ្យមនុស្សមួយចំនួនឃ្លាតឆ្ងាយពីអារម្មណ៍ និងគំនិតគិតគូរខ្វល់ខ្វាយពីជីវិតអ្នកដទៃ។ ចំណុចនេះមានបញ្ជាក់ក្នុងឃ្លាមួយ៖
« គេបានតាក់តែងជូនមនុស្ស នូវរបស់ផ្សេងៗដែលចង់ដោយតណ្ហាដូចជា៖ ការស្រឡាញ់ នារី កូនចៅ ទ្រព្យសម្បត្តិស្តុកស្តម្ភនៃមាសប្រាក់ សត្វសេះដែលគេបង្ហាត់ សត្វពាហនៈ និងចំការ។ ទាំងអស់នេះ គឺជាភាពរីករាយខាងជីវិតលោកិយ ។ តែអល់ឡោះវិញ គឺជាទីវិលត្រលប់ដ៏ល្អបំផុត (3:14)»។
ត្រង់ពាក្យថា “តាងតែង” នេះបង្ហាញថាមនុស្សមិនអាចគេចផុតពីសម្រស់ទាក់ទាញទាំងនោះទេ។ តែការយកឈ្នះអាចធ្វើបានបើយើងមានជំនឿរឹងមាំ និងការអត់ធ្មត់ដោយរក្សាជំនឿឲ្យមានសកម្មភាពថេរ។
ការអត់ធ្មត់ប្រឆាំងនឹងពេលមួម៉ៅខ្លាំង... ការអត់ធ្មត់ក្នុងទម្រង់មិនឲ្យគេដឹងនូវភាពផ្ទុយពីគេខាងផ្លូវចិត្ត... ។ តាមពិតទៅ មានការអត់ធ្មត់មួយបែបទៀតគឺការបង្ខំខ្លួនស្ថិតក្នុងពិភពលោកប្រកបដោយទុក្ខនេះ ទោះបីជាទ្វាឋានសួគ៌ត្រូវបានបើកចំហរយ៉ាងធំសំរាប់បុព្វហេតុបម្រើក្នុងផ្លូវអល់ឡោះក៏ដោយ(ឧទារណ៍ដូចជា បណ្តាព្យាការី ជាមនុស្សដែលរីករាយនឹងប្រឈមអ្វីគ្រប់យ៉ាង)។
តើអ្វីជា «ការអត់ធ្មត់សកម្ម»?
មានគោលគំនិតមួយក្នុងអក្សរសាស្ត្ររបស់យើងដែលយើងហៅវាថា “ការអត់ធ្មត់ដ៏រស់រវើក” វាពិតជាមានប្រយោជន៍ក្នុងការបកស្រាយដោយសង្ខេបដូចខាងក្រោម៖
ចូរគិតអំពីមេមាន់ដែលកំពុងក្រាបពង។ដោយឃើញវាក្នុងសភាពបែបនេះ យើងនិយាយថា «សត្វនេះក្រាបពងយ៉ាងព្រងើយ»។ តែក្នុងពេលបីសប្តាហ៍មក វាទទួលរងការឈឺចាប់ជាខ្លាំង។ វាធ្វើយ៉ាងណាដើម្បីរក្សាកម្តៅឲ្យពងវា។ ពេលវា ប្រែពងនោះ វាប្រុងប្រយ័ត្នខ្លាំងមិនឲ្យបែកឡើយ។ ដូច្នេះជាមួយនឹងវិញ្ញាណដ៏ខ្លាំងខ្លា ការប្រុងប្រយ័ត្ន និង ជំហរដ៏សកម្ម មេមាន់បានបង្ហាញគំរូមួយនៃការអត់ធ្មត់ដ៏រស់រវើក។
ឧទាហរណ៍មួយទៀត៖ ដើម្បីធ្វើអាហារពេលល្ងាច ម្តាយម្នាក់ធ្វើការរៀបចំបន្លែ សាច់ ប្រេង ខ្ទឹម ម្ទេស... និងអ្វីផ្សេងទៀតដែលមាន ដាក់លើចង្រ្កានរង់ចាំអាហារឆ្អិន។ ការអត់ធ្មត់ដ៏រស់រវើកបន្តជំរុញបំណងប្រាថ្នាគាត់ឲ្យទៅដល់គោលដៅ ខណៈពេលដែលគាត់កំពុងរង់ចាំ។
ឧទាហរណ៍ផ្សេងទៀត៖ មនុស្សពីរនាក់និយាយព្រមព្រៀងគ្នាដើម្បីរៀបការ។ កំឡុងពេលរង់ចាំទារកកើតគឺជារយៈពេលអត់ធ្មត់ដ៏រស់រវើក។ ឪពុកម្តាយទាំងពីរមិនអាចធ្វើអ្វីបានច្រើនទេ ក្រៅពីអធិដ្ឋានសុំឲ្យកូនមានសុខភាពល្អ និងគ្រប់លក្ខណៈ។
សង្ខេបមកវិញ មនុស្សដែលចំអិនអាហារ, ចាប់ផ្តើមញុំាអាហារដោយពោលនាមអល់ឡោះ basmala, ការចិញ្ចឹមបីបាច់ទារកទើបនឹងកើត….ទង្វើទាំងអស់នេះត្រូវការការរៀបចំជាមុន។ ត្រង់ចំណុចនេះ បុគ្គលម្នាក់ត្រូវទទួលខុសត្រូវក្នុងការបន្តកិច្ចការរបស់គេ ដោយការប្តេជ្ញាចិត្ត និងអត់ធ្មត់ ហើយរក្សាការថ្វាយបង្គំ និងស្លៀកសំលៀកបំពាក់គុណធម៌(saleh) ដើម្បីឈរឲ្យរឹកមាំនៅនឹងកន្លែង។ ប្រហែលអាចមានព្រឹត្តិការណ៍ខ្លះនឹងកើតឡើង ដូចជាមានព្យុះបក់បោក និងមានរលកធំៗ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ អ្នកមានជំនឿនឹងឈរនៅនឹងកន្លែងយ៉ាងរឹងមាំ ប្រៀបដូចជាគន្លងផ្កាយនាពេលរាត្រី និងរង់ចាំយ៉ាងសកម្មឲ្យព្យុះទៅផុត។
ការថ្លឹងតម្លៃការអត់ធ្មត់
- ប្រៀបដូចជាឱសថដែលសម្រួលដល់ការឈឺចាប់ដូច្នោះដែរ ការអត់ធ្មត់អាចដុតខ្លួនមនុស្សម្នាក់ផង និងព្យាបាលជម្ងឺផង។
- រាល់ការលំបាកតែងតែផ្ទុកនូវភាពងាយស្រួល ផ្ទុយមកវិញចាំបាច់ត្រូវតែអត់ធ្មត់ក្នុងកំឡុងពេលផ្ទុកទម្ងន់ក្នុងផ្ទៃ។
- ទោះបីជាការអត់ធ្មត់ និងភាពជោគជ័យទំនងជាខុសគ្នា តែវាទាំងពីរជាបងប្អូនភ្លោះ។
- សមុទ្រកើតពីដំណក់ទឹក តែគ្មាននរណាអាចគណនាបានពីរយៈពេលដែលដំណក់ទឹកក្លាយទៅជា ផ្នែកនៃសមុទ្រ។
- កំហុសកើតចេញពីពេលមនុស្សមានការប្រញាប់
- រាងឆ្ពោះទៅរកកំពូលចាប់ផ្តើមពីជ្រលង ដូច្នោះផងដែរសំរាប់អ្នកដែលអត់ធ្មត់
- បើអ្វីមួយពីដំបូងជាថ្នាំពុលតែទីបញ្ចប់ជាទឹកឃ្មុំ នោះវាគឺជាការអត់ធ្មត់ហើយ
- ឥរិយាបទវិជ្ជមានចំពោះរឿងផ្សេងៗគឺជាការអត់ធ្មត់ សំរាប់ហេតុផលនេះ បុគ្គលបរិសុទ្ធត្រូវរៀនពីការអត់ធ្មត់ដើម្បីប្រឈមនឹងរដូវរបស់វា។
ការអត់ធ្មត់សំខាន់សម្រាប់ភាពជោគជ័យ
មនុស្សដែលដឹងហេតុផលមិនគួរចុះចាញ់នឹងក្តីលំបាកចំពោះមុខគេទេ។ គេគួរតែមើលឃើញថាការលំបាកតែងតែមានក្នុងកិច្ចការអ្វីមួយ ហើយគួរមើលឃើញ ក្តីលំបាកថាជាឱកាសក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។ អ្នកដែលចង់បាននូវភាពជោគជ័យគួរតាំងចិត្ត ក្នុងការបំពេញកិច្ចការហើយក៏គួរមានអារម្មណ៍ជក់ចិត្តនឹងកិច្ចការនោះដែរ។ កុំភ្លេចថា វាមិនមែនជាកម្លាំង ទឹកទេដែលធ្វើឲ្យថ្មប្រហោង តែវាការស្រក់ជាបន្តជាប់ជានិច្ច។
ពេលដែល Ibn Sina នៅជាសិស្ស គេមិនសូវពូកែខាងគណិតវិទ្យាទេ។ ថ្ងៃមួយគេឈប់រៀនហើយទៅផ្ទះ។ ក្រោយពេលដើរយ៉ាងឆ្ងាយ គេក៏ស្រេកទឹកហើយក៏បានទៅដល់អណ្តូងមួយ ។ គេក៏ឃើញខ្សែសម្រាប់ ហូតយកធុងទឹកមួយ រ៉កដែលនៅជាប់នឹងខ្សែនោះមានសភាពរិចរឹល។ គេក៏បានគិតថា «បើខ្សែអាចធ្វើឲ្យរ៉កនោះសឹកបាន ហេតុខ្ញុំមិនអាចរៀនគណិតវិទ្យាចេះ?» គេក៏ត្រលប់ទៅវិញហើយ បានព្យាយាមរៀនយ៉ាងខ្លាំងនិងមានការអត់ធ្មត់ចំពោះក្តីលំបាកទាំងឡាយ។ ជាលទ្ធផលគេក៏បានក្លាយ ទៅជាអ្នកប្រាជ្ញមួយរូប។
Abu-Hajjaj al-Uqsuri បាននិយាយថា «ឆ្មារមួយក្បាលបាននាំផ្លូវខ្ញុំ»។ គាត់បានពន្យល់រឿងនេះដល់អ្នក ដែលគិតថាគាត់និយាយលេងសើច៖ «នៅយប់ត្រជាក់មួយ ខ្ញុំមិនទាន់ចូលសម្រាកនៅឡើយទេ។ ខ្ញុំបានដើរទៅខាងក្រៅ។ ខ្ញុំក៏បានឃើញឆ្មារមួយក្បាលដែលចង់ឡើងលើអំពូលភ្លើង តែវារអិលណាស់។ ឆ្មារនោះព្យាយាមឡើង ជាច្រើនដងតែវាធ្លាក់មកវិញជានិច្ច។ បន្ទាប់ពីត្រឡប់ពីថ្វាយបង្គំវិញ ខ្ញុំបានឃើញថាវាឡើងបានហើយ។ ខ្ញុំក៏បានរៀនពីឆ្មារថាមិនត្រូវចុះចាញ់នឹងឧបសគ្គនោះទេ»។
ក្តីលំបាកធ្វើឲ្យមនុស្សព្យាយាមប្រឹងប្រែង។ ពេលយកឈ្នះឧបសគ្គបានហើយ គេនឹងមានភាពរីករាយ ហើយគេនឹងមានគោលដៅថ្មីៗទៀត។
ការឈឺចាប់របស់គ្រំ!
ជាធម្មតាគ្រំមានជីវិតរីករាយ។ វារស់នៅតោងលើថ្មក្នុងជំរៅទឹកដ៏ជ្រៅ។ វារកអាហារក្នុងសមុទ្រ និងមានសំបកការពាររឹងមាំដើម្បីការពារខ្លួន។ វាចំណាយពេលជាច្រើនមើលត្រីហែលឆ្លងកាត់ខាងមុខវាដោយសំកាំងខ្លួនឆ្វេងស្តាំ។
តែនៅថ្ងៃមួយមានការឈឺចាប់កើតឡើង។ ការឈឺចាប់នោះធ្វើឲ្យជីវិតដ៏ស្ងប់ស្ងាត់របស់វារលាយបាត់និង បន្សល់ទុកតែក្តីឈឺចាប់តែប៉ុណ្ណោះ។ តែវាដឹងពីហេតុនៃការឈឺចាប់នេះរហ័សដែរ។ វាគឺខ្សាច់។ គ្រាប់ខ្សាច់មួយចូលទៅក្នុងខ្លួនរបស់វាដែលបង្កភាពឈឺចាប់នេះ។
ថ្ងៃមួយវាគិតពីវិធីយកគ្រាប់ខ្សាច់នោះចេញ។ វាដឹងថាការសួរសំនួរដូចជា «ហេតុអ្វីបញ្ហានេះធ្លាក់មកលើខ្ញុំ? តើវាកើតឡើងដោយរបៀបណា?»គឺគ្មានប្រយោជន៍អ្វីនោះទេ។ រឿងដែលល្អបំផុតគឺត្រូវព្យាយាមរស់នៅជាមួយវាទើបប្រសើរ។
ក្រោយពីបានសំរេចចិត្តធ្វើបែបនោះ ការឈឺចាប់របស់វាមិនរលាយបាត់ទេតែបានកាត់បន្ថយខ្លះ។ ភាពលំបាកអាចនឹងខ្លាំងឡើងគ្រប់ពេល ប្រសិនបើគ្រំត្អួញត្អែរចង់ស្ថិតនៅក្នុងកម្រិតដែលវាអាចទ្រាំបាននោះ។ អស់ពេលជាច្រើនខែ ឆ្នាំមកបានកន្លងផុតទៅ។ គួរឲ្យភ្ញាក់ផ្អើលមែនទែន ការឈឺចាប់របស់វាស្ទើរតែបាត់ ទៅអស់ នៅសល់តែគ្រំដែលអ្នកទាំងអស់ចូលចិត្តទស្សនា។
ដោយសារតែគ្រាប់ខ្សាច់មួយគ្រាប់ដែលចូលទៅក្នុងគ្រំធ្វើឲ្យវាមានការឈឺចាប់អស់រយៈពេលយ៉ាងយូរ ពេលនេះបានប្រែទៅជាគ្រាប់គុជមួយគ្រាប់ដោយសារតែការអត់ធន់នឹងការឈឺចាប់របស់គ្រំ។ អ្នកសមុទ្រផ្សេងៗទៀតបានធ្វើដំណើរ ទៅមកដើម្បីគយគន់ភាពស្រស់ស្អាតរបស់គុជនោះពេលវាបើកសំបក។
ពួកគេមិនអាចសន្និដ្ឋានសម្រេចលើអ្វីមួយបានឡើយ។ ពួកគេមានការងឿងឆ្ងល់ថាតើគុជជាអ្នកធ្វើឲ្យគ្រំនោះស្រស់ស្អាត ឬគ្រំទៅវិញទេដែលមានជំហរជានិមិត្តរូបតំណាងឲ្យភាពអត់ធ្មត់ និងភាពនឹងនបង្ហាញឲ្យគុជនោះមានភាពស្រស់ស្អាត។ តើអ្នកគិតយ៉ាងណា?
គ្មានភាពលំអៀងឬទុក្ខវេទនាណាដែលខ្ញុំមិនដែលឃើញនោះទេ
វីរជនដែលមានបុព្វហេតុនឹងមិនចុះចាញ់នៅនឹងសេចក្តីលំបាកទេ។ ឥរិយាបទនេះបង្ហាញពី ការគោរព ភាពស្មោះត្រង់ និងសេចក្តីជ្រះថ្លារបស់គេចំពោះបុព្វហេតុរបស់គេ។ មុនពេលសាសនវិទូ Sayyid Qutb ត្រូវបានកាត់ទោស គេបានស្នើសុំឲ្យគាត់សុំទោសទៅកាន់ប្រធានាធិបតីអេស៊ីប Nasser ថាគាត់ពិតជាខុសមែន គេអាចនឹងលើកលែងទោះឲ្យគាត់បាន។ Sayyid Qutb និយាយថា៖ «បើសិនការកាត់ទោសប្រហារជីវិតនេះគឺជារឿងយុត្តិធម៌ ខ្ញុំព្រមទទួលយក។ តែបើវាមិនពិតទេ ខ្ញុំនឹងមិនអោនចុះ ហើយសុំទោសទៅនឹងរឿងកុហកឡើយ»។ នេះបង្ហាញថាគេជាមនុស្សមានហេតុផល។
សាសនិកដែលអង់អាច បម្រើបុព្វហេតុរបស់គេ ក្នុងក្តីវេទនា និងលំបាក។ ដោយសារតែទស្សនៈរបស់គាត់ សាសនវិទូ Ahmad ibn Hanbal ត្រូវបានកាត់ទោសឲ្យជាប់ គុកអស់រយៈពេល ២៨ ឆ្នាំ។ គាត់បាននិយាយថា៖ «ខ្ញុំបានសុំការសង្គ្រោះពីអល់ឡោះសម្រាប់អ្នកដែលទាញខ្ញុំ ចេញពីផ្លូវរបស់លោក»។ គាត់បានសរសេរសៀវភៅដ៏អស្ចារ្យឈ្មោះ Al-musnad កាលគាត់នៅក្នុងគុក។
Imam as-Sarakhsi ជាសាសនវិទូក្រោមឥទ្ធិពលទស្សនៈ Hanafi ត្រូវបានគេឃុំឃាំងក្នុងអណ្តូងងងឹតមួយ។ គាត់បានបង្រៀនសិស្សដែលមករៀននៅមាត់អណ្តូង ពីបាតអណ្តូងមក។ គាត់បានសរសេរសៀវភៅ ៣០ជំពូក ដែលមានឈ្មោះថា Kitab al-Mabsut នៅក្នុងអណ្តូងនោះ។
ដោយមានជីវិត និងស្ថានភាពផ្លូវចិត្តមិនអាចនឹងរង្គោះរង្គើបាន Bediüzzaman បានផ្តល់គំរូល្អបំផុតទៅនឹងសំនួរមួយថា «តើមនុស្សដែលមានបុព្វហេតុគួរមាន សភាពយ៉ាងដូចម្តេច?» បន្ទាប់មកគាត់បរិយាយពីសេចក្តីឈឺចាប់ និងទុក្ខវេទនាដែលគាត់បានជួបប្រទះ។
«គ្មានការឈឺចាប់ណាដែលខ្ញុំមិនធ្លាប់ជួបហើយគ្មានទារុណ្ឌកម្មណាខ្ញុំមិនដែលឆ្លងកាត់ទេ។ ខ្ញុំស្ថិតក្រោយតុលាការយោធាប្រៀបដូចខ្ញុំជាឃាតករមួយរូប។ ខ្ញុំត្រូវបាននិរទេសពីទីមួយទៅមួយទៀតដូចជាជនអាណាថា។ ខ្ញុំត្រូវបានគេផ្តាច់ទំនាក់ទំនងអស់ពេលជាច្រើនខែនៅក្នុង គុក។ ខ្ញុំត្រូវបានគេបំពុលជាច្រើនដង និងចំអកមើលងាយរាប់មិនអស់។
ធម្មជាតិរបស់ខ្ញុំគឺមិនទ្រាំទ្រនឹងការអាម៉ាស់ និងការជេរប្រមាថឡើយ។ ឥស្លាមបានលើកទឹកចិត្ត និងមិនអនុញ្ញាតឲ្យខ្ញុំធ្លាក់ចូលក្នុងស្ថានភាពបែបនេះ។ ពេលប្រឈមនឹងឧបត្ដិហេតុទាំងអស់នេះ ខ្ញុំនឹងមិនមើលងាយខ្លួនឯងទេ មិនថាត្រូវដោះស្រាយជាមួយនរណាក៏ដោយ មិនថាជាមនុស្សឃោរឃៅបំផុត ឬជាមេទ័ពដែលសាហាវបំផុតនោះឡើយ។ គេអាចដាក់ខ្ញុំក្នុងគុកងងឹត ឬអាចយកខ្ញុំទៅកន្លែងប្រហារជីវិត។ តែនេះមិនសំខាន់ទេ។ តាមពិត វាបានកើតឡើងរួចទៅហើយ។ ខ្ញុំបានជួបរឿងទាំងនេះអស់ហើយ។ បើមេទ័ពនោះ អាចបន្តភាពឃោរឃៅតែបន្តិចទៀត នោះខ្ញុំនឹងស្លាប់ដូចជាអ្នកស្អាតស្អំជាច្រើនទៀតបាត់ហើយ។
ជីវិតខ្ញុំពេញដោយរឿងទុក្ខវេទនា និង អកុសល្យ។ ខ្ញុំបានលះបង់វិញាណរបស់ខ្ញុំ ជីវិតលោកិយរបស់ខ្ញុំ ទៅលើផ្លូវជំនឿ ភាពសុខសាន្ត និងភាពរឹងមាំក្នុងសង្គម។ ដូច្នេះឲ្យវាកើតឡើងទៅចុះ។ ខ្ញុំមិនដាក់បណ្តាសារពួកគេទេ ព្រោះអរគុណចំពោះរឿងទាំងអស់នេះដែលសៀវភៅ Risale-I nur ត្រូវបានមនុស្ស រាប់ពាន់ឬរាប់លានស្គាល់។ ខ្ញុំមិនបានដឹងចំនួនពិតប្រាកដទេ តែនេះជាអ្វីដែលគេនិយាយ។ ព្រះរាជអាជ្ញាទីក្រុង Afyon និយាយថាប្រាំសែននាក់។ ប្រហែលជាសៀវភៅអាចជួយសង្រ្គោះជំនឿមនុស្សជាច្រើនបាន។
បើខ្ញុំស្លាប់ខ្ញុំជួយបានតែខ្លួនឯងប៉ុណ្ណោះ។ តែបើខ្ញុំនៅរស់ និងទ្រាំរងទុក្ខលំបាកវេទនា ខ្ញុំអាចសង្គ្រោះដល់ជំនឿជាច្រើន។ អរគុណដល់អល់ឡោះច្រើនៗ!!»។
ដូចមានបង្ហាញក្នុងហាឌីសមួយ «អ្នកមានជំនឿប្រៀបដូចជាគ្រាប់ធុញ្ញជាតិមួយ ខ្យល់បក់បោកលើវាឥតឈប់ឈរ។ (វាអង្រួនអ្នកមានជំនឿជាមួយភាពភ័យខ្លាច និងការលំបាក) សភាពមនុស្សលាក់ពុត (Munaafiq) ប្រៀបដូចជាដើមឈើអញ្ចឹង។ វានឹងមិនញាប់ញ័រទេរហូតដល់ពេលមានគេកាត់វា»។
ជំនឿ និងការអត់ធ្មត់ បំភ្លឺភាពភ័យខ្លាច និងការលំបាក។ អ្នកជឿលើអល់ឡោះ ហើយសុំការជ្រកកោនពីលោកនឹងឃើញការលំបាកថាជាធាតុចាំបាច់ក្នុងផ្លូវនេះ។
នៅក្នុងគុកគេបានវាយសិស្សដែលរៀនសៀវភៅ Risale-I Nur រហូតដល់សន្លប់។ ពេលគេដឹងខ្លួនមកវិញគេក៏អធិដ្ឋានថា «ឱ អល់ឡោះ ដោយសារពួកគេមិនដឹង ដូច្នេះសូមលើកលែងឲ្យពួកគេផងចុះ» ។ មិនខុសពីព្យាការីនោះទេ ពេលគាត់ជួបនូវរឿងរ៉ាវបែបនេះគាត់ក៏និយាយថា៖ «ឱ អល់ឡោះ ដោយសារពួកគេមិនដឹង ដូច្នេះសូមសង្រ្គោះពួកគេផងចុះ» ។
នៅពេលមនុស្សដែលមានទុក្ខព្រួយដោយប្រឈមនឹងការលំបាក និងភាពភ័យខ្លាចក្នុងលោកនេះឃើញពីផ្លែផ្កាដែលគេផ្តល់ឲ្យមកវិញនៅឋានសួគ៌ គេនឹងនិយាយថា៖ «មិនដឹងជាល្អយ៉ាងណាទេ ប្រសិនបើទុក្ខព្រួយ និងបញ្ហាកើតឡើងច្រើនជាងនេះនោះ»
អ្នកដែលមានបញ្ហា
ចំនុចសកម្មភាពរបស់មនុស្សដែលលះបង់ជីវិតរបស់គេក្នុងបុព្វហេតុមួយគឺជាឧត្តមគតិរបស់គេ។ គេរៀបចំជីវិតរបស់គេទៅតាមឧត្តមគតិគេ តម្រែតម្រង់ចិត្តគំនិត និងអារម្មណ៍របស់គេឲ្យស្របទៅនឹងឧត្តមគតិគេ ហើយបំពាក់ឆន្ទៈ និងបំណងប្រាថ្នារបស់គេទៅនឹងការគ្រោងនេះ។ ជីវិតដែលគេកំពុងតែដឹកនាំមិនមែនជាជីវិតរបស់គេនោះទេ តែវាជាជីវិតដែលទាមទាrដោយឧត្តមគតិរបស់គេ។ ក្នុងភាសាយើងតែងហៅវាថា ឧត្ដគតិបុគ្គល ក្នុងន័យមឺុងម៉ាត់ជាងនេះគឺ«អ្នកមានបុព្វហេតុ»ហើយក្នុងន័យស្មោះត្រង់ជាងនេះគឺ «អ្នកដែលមានបញ្ហា»។
មានមនុស្សជាច្រើនដើរតាមបុព្វហេតុ។ តែមានតែប៉ុន្មាននាក់ទេដែលយកជីវិតរបស់ គេដាក់លើអ័ក្សនៃឧត្តមគតិនេះ។ ប្រហែលដូចអ្វីដែលគេហៅក្នុងវចនានុក្រម ដែលស័ក្កសមសំរាប់មនុស្សទាំងនោះគឺ «អ្នកដើរតាមគេ» ។
ភាពខុសគ្នារវាងអ្នកមានបុព្វហេតុ និងអ្នកដើរតាមគឺ អ្នកមានបុព្វហេតុធ្វើកិច្ចការ (ប្រចាំថ្ងៃ និង លោកិយ)របស់គេនៅពេលទំនេរ(សកម្មភាពរបស់គេសុទ្ធតែឋិតលើបុព្វហេតុ)ចំណែកឯអ្នកដើរតាមចាត់ទុកបុព្វហេតុជាវិធី «វាយតម្លៃពេលទំនេរ និងជាចំណង់ចំណូលចិត្ត»។ ហេតុផលសំរាប់វត្តមានរបស់វាគឺ ព្យាការីបាននិយាយថា «ទោះបីជាគេដាក់ព្រះអាទិត្យនៅដៃខាងស្តាំ និងព្រះចន្ទនៅដៃខាងឆ្វេង ក៏ខ្ញុំមិនលះបង់បុព្វហេតុនេះដែរ»។ ពាក្យរបស់គាត់បង្ហាញយ៉ាងច្បាស់ថាបុព្វហេតុសំខាន់ជាងអ្វីៗទាំងអស់លើលោក។
ខណៈមនុស្សល្បីឈ្មោះម្នាក់ដែលបានសិក្សា និងរងឥទ្ធិពលពីអ្នកមានវិបត្តិធ្ងន់ធ្ងរបាននិយាយក្នុងដង្ហើមចុងក្រោយរបស់គាត់ថា «គ្មានបុព្វហេតុណាដែលធំជាងបុព្វហេតុនៃជំនឿទេ ហើយគ្មានកិត្តិយសណាធំជាង កិត្តយសនៃការស្លាប់ដើម្បីបុព្វហេតុនោះដែរ ប្រសិនបើមានឱកាសម្តងទៀត» ។ គាត់ក៏បានក្លាយជាមនុស្សនិយាយតំណាងឲ្យប្រលឹងមានវិបត្តិដែលធ្វើពលីកម្មនៅនាទីចុងក្រោយ។
ជាមួយអំណះអំណាងថា«ប្រសិនបើខ្ញុំឃើញថាជំនឿនៃប្រជាជាតិខ្ញុំមានសុវត្ថិភាពហើយនោះ ខ្ញុំហ៊ានបូជាខ្លួនក្នុងភ្លើងរនក ព្រោះខណៈដែលខ្លួនរបស់ខ្ញុំកំពុងឆេះ បេះដូងខ្ញុំនឹងក្លាយទៅជាផ្កាកុលាបក្នុងសួនច្បារ»។ អ្នកមានវិបត្តិចុងក្រោយ ដែលឋិតក្នុងចង្វាក់នៃឧត្ដមគតិដូចគ្នាបន្តមកដល់បច្ចុប្បន្នបានបង្ហាញនូវអ្វីជាប្រភេទសភាពផ្លូវចិត្តដែលអ្នកមានវិបត្តិគួរមាន។
មនុស្សដែលមានសំណាងម្នាក់ក្នុងចំណោមមិត្តរបស់គេបានសង្កត់ធ្ងន់ថា បុគ្គលមានឧត្តមគតិមួយរូបអាចក្លាយជា «មនុស្សប្រោះបុព្វហេតុខ្លួន» បានដោយត្រឹមតែនិយាយថា «ត្រចៀករបស់ខ្ញុំពេញហើយតែភ្នែករបស់ខ្ញុំទើបតែចាប់ផ្តើមឃ្លាន»។ ពាក្យទាំងនេះ សម្តែងការពិតអំពីកិច្ចការនេះទៅដល់មនុស្សដែលអះអាងថាខ្លួនជាអ្នកមានបុព្វហេតុ។ បើមិនដូច្នេះទេ វានឹងពិបាកណាស់ក្នុងការទៅដល់គោលដៅ និងសម្រេចគោលបំណង់ រឺវាយឲ្យចំទិសដៅក្នុងនាមជាអ្នកដើរតាមម្នាក់។ សំរាប់ «មនុស្សដែលមិនរស់នៅតាមអ្វីដែលគេជឿ នឹងចាប់ផ្តើមជឿទៅតាមអ្វីដែលគេរស់»។
សេចក្តីអំណត់និងការព្យាយាមជាដំណោះស្រាយទៅកាន់ជោគជ័យក្នុងការសាកល្បង
អ្នកមានជំនឿត្រូវទទួលការសាកល្បងជាបន្តបន្ទាប់ក្នុងជីវិតរបស់គេ។ រូបមន្តសំរាប់ភាពជោគជ័យគឺផ្សំឡើងដោយសេចក្តីអំណត់ និងការព្យាយាម។ ក្នុងគម្ពីរ៖
«ឱអ្នកដែលបានជឿ! ចូរអ្នកអត់ធ្មត់ ព្យាយាមអំណត់ តស៊ូ រឹងប៉ឹង និងគោរពកោតខ្លាចអល់ឡោះ ដើម្បីឱ្យអ្នកទទួលជោគជ័យ (Al Imran 3:200)»
ការតាំងចិត្តណាដែលមិនជួបសេចក្តីលំបាកឬគ្មានការអត់ធ្មត់នឹងទុក្ខសោក មិនមែនជាបុព្វហេតុទេ។ អ្វីដែលរក្សាការតាំងចិត្តឲ្យក្លាយទៅជាបុព្វហេតុនោះគឺជាក្តីលំបាក និងក្តីទុក្ខវេទនា។ តែអ្នកមានជំនឿប្រឈមមុខនឹងក្តីលំបាក ដោយមានសេចក្តីអំណត់។ គេមិនភិតភ័យទេ គេជាមនុស្សដែលត្រៀមខ្លួនសំរាប់ការលំបាកស្រាប់ទៅហើយ។ គេដឹងថាការប្រឈមនឹងវិបត្តិជាគោលដៅរបស់គាត់ដូចដែល Yunus បាននិយាយ មនុស្សម្នាក់ចេញពីដំណាក់កាលមួយទៅដំណាក់កាលមួយ៖
ផ្លូវនេះពោរពេញដោយអន្ទាក់៖ វាវែង គងលើគ្នា
ឧបសគ្គលើផ្លូវមិនទុកចន្លោះ ហើយផ្លូវនាំទៅទឹកជ្រៅ។
អ្នកដែលមានបុព្វហេតុភ្ជាប់ខ្លួនទៅនឹងបុព្វហេតុគេដោយសេចក្តីស្រលាញ់។ គេបង្ហាញពីសេចក្តី ស្មោះត្រង់ដោយទ្រាំទ្រនឹងទណ្ឌកម្មចំពោះអ្វីដែលគេស្រលាញ់។ គេទទួលយកអ្វីគ្រប់យ៉ាងដែលអល់ឡោះផ្តល់ឲ្យគេហើយនិយាយថា៖
ប្រសិនបើភាពតឹងរឹងទទួលពីអល់ឡោះដ៏ខ្ពងខ្ពស់
ឬភាពសប្បុរសចេញមកពីក្តីអនុគ្រោះរបស់លោក
ទាំងពីរគឺជាសេចក្តីរីករាយសម្រាប់ប្រលឹង
ទាំងពរជ័យនិងកំហឹងរបស់លោកគឺល្អទាំងអស់
ព្យាការីបាននិយាយថា៖ «មានខ្ទមខ្លះនៅក្នុងឋានសួគ៌មិនមានអ្វីព្យួរពីលើឬទប់វាពីក្រោមទេ»
សិស្សរបស់ព្យាការីម្នាក់បានសួរថា «ឱព្យាការី! តើម្ចាស់វាចូលទៅក្នុងខ្ទមតាមណាទៅ?»
គាត់តបទៅវិញថា៖ «ពួកគេចូលទៅក្នុងខ្ទមរបស់ខ្លួនដូចជាសត្វបក្សីដែរ»
គេក៏សួរទៀតថា៖ «ឱព្យាការី! តើខ្ទមនោះជារបស់នរណា?»
គាត់ឆ្លើយថា៖ «វាជារបស់អ្នកដែលទទួលរងនូវជំងឺ ការឈឺចាប់ និង ទុក្ខវេទនា តែបង្ហាញភាពអត់ធ្មត់លើផ្ទៃមុខរបស់គេ»។
Imam Azam Abu Hanifa ត្រូវបានគេជ្រើសតាំងឲ្យធ្វើជាអ្នកកាត់ក្តី។ ពេលដែលគាត់មិនព្រមទទួល យកវា គេធ្វើបាបគាត់។ ម្តាយគាត់និយាយថា «ឱ កូនប្រុស! ចំណេះដឹងមិនបាន ផ្តល់អ្វីឲ្យកូនក្រៅពី បញ្ហានិងភាពលំបាកទេ»។ គាត់និយាយទៅវិញថា «សូមអ្នកម្តាយកុំខូចចិត្តធ្វើអ្វី! គេចង់ឲ្យពិភពលោកនេះមកខ្ញុំ តែអ្វីដែលខ្ញុំចង់បានគឺពិភពខាងមុខមិនមែនពិភពលោកនេះទេ។ យកល្អខ្ញុំសុខចិត្តទទួលយកទារុណកម្មពេលនេះចុះ ប្រសើរជាងទទួលកំហឹងពីអល់ឡោះនៅលោកខាងមុខ »។ គាត់ទទួលយកវាដើម្បីសេចក្តីសុខសប្បាយនៅបរលោក។
តើមេរៀនអ្វីត្រូវបានបង្រៀននៅឯកិច្ចពិភាក្សាតុកាហ្វេ?
បុគ្គលម្នាក់មានសេចក្តីអាណិតអាសូរ និងអំណត់ដល់កម្រិតនៃជំនឿរបស់គេ។ មនុស្សដែលមានជំនឿនេះហើយ នឹងមានតម្លៃជាងរបស់ផ្សេងៗដែលនៅចន្លោះថ្ងៃលិច និងថ្ងៃរះ។ អ្នកដែលអល់ឡោះយកជាមិត្តនឹងជួបប្រទះការសាកល្បងជាច្រើនក្នុងដំណើរជីវិត ជាអាថ៌កំបាំងដែលគេត្រូវក្តាប់វាឲ្យជាប់។
បន្ទាប់ពីលោក Fethullah Gülen ចាប់ផ្តើមធ្វើការបង្រៀន ដំបូងមនុស្សចូលពេញវិហារ ក្រោយមកទៀតពេញទីធ្លាខាងក្រៅ ហើយបន្ទាប់មកទៀតប្រមូលផ្តុំពេញដងផ្លូវតែម្តង។ តែគាត់មើលទៅមិនសូវពេញចិត្តប៉ុន្មានទេ។ គាត់គិតទៅ លើយុវជនទៅវិញ៖ «តើពួកយុវជននៅឯណា?» «ដោយសារតែពួកគេមិនមកវិហារ យើងគួរទៅរកពួកគេវិញ»។ ពេលដែលគាត់សម្រេចចិត្តធ្វើការបង្កើតកិច្ចពិភាក្សាតុកាហ្វ យើងទាំងអស់គ្នាបានប្រកែកជំទាស់។ តែគាត់មិនផ្លាស់ប្តូរចិត្តទេ។ កិច្ចពិភាក្សាតុកាហ្វដំបូងធ្វើឡើងនៅ ហាងកាហ្វេមួយក្នុងស្ថានីយ Mersinli នៅខេត្ត Izmir។
នៅទីនោះមានរូបភាពរបស់ Mao និង Lenin។ អ្នកទាំងអស់កំពុងលេងឡុកឡាក់ និងបៀរ។ អ្នកខ្លះបាន សួរថា «តើគាត់មកពីណា?» បន្ទាប់មកមានគេនិយាយថា «មើលម្នាក់នេះ! បំបិតមាត់គេទៅ!» និងការជេរ ប្រមាថផ្សេងៗទៀតកើតជាបន្តបន្ទាប់។ គេក៏បានគប់ដបតម្រង់ទៅគាត់ដែរ។ តែគាត់នៅតែបន្តនិយាយ ដោយមិនខ្វល់ឡើយ។
ការនិយាយរបស់គាត់បញ្ចប់ទៅក្នុងរយៈពេលបីម៉ោងកន្លះ។ មួយម៉ោងដំបូងមិនខ្វល់ពីការជេរប្រមាថ។ ក្រោយមកគេក៏ចាប់ផ្តើមសួរសំនួរគាត់។ បន្តិចម្តងៗមនុស្សនៅទីនោះចាប់ផ្តើមចាប់អារម្មណ៍។ អ្នកសំភារៈនិយមបានសួរសំនួរបន្តបន្ទាប់គ្នាថា «តើរវាងរូបធាតុឬវិញ្ញាណមួយណាត្រូវបានបង្កើតមកមុន?» គេយកចិត្តទុកដាក់លើសំនួរណាស់ហើយក៏បាន ផ្តល់ចម្លើយដ៏គាប់ចិត្តអ្នកស្តាប់នោះដែរ។ សំនួរថ្មីក៏មានមកជាបន្តបន្ទាប់។ ពួកគេភាគច្រើនស្តាប់ទាំងនៅឈរ។
ការជជែកនេះប្រព្រឹត្តឡើងនៅឆ្នាំ ១៩៦៨។ ចំនួនសរុបនៃកិច្ចពិភាក្សាតុកាហ្វេរបស់គាត់គឺ ២៨ ដង។ ប៉ុន្មានឆ្នាំកន្លងផុតទៅ។ ថ្ងៃមួយអ្នកដែលអង្គុយនៅទីធ្លាវិហារក៏បានសម្រេចចិត្តណែនាំខ្លួនឯងជាទំលាប់។ មនុស្សគ្រប់គ្នាថាទាំងពីមុខ និងក្រោយឈ្មោះរបស់គេ «មកពីហាងកាហ្វេនេះនោះ»។
ក្នុងប្រយោគនេះត្រូវបានដកស្រង់ចេញពីអត្ថបទមួយមានចំណងជើងថា «កិច្ចពិភាក្សាតុកាហ្វេ» ដែលបានឆ្លងកាត់តម្លៃប្រវត្តិសាស្ត្រសំខាន់ៗ ក្នុងនាមទស្សនៈវិទ្យា និងចិត្តវិជ្ជារបស់មនុស្ស។ ព្រឹត្តិការណ៍ខាងលើបង្ហាញថាជំនឿ និងភាពអំណត់ មិនអាចបំបែកចេញពីគ្នាបានឡើយក្នុងឥរិយាបទរបស់លោក Gülen។ យើងនឹងត្រូវបានសាកល្បង ហើយយើងនឹងបង្ហាញពីភាពអំណត់ឲ្យទៅដល់កំរិតនៃជំនឿរបស់យើង។
លក្ខខណ្ឌពីរសម្រាប់ភាពជោគជ័យ៖ ការតស៊ូព្យាយាម និងការចងចាំអល់ឡោះ
អល់ឡោះនិយាយថា «ឱអ្នកដែលមានជំនឿ! កាលណាអ្នកបានប្រទះនឹងក្រុមទ័ពខ្មាំងមួយ ចូរពួកអ្នកតាំងស្មារតីឱ្យរឹងមាំ ហើយចូរអ្នករំលឹក និងពោលទៅកាន់អល់ឡោះឱ្យច្រើនដើម្បីអ្នកនឹងសំរេចបានជោគជ័យ (8:45)»
យើងឃើញហើយថាពាក្យ« ការព្យាយាម» និង«ការរំលឹកអល់ឡោះ»គឺត្រូវបានប្រើជាមួយគ្នា។
ការព្យាយាមមិនមែនជាការអំណត់ទេ។ ទោះបីយើងប្រើពាក្យពីរនេះជាមួយគ្នាក្នុងន័យស្មើគ្នា តែតាមពិត ការព្យាយាម មានន័យផ្សេងពីអំណត់។ អំណត់គឺការបន្តធ្វើអ្វីមួយដល់ទីបញ្ចប់មិនមានការផ្អាក់ឬលះបង់។ ឧទាហរណ៍ វាត្រូវបានប្រើសម្រាប់ការអត់ទ្រាំ និងរក្សាដាស់សតិចំពោះការគោរពបូជា អំពើបាប និងទុក្ខភ័យ។
ពាក្យថាព្យាយាមមានន័យថាជាការប្តេជ្ញា មានជំហររឹងមាំចំពោះសំដីខ្លួនឯង គិតបានល្អិតល្អន់ និងមិនកកូរកកាយអ្វីដែល បានសម្រេចរួចហើយ។ ការព្យាយាមជាគោលការណ៍សំខាន់មួយ និងជាប្រភពថាមពលសម្រាប់គុណធម៌។ អ្នកដែលមានការព្យាយាមគិតយ៉ាងច្បាស់មុនពេលគេធ្វើសកម្មភាព ថ្លឹងថ្លែងគុណសម្បត្តិ និងគុណវិបត្តិនៃបញ្ហា ធ្វើការសម្រេចសមស្រប និងមិនដើរថយក្រោយទេ។ វាគឺជាកម្លាំងចិត្តរបស់មនុស្ស ហើយគ្មានសេចក្តីរីករាយ ក្តីទុក្ខសោក ប្រយោជន៍ផ្ទាល់ខ្លួន ឬ ភាពភ័យក្លាយណាអាចយកឈ្នះមនុស្ស បែបនេះបានទេ។
ក្នុងឃ្លាចុងក្រោយនោះនិយាយ «នឹកឃើញដល់អល់ឡោះឲ្យបានញឹកញាប់»។ Dhikr មានន័យថាបុគ្គលដែលកំពុងនឹកឃើញអល់ឡោះ។ ក្នុងកាលៈទេសៈមានការតស៊ូស្លាប់រស់ក្នុងជីវិត និងក្នុងពេលដ៏លំបាកបំផុតនោះ អល់ឡោះនឹងផ្តល់ភាពជោគជ័យដល់មនុស្សនោះមិនយូរមិន ឆាប់ដរាបណាចិត្តរបស់គេពេញទៅដោយអល់ឡោះ។ អ្នកដែលមានសមត្ថភាពពោលពាក្យថា(អល់ឡោះ) និងរំលឹកដល់អល់ឡោះក្នុងពេលគ្រោះថ្នាក់ និងក្នុងពេលជួបការលំបាក នឹងនឹកឃើញអល់ឡោះតិចតួចបំផុតក្នុងពេលសុខសប្បាយ។ ដូចនេះ ការរំលឹកដល់ អល់ឡោះមិនចាំតែក្នុងពេលមានបញ្ហានោះទេ តែត្រូវធ្វើឲ្យវាក្លាយជាទំហំមួយនៃលក្ខណៈរបស់យើង ហើយត្រូវធ្វើខ្លួនឲ្យឋិតក្នុងបរិយាកាសចងចាំអល់ឡោះជានិច្ច។
ហើយឃ្លាសង្ខេបចុងក្រោយមានទម្រង់ថា «សង្ឃឹមថាអ្នកនឹងបានជោគជ័យ»។ នេះមានន័យថាស្ថានភាពជោគជ័យលើផែនការប្រកបដោយបុព្វហេតុគឺត្រូវបង្កើតឲ្យមាននូវសេចក្តីព្យាយាមព្រមទាំង Dhikr ជាទំហំមួយនៃលក្ខណៈរបស់យើង។
មានការតស៊ូព្យាយាម មានភាពស្ថិតស្ថេរយ៉ាងពិតប្រាកដ
- ទោះបីជាវាមានសារៈសំខាន់ក្នុងការស្វែងរកការពិត និងលះបង់ខ្លួនចំពោះការពិតក៏ដោយ តែវាក៏រឹតតែសំខាន់ថែមទៀតពេលដែលយើងរកឃើញការពិតហើយ ត្រូវបង្ហាញភាពស្មោះត្រង់ និងការតស៊ូព្យាយាមក្នុងផ្លូវពិត។ នេះជាគឺជាធាតុសំខាន់មួយដែលត្រូវយកមកពិចារណាដោយប្រុងប្រយ័ត្ន។ វិញ្ញាណដែលត្រូវបានបំភ្លឺដោយការពិតហើយ មិនងាយផ្លាស់ប្តូរចេញពីផ្លូវ និងទិសដៅរបស់គេនោះទេ។ នឹងមានចំពោះពួក អ្នកដែលតែងតែផ្លាស់ប្តូរវត្ថុសំរាប់ជាសក្ការៈបូជារបស់ខ្លួន ពួកគេជាមនុស្សដែលមានភ័ព្វសំណាងមិនល្អ ជាអ្នកដែលមិនទាន់បានរកឃើញការពិត នោះឬមិនទាន់រកឃើញសារៈសំខាន់របស់វា។
- មនុស្សមានសំណាងគឺជាមនុស្សដែលឋិតលើច្រាំងនៃការពិតជាមួយឆន្ទៈដ៏អស្ចារ្យ និងអ្នកដែលបានរំលាយនូវរលកសមុទ្រក្នុងចិត្ត ហើយជាមនុស្សដែលគេតែងស្គាល់ដោយនិយាយពាក្យថា «តើមានទៀតទេ?» នេះជាពាក្យបញ្ចប់ការរុករករបស់គេ និងរកឃើញអ្វីដែលគេត្រូវគោរពបូជា ហើយបានបោះទីតាំងឲ្យវិញ្ញាណនោះ។ នឹងមានចំពោះពួក អ្នកដែលឃ្លីងឃ្លោងទៅមុខទៅក្រោយ ពួកគេជាមនុស្សគ្មានរបៀបដែលមិនដឹងពីវិធីរាវរក ឬមិនអាចកាត់សេចក្តីបានថានរណាជាអ្នកធ្វើឲ្យការរាវរក និងការស្វែងរកមានភាពច្របូកច្របល់។ មានតែអ្នកដែលព្យាយាមរកទេដែលអាចរកឃើញ អ្នកដែលរកឃើញនឹងនៅមួយកន្លែង អ្នកដែលសុញគំនិតដែលគិតតែពីថាខ្លួនបានរកឃើញ នឹងវិលតែមួយចំណុចទេ ក្នុងមួយជីវិតរបស់គេ។
- អ្នកដែលរត់គេចខ្លួនពីជួរមុខបានកាត់ទោសខ្លួនឯងរួចទៅហើយក្នុងចិត្តគំនិតរបស់ខ្លួនឯង បន្ទាប់មកក្នុងប្រវតិ្តសាស្ត្រ ហើយក្រោយមកចំពោះអ្នកជំនាន់ក្រោយៗទៀត។ ពួកគេត្រូវបានគេចាត់ទុកថាមានភាពរឹងរូសខ្លាំងនឹងគោលបំណងខ្លួនឯង។ រាល់បុព្វហេតុដ៏ខ្ពង់ខ្ពស់ដោយជំហរនឹងនរ ការពារជួរខាងមុខគឺជាសញ្ញាណមួយនៃភាពក្លាហាន។ ខ្ញុំបម្រើអាត្មានិយមដែលរេទៅតាមខ្យល់ ឲ្យតែបុព្វហេតុនោះមិនប៉ះពាល់ដល់ផលប្រយោជន៍ របស់ពួកគេ ពួកគេមិនប្រកាន់ថាអ្វីជាអ្វីទេ។ តែសម្រាប់មនុស្សពិតដែលយល់ពីការពិតពិតប្រាកដ ផលប្រយោជន៍លែងជាអ្វីដែលចងជើងគេ សេចក្តីភ័យខ្លាចមិនអាចបញ្ឈប់គេបាន ចំនែកឯការស្រឡាញ់មួយឆាវក៏មិនអាចរារាំងគេបានដែរ។ គេអាចយកឈ្នះអ្វីៗបានទាំងអស់។
- មិនខុសអ្វីពីអ្នកដែលផ្លាស់ប្តូរគំនិត និងកន្លែងរបស់ខ្លួនជារឿយៗក្នុងចំណោមមនុស្សដែលលះបង់ចំពោះការងារនោះទេ វាអង្រួនអារម្មណ៍ទុកចិត្ត និងភាពជឿជាក់របស់អ្នកដទៃចំពោះគេ គេបានបំផ្លាញក្តីសង្ឃឹមរបស់មិត្តគេដែលមានបុព្វហេតុ។ មិនខុសអ្វីពីការរអិលចេញពីជួររបស់បុគ្គលម្នាក់នៃក្រុមមួយដើរក្នុងការឯកភាពគ្នាដោយក្តីស្រឡាញ់ ហើយសេចក្តីសរសើរបំផ្លាញនូវចង្វាក់នៃចលនារបស់ក្រុម និងបង្កភាពច្របូកច្របល់។ អ្នកដែលរបេះចេញពីក្រុមមានឧត្តមគតិ លោតដាក់គ្នាធ្វើឲ្យមានភាពភ្ញាក់ផ្អើល បាក់ទឹកចិត្ត និងដាក់បណ្តាសាទៅកាន់មិត្តរួមក្រុម និងធ្វើឲ្យសត្រូវរីករាយ។
- អ្នកដែលមិនគោរពតាមពាក្យសច្ចៈរបស់ខ្លួន ហើយឋិតក្នុងភាពរុញរានឹងត្រូវធ្វើឲ្យអ្នកដទៃលែងជឿលើគេ ហើយគេនឹងរងឥទ្ធិពលពីអ្នកដទៃបន្តិចម្តងៗ។ ដោយបាត់បង់ចរិកលក្ខណៈទាំងស្រុងទៅតាមពេលវេលា វិញ្ញាណដែលគាំងនេះគេនឹងក្លាយទៅជាកត្តាអាក្រក់ចំពោះទាំងខ្លួនគេនឹងអ្នករួមក្រុម តែមួយផងដែរ។
តើយុវជនសម័យឥលូវត្រូវអំណត់នឹងអ្វីជាងគេ?
បើអ្នកមានជំនឿម្នាក់ទទួលយកកិត្តិយសបម្រើឥស្លាម រស់នៅប្រកបដោយគុណធម៌នៃជំនឿ ហើយធ្វើជាគំរូបាននោះ គេប្រៀបដូចជាអ្នកដែលមកពីសម័យកាលនៃសុភមង្គលហើយ ។ ដោយយើងយល់ពីព្រឹត្តិការណ៍ថាជាសញ្ញាណមកពីអត្ថន័យរបស់វា រាល់ទង្វើដែលបុគ្គលបែបនេះធ្វើម្តង អល់ឡោះនឹងឲ្យស្មើ ១០ ដងនៃទង្វើរបស់គេ។ ដោយប្រៀបធៀបទៅនឹងជីវិតរស់នៅរបស់ មិត្តរួមជំនឿព្យាការី១០/១០ បើយុវជនសម័យបច្ចុប្បន្នធ្វើបានតែ ១/១០ នៃជីវិតបែបឥស្លាមដែលឈរត្រង់ដូចអ័ក្ស alif ក្នុងស្ថានភាពដែលពោរពេញដោយកត្តាជម្រុញអារម្មណ៍ឈ្លក់នឹងតណ្ហាដូចសត្វរបស់យុវជននេះ ខ្ញុំសង្ឃឹមថាអល់ឡោះនឹងទទួលយកការលះបង់របស់គេប្រៀបដូចជាគេបានធ្វើវា ១០/១០ យ៉ាងដូច្នោះដែរ។
មានកាតព្វកិច្ចជាច្រើនបានធ្លាក់លើយុវជនមូស្លីមក្នុងសតវត្សនេះ។ យើងមិនត្រូវភ្លេចទេថាមានការអំណត់បីប្រភេទដែលក្នុងនោះមានមួយប្រភេទគឺ ការទ្រាំទ្រចំពោះការបះបោរ និងអំពើបាបរបស់មនុស្ស និងត្រូវអំណត់ចំពោះវា។ សេចក្តីអំណត់ដែលមានការពាក់ព័ន្ធច្រើនទៅនឹងមូស្លីមសព្វថ្ងៃគឺ ការរក្សាភាពជាអ្នកមូស្លីមមួយរូបប្រឆាំងនឹងអំពើបាបដែលមករកគេដោយក្រុមមនុស្សជាច្រើន។
សព្វថ្ងៃមានកត្តាជាច្រើនជម្រុញយុវជនរបស់យើងឆ្ពោះទៅរកការប្រព្រឹត្តកាមខុសសីលធម៌ អូសទាញគេឲ្យចេះលួច ហើយថែមទាំងជំរុញគេឲ្យមានចរិកព្រងើយកន្តើយ។ បើទោះជាមានរឿងបែបនោះក៏ដោយ យុវជនរបស់យើងមានភាពអំណត់ និងរស់នៅទៅតាមអ្វីដែលពួកគេគួររស់។ ពួកគេនឹងទទួលតំណែងទៅតាមកំរិតនៃភាពអំណត់របស់គេក្នុងកំរិតមួយដ៏ខ្ពស់។
យុវជននៅសម័យនេះគួររស់នៅទៅតាមគោលការណ៍របស់ឥស្លាម និងព្យាយាមជៀសឲ្យឆ្ងាយពីអំពើបាប និងបរិស្ថានបំពុលដោយអំពើបាបតាមដែលអាចធ្វើទៅបាន។ សង្ឃឹមចំពោះអល់ឡោះចុះ យុវជនបែបនេះនឹងមានតំណែងក្បែរមិត្តរួមជំនឿរបស់ព្យាការីដែរ។
វិញ្ញាណដែលរឹងមាំ និងឆាប់ទទួលអារម្មណ៍
អ្នកមានជំនឿនឹងស្រក់ទឹកភ្នែកពេលអារម្មណ៍ដ៏បរិសុទ្ធដូចជា កោតខ្លាច ក្តីសង្ឃឹម គោរព និងស្រលាញ់ព័ទ្ធជុំវិញព្រលឹងរបស់គេ។ អ្នកដែលលាងមុខគេនឹងទឹកភ្នែកត្រូវបានគេហៅថាជាវីរជននៃបេះដូង។ អ្នកដែលមិនបានស្វែងយល់ឲ្យបានស៊ីជំរៅ ដែលរោមភ្នែកគ្មានសំណើមសោះនោះ អាចហៅបានត្រឹមតែជាមនុស្សអភ័ព្វប៉ុណ្ណោះ។
សព្វថ្ងៃនេះ មានភាពមិនត្រូវគា្នគួរឲ្យកត់សំគាល់កើតមានរវាងសាសនាឥស្លាម ដែលវាគឺជាវិបត្តិមួយ និងជាស្ថានភាពជាក់ស្តែងរបស់យើង។ ហើយតំណែងទូទៅរបស់យើងរាប់បញ្ចូលទាំងរូបភាពដ៏គួរឲ្យស្រងេះស្រងោច។ ទោះបីយើងប្រឈមការសាកល្បងជាច្រើនសារទាំងខាងលោកិយ និងខាងផ្លូវចិត្តក្នុងជីវិតក៏ដោយ មនុស្សមួយចំនួននៅអាចសើចសប្បាយដាក់គ្នាបានដោយគ្មានបានការ។ ផ្អែកលើបញ្ហានេះ នៅពេលដែលផ្នែកមួយនៃសង្គមលែងត្រូវបានគេរវីររវល់ ផ្នែកនោះនឹងឆ្លងទៅផ្នែកផ្សេងទៀតឲ្យស្រែកយំក្នុងទុក្ខវេទនា។ ប្រសិនបើវាជាបេសកកម្មរបស់ខ្ញុំ ហើយបើសិនខ្ញុំអាចធ្វើបាន ខ្ញុំនឹងយំរហូត យំដូចព្យាការី Jacob អញ្ចឹង រហូតដល់ភ្នែកខ្វាក់ ដើម្បីបន្ទន់ចិត្តមនុស្សដែលមិនចេះខ្វល់ទាំងនោះ។
តាមពិតទៅ វាគ្មានអ្វីគួរឲ្យសង្ស័យទេថា បេះដូងមនុស្សចចេះរឹងរូសឃោរឃៅមិនអាចនឹងទន់ចិត្តដោយសារទឹកភ្នែក ឬទឹកទន្លេនៃឋានសួគ៌បានទេ។ មនុស្សបែបនោះជាមនុស្សដែលអភ័ព្វ ពួកគេឃ្លាតឆ្ងាយពីសេចក្តីអនុគ្រោះ និងក្តីមេត្តាធម៌ ពួកគេរស់នៅក្នុងគ្រោះរាំងស្ងួត ទោះបីជាពួកគេត្រូវធ្លាក់ក្នុងមហាសមុទ្រក៏ដោយ។ ចំពោះភាគីម្ខាងទៀត គឺជាមនុស្សដែលទទួលបានសំណើមជានិច្ច ទោះបីជាគេស្ថិតក្នុងលំហអាកាសក៏ដោយ --ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំសំរាប់គេ--មនុស្សដែលមានបេះដូងចចេះរឹងរូស គ្មានថ្ងៃទទួលបានសំណើមទោះបីស្ថិតក្នុងសមុទ្រក៏ដោយ។
សព្វថ្ងៃនេះ មានរឿងច្រើនណាស់ដែលយើងត្រូវយំចំពោះវា ពេលខ្លះខ្ញុំមិនដឹងថាតើត្រូវយំសុំទោសចំពោះរឿងអ្វីនោះទេ។ តើខ្ញុំត្រូវយំសុំទោសចំពោះស៊ុតដែលអាចនឹងបែក កូនមាន់ដែលត្រូវគេជាន់ ខ្យល់ដែលបក់បោកខ្ចាត់ខ្ចាយដំណាំគ្រប់ទីកន្លែង រដូវផ្ការីកដែលមានការខកខាន និងរដូវដែលកន្លងផុតទៅដោយឥតប្រយោជន៍។ ឬខ្ញុំគួរតែយំនៅពេលដែលត្រូវបានក្បត់ដោយអ្នកចែក រំលែកគំនិត និងអារម្មណ៍ជាមួយខ្ញុំ ដូចអ្វីដែលបានកើតឡើងនៅមុខ Vienna បន្ទាប់ពី Girays បានបើកស្ពានឲ្យសត្រូវចូល និងចាក់មួយកាំបិតក្រោយខ្នងរបស់កងទ័ព Ottoman?
អ្នកគឺជាមនុស្សដែលភ្លេចយំចំពោះប្រវត្តិសាស្រ្តហើយ! ចូរមកយំជាមួយគ្នាដើម្បីលើកស្ទួយភាពរីករាយរបស់យើង ឲ្យប្រឈមមុខដោះស្រាយនឹងបញ្ហាដែលទ័លច្រកហើយបញ្ឈប់នូវភាពព្រងើយកន្តើយ និងមិនខ្វល់ពីអតីតកាលរបស់យើង!
នៅលើផ្លូវដ៏ពិបាក និងមានឧបសគ្គនេះ ហើយជាផ្លូវដែលនាំឲ្យយើងយំសោក ការអត់ធ្មត់ជាគ្រឿងចាំបាច់ណាស់សម្រាប់អ្នកមានជំនឿ។ យោងតាមវិបត្តិដែលពួកគេរងទុក្ខដើម្បីជំនឿរបស់ខ្លួន ព្យាការីបាននិយាយទៅកាន់គ្រួសារ Yasir ថា «ឱ Yasir! ចូរអត់ធ្មត់ចុះ! ឋានសួគ៌បានសន្យាជូនអ្នកហើយ!» ។ ពោលគឺ រាល់ពេលដែលមានការលូតឡើង នឹងឆ្លងកាត់ការលេបបន្លា នៃការអត់ធ្មត់ ដូចករណីគ្រួសាររបស់ Yasir អញ្ចឹង។ អ្នកនឹង មានអារម្មណ៍ស្លាក់ក្នុងបំពង់ក ក្នុងក្រពះ និងមានអារម្មណ៍ឈឺក្របួចក្នុងពោះវៀន ហើយវាឆ្លងកាត់ដំណើរការរមួលក្នុងភាពតានតឹង និងឈឺចាប់បំផុត ដូច្នេះចូរទ្រាំបន្តិចទៅ ចុងបញ្ចប់នោះគឺជាផ្លូវចូលឋានសួគ៌ហើយ។ ប្រាកដណាស់ថានឹងមានថ្ងៃមួយក្នុងឋានសួគ៍ដែល ជាពេលសម្រាប់អ្នកដែលធ្លាប់ព្រលែងសត្វចាបឲ្យស៊ីផ្កា បោះបង់ចោលសួនកុលាបស្រស់ស្អាត ដោយសារតែបន្លា និងមានគំនិតអាក្រក់បំផ្លាញគ្រាប់ពូជដែលកំពុងលូតលាស់ យំ និងស្តាយក្រោយ ជាខ្លាំង។ ប៉ុន្តែ នៅពេលថ្ងៃនោះមកដល់ អ្វីៗនឹងហួសពេលអស់ហើយ។
តើ Bediüzzaman ទ្រាំនឹងក្តីលំបាក និងការឈឺចាប់ដើម្បីនរណា?
បុរសម្នាក់ដែលជួបទុក្ខ និងការឈឺចាប់សុខចិត្តលះបង់សេចក្តីសប្បាយក្នុងជីវិតនេះ និងលោកខាងមុខលើមារគាដើម្បីសង្គ្រោះជំនឿរបស់សង្គម មិនធ្លាប់ស្គាល់ភាពសប្បាយលើលោកនេះយ៉ាងម៉េចនោះឡើយក្នុងរយៈពេលជាង ៨០ ឆ្នាំក្នុងជីវិតរបស់គាត់ គាត់ធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធ និងរស់នៅក្នុងគុក ធ្លាប់រងទុក្ខវេទនាពីការធ្វើទារុណកម្មគ្រប់បែបយ៉ាង គេប្រព្រឹត្តចំពោះគាត់ប្រៀបដូចគាត់ជាឃាតករក្នុងតុលាកា មិនឲ្យមានគេអាចមកសួរសុខទុក្ខបាន ត្រូវបានគេព្យាយាមសម្លាប់ដោយបំពុល និងត្រូវគេជេរប្រមាថគ្រប់បែបយ៉ាង ជាមនុស្សដែលធ្លាប់និយាយថា «មានពេលជាច្រើនដងមកហើយ ដែលខ្ញុំសំរេចចិត្តចង់ស្លាប់ជាងរស់នៅ រាប់ពាន់ដង។ ប្រសិនជាសាសនាខ្ញុំមិនហាមឃាត់ការសម្លាប់ខ្លួនទេនោះ ម្លោះថ្ងៃនេះ Said បានរលួយក្នុងដីបាត់ទៅហើយ» ជាមនុស្សមិនដែលសូម្បីតែដាក់បណ្តាសាចំពោះអ្នកដែលឃើញគាត់ត្រូវគេធ្វើបាបហើយមិនជួយ។ តើគាត់ ធ្វើនេះដើម្បីនរណា?
ដោយបំភ្លឺសម័យកាលនោះជាមួយពន្លឺរបស់គាត់ អង្រួនសតវត្សនោះដោយសម្លេងដ៏ជ្រាលជ្រៅរបស់គាត់ គ្រប់គ្រងស្មារតីដោយពាក្យសម្តីរបស់គាត់ បន្ទន់ចិត្តមនុស្សដោយ ភាពទន់ភ្លន់របស់គាត់ ធ្វើឲ្យគេភ្ញាក់ផ្អើលដោយសារ ការតម និងភក្តីភាពរបស់គាត់ ធ្វើឲ្យមនុស្សស្រឡាំងកាំងស្មារតីដោយភាពមិនចេះលោភលន់របស់គាត់ ធ្វើការចងក្រងកិច្ចការសាសនា ហើយធ្វើឲ្យវាក្លាយជាសៀវភៅវិជ្ជបញ្ញាដ៏ចាំបាច់បំផុតក្នុងព្យាបាលជំងឺនាសម័យកាលនោះ បង្ហាញទៅកាន់ពិភពលោកនូវឯកសារដែលមាន៦ពាន់ទំព័រ នៃ Risale-i Nur ហើយក្នុងពេលជាមួយគ្នានោះដែរ វាបកស្រាយនូវចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងទសន្សវិជ្ជានាសម័យនោះ។ គាត់និយាយថា «មានភ្លើងដ៏ធំមួយនៅចំពោះមុខខ្ញុំ។ ភ្លើងនេះឆេះសន្ធោសន្ធៅឡើងដល់ឋានសួគ៌។ កូនខ្ញុំកំពុងតែឆេះ។ ជំនឿរបស់ខ្ញុំកំពុងតែឆេះ ខ្ញុំរត់ទៅពន្លត់ភ្លើងនោះដើម្បីសង្គ្រោះជំនឿរបស់ខ្ញុំ»។ ក្នុងនាមជាមនុស្សដែលត្រូវបានគាត់ជួយសង្គ្រោះ តើយើងមានលទ្ធភាពនឹងជួយវីរជនដ៏អស្ចារ្យរូបនោះបានច្រើនប៉ុណ្ណាទៅ?
តើយើងអាចអាន និងស្វែងយល់ពីគាត់ទៅតាមរបៀបដែលគាត់សមនឹងទទួលដែរទេ? តើយើងអាចចែករំលែកឲ្យច្រើនបានទេនូវវិបត្តិ និងការឈឺចាប់របស់មនុស្សម្នាក់ដែលនិយាយថា៖ «មានតែរបស់ដែលបង្កការឈឺចាប់ដល់ខ្ញុំប៉ុណ្ណោះគឺជាគ្រោះថ្នាក់ចំពោះឥស្លាម» ដែលវាគឺជាលើកដំបូង ដែលបេះដូងរបស់គាត់ទទួលអារម្មណ៍ឥស្លាម? តើដល់ពេលដែលត្រូវសួរខ្លួនឯងហើយឬនៅ?
លោក Gülen បានបញ្ជាក់អំពីមនុស្សដែលរងទុក្ខ និងការឈឺចាប់នៅក្នុងកំណាព្យរបស់គាត់ថា៖
មនុស្សរងទុក្ខ
គេកំរើកយឺតៗដូចជាពន្លឺភ្លើងទាន ហើយទ្រូងរបស់គេឈឺចាប់យ៉ាងខ្លោចផ្សារ
គេដើរនៅលើភ្នំដោយពន្លឺពេលព្រឹកព្រហាម
ទោះបីគេនៅឋានសួគ៌ក៏ដោយ ក៏នៅតែមានភាពស្រងេះស្រងោចក្នុងដួងវិញ្ញាណរបស់គេ
ក្នុងគំនិតរវើរវាយរបស់គេ គេតែងតែដើរឆ្លងកាត់ជីវិតដ៏សប្បាយរីករាយ
ជើងមេឃរបស់គេខ្មៅងងឹតដូចជាភ្នំគ្មានដើមឈើ
កំពូលភ្នំពណ៌ស្វាយ និងកោះដ៏រស់រវើកក្លាយជាងងឹត
ខណៈដែលទ្រូងគេរញ្ជួយនៅរដូវស្លឹកឈើជ្រុះរៀងរាល់ព្រឹក
ហើយព្រលឹងរបស់គេត្រូវបានវាយក្នុងកំបោរខូច
បេះដូងរបស់គេកំសាកដូចជាបក្សី កែវភ្នែករបស់គេក៏ឡើងកំដៅ
ព្រឹត្តិការណ៍បង្កើតសូរសំឡេងញញួរក្នុងវិញ្ញាណរបស់គេ
គេប្រយុទ្ធជាមួយពេលវេលារៀងរាល់យប់ ហើយប្រយុទ្ធជាមួយភាពរវើររវាយរៀងរាល់ថ្ងៃ
គេតែងតែដើរច្រៀងចំរៀងទុក្ខសោក
ពេលវេលានឹងមកដល់នៅពេលគេពោរពេញដោយក្តីសង្ឃឹម ជាភាពរីករាយមួយដ៏អាថ៌កំបាំងក្នុងខ្លួនគេ
ក្បាលរបស់គាត់ឋិតត្រង់ភាពបណ្តោះអាសន្នបំបែកឆ្ងាយពីភាពអចិន្ត្រៃយ៍
នៅពេលនោះគេបានស្រែកយ៉ាងខ្លាំងដោយសំឡេងទ្រហឹង
ភាពញ័ររន្ធត់បានដាស់បេះដូងនៅពេលឮសំឡេងខ្លាំងទៅៗ
គេឈឺចាប់ដោយក្តីស្រឡាញ់នៅកន្លែងឆ្ងាយដាច់ពីគេឯង
គេតែងតែដើរបណ្តើរថ្ងូរបណ្តើរ ផ្លូវក៏ថ្ងូរជាមួយគេដែរ
រៀងរាល់ថ្ងៃគេដេញប្រមាញ់សត្វថ្មីៗ ជារៀងរាល់ថ្ងៃក្នុងរណ្តៅ
គេរងចាំរដូវកាលដែលនឹងបំភ្លឺជើងមេឃ
ពេលខ្លះភាពស្មោះត្រង់មិនបានផ្តល់សំឡេងបន្តិចសោះ រៀងរាល់ថ្ងៃនៅស្ងៀមជានិច្ច
ឈាមពណ៌ក្រហមបុកទម្លុះចូលក្នុងវិញ្ញាណរបស់គេ
ពេលខ្លះរដូវផ្ការីកខ្យល់បកមានក្លិនយ៉ាងក្រអូបពិដោរ
អ្នកនឹងឃើញខ្យល់ច្រៀងបំពេ ជាមួយក្លិនក្រអូប
រឿងនៃទុក្ខវេទនារបស់ Habbab ibn Arat
នៅឆ្នាំដំបូងនៃការកកើតឥស្លាម ជាទូទៅជនមូស្លីមភាគច្រើនក្រលំបាក។ ពួកអ្នកនៅទីក្រុង Mecca ដែលជឿលើអល់ឡោះច្រើនធ្វើបាបជនមូស្លីម យ៉ាងព្រៃផ្សៃ។ ហើយពួកគេបានទៅជួបនឹងព្យាការីដើម្បីស្នើសុំព្យាការីអធិដ្ឋានចំពោះអល់ឡោះឲ្យពួកគេមានសុវត្ថិភាព។ ព្យាការី បានឲ្យគេអត់ទ្រាំ ហើយព្យាការីបញ្ជាក់ប្រាប់ពួកគេថាជនមូស្លីមនាសម័យមុនក៏ត្រូវបានគេធ្វើបាបដែរ។
មនុស្សម្នាក់ដែលត្រូវពួក Mecca គៀបសង្កត់ និងធ្វើទារុណកម្មគឺ Habbab ibn Arat។ គាត់ជាសមាជិកក្នុងកុលសម្ព័ន្ធ Tamin ហើយក៏ជាជនមូស្លីមដំបូងម្នាក់ក្នុងចំណោមមូស្លីមជាច្រើន។ មានសេចក្តីរាយការណ៍មួយបញ្ជាក់ថាគាត់ចូលឥស្លាមនៅអាយុ ១៦ ឆ្នាំ។
Habbab ជាទាសកររបស់ស្ត្រីម្នាក់ឈ្នោះថា Umma Anmar ដែលជាអ្នកគោរពពហុទេពនិយម។ គេខឹងណាស់ពេលដឹងថាគាត់ចូលឥស្លាម ហេតុអ្វីក៏គាត់ចូលឥស្លាមដោយមិនសុំការអនុញ្ញាតសោះ។ គេបញ្ជាឲ្យគាត់លះបង់សាសនាភ្លាមៗ តែពេលគាត់មិនធ្វើតាម គេក៏ធ្វើបាបគាត់យ៉ាងសាហាវដោយយកដែកកំពុងឆេះក្រហមទៅដុតគាត់។ Habbab បានអត់ទ្រាំយ៉ាងខ្លាំង ប៉ុន្តែ ការធ្វើទារុណកម្មនៅតែបន្ត។
ថ្ងៃមួយគាត់ក៏ប្រាប់រឿងនេះដល់ព្យាការីហើយព្យាការីក៏បានអធិដ្ឋានថា «ឱម្ចាស់ខ្ញុំអើយ! សូមជួយដល់ Habbab ផង! មិនយូរប៉ុន្មានស្រ្តីដែលបានធ្វើទារុណកម្ម Habbab ចាប់ផ្តើមមានបញ្ហាផ្នែកក្បាល គេរមួលដោយការឈឺចាប់ ។ គេចាប់ផ្តើមលូដូចឆ្កែ។ គេបានព្យាយាមគ្រប់ យ៉ាងដើម្បីបំបាត់ការឈឺចាប់នោះ ហើយក៏ត្រូវបានគេណែនាំឲ្យយកដែកក្តៅទៅដុតក្បាល។ ម្តងនេះ ជាវែនរបស់ Habbab វិញហើយ ។ គាត់បានយកដែកក្តៅទៅដាក់លើក្បាលរបស់ Anmar តាមការបញ្ជារបស់Anmar»។
ខណៈដែលការធ្វើទារុណកម្មបន្តឥតឈប់ឈរ ថ្ងៃមួយសិស្សព្យាការីក៏បានទៅជួបព្យាការី ហើយនិយាយពីការធ្វើបាបពីសំណាក់ពួកពហុទេពនិយម។ ពួកគេសួរថា «តើអ្នកនឹងសុំជំនួយពីអល់ឡោះ និងការអនុគ្រោះដល់យើងដែរទេ?»
ព្យាការីបានឆ្លើយថា «មានមនុស្សជាច្រើននៅសម័យកាលមុនពួកយើង ដែលត្រូវបានគេកប់ពាក់កណ្តាលខ្លួន ហើយគេកាត់ខ្លួនពួកគេជាពីរកំណាត់ឬកាត់សាច់ចេញពីឆ្អឹង។ តែគេនៅតែមិនត្រឡប់ទៅកាន់សាសនារបស់គេវិញឡើយ។ ខ្ញុំស្បថថាអល់ឡោះ នឹងបំពេញអ្វីៗគ្រប់យ៉ាងឲ្យសាសនានេះ។ ជាការពិតណាស់ ថ្ងៃមួយនឹងមកដល់ពេលដែលអ្នកជិះសេះអាចឆ្លងពី Damascus ទៅកាន់ Hadhramaut ដោយមិនភ័យខ្លាចអ្វីក្រៅពីអល់ឡោះឬខ្លាចចចកមកវាយប្រហារនោះទេ។ តែអ្នកនៅមិនទាន់ចេះអត់ ធ្មត់ចំពោះបញ្ហានេះ»។
- បានបង្កើតនៅលើ ។