សឹងតែគ្រប់ពេលទៅហើយ ខ្ញុំមិនអាចរក្សាភាពបរិសុទ្ធរបស់ខ្ញុំនិងគ្រប់គ្រងខ្លួនឯងបានទេ!

ប្រាកដណាស់ វាពិតជាពិបាកក្នុងការរក្សាភាពបរិសុទ្ធ នៅពេលដែលសង្គមពោរពេញទៅដោយ ភាពមិនអៀនខ្មាស។ វាជារឿងធម្មតានៅពេលដែលយើងលឺពាក្យទាំងនេះពីយុវជនរបស់យើង៖ «ខ្ញុំគ្មានភាពអត់ធ្មត់នោះទេ នេះគឺជាបញ្ហារបស់ខ្ញុំ។ ភាគច្រើន ខ្ញុំមិនអាចរក្សាភាពបរិសុទ្ធរបស់ខ្ញុំបាន និងមិនអាចគ្រប់គ្រងខ្លួន​ឯងបានទេ។ ខ្ញុំធ្លាក់ចូលក្នុងអំពើបាប។ ខ្ញុំបានសន្យានឹងខ្លួនឯងថានឹងមិនធ្វើបែបនេះទេ តែជាអកុសល ខ្ញុំមិនអាចរក្សាពាក្យសន្យារបស់ខ្ញុំបាន។»

អ្នកបង្កើតលោកដ៏ជ្រះថ្លាបានប្រទានកិត្តិនាម និងលក្ខណៈសម្បត្តិប្រពៃរបស់លោកមកកាន់ខ្ញុំបម្រើរបស់លោក ប្រៀបដូចជាតំណក់ទឹកដែលបណ្តក់ក្នុងមហាសមុទ្រដូច្នោះដែរ។ ឧទាហរណ៍ លោកគឺមហាអនុគ្រោះ ដូច្នេះយើងក៏ទទួលបានលក្ខណៈសម្បត្តិ ពោលគឺការចេះអនុគ្រោះដល់អ្នកដទៃ។ ដូចគ្នានេះដែរ ជាមួយនឹងឆន្ទៈឯករាជ្យរបស់មនុស្ស នោះក៏ជាផ្នែកតូចមួយនៃឆន្ទៈរបស់អល់ឡោះផងដែរ ។ យើងមានជម្រើសក្នុងការបំភ្លឺជីវិតរបស់យើងដែលមានភាពងងឹត និងជ្រើសរើសថាតើខ្លួនចង់មានសំណាង ឬមិនមានសំណាង។

ចូរពិចារណាពីរាជវាំងមួយ ដែលជាស្នាដៃមហិមាបំផុតក្នុងពិភពលោក។ យើងអាចរកឃើញអ្វីៗទាំងអស់ក្នុងរាជវាំងនោះ។ ការរៀបចំក្នុងរាជវាំងមើលទៅពិតជាស្អាត និងថ្លៃថ្នូរជាទីបំផុត។ ពន្លឺភ្លើងស្រស់ស្អាតជាច្រើនត្រូវបានបំភ្លឺក្នុងសាលវាំងនោះ។ ប្រសិនបើក្នុងដៃអ្នកមានឧបករណ៍បញ្ជាដែលអ្នកគ្រាន់តែចុច បូតុង«ជ្រើសរើស» អ្វីដែលអ្នកប៉ងនឹងបង្ហាញខ្លួននៅមុខអ្នកភ្លាមមួយរំពេចន៍។

ករណីដូចគ្នាដែរ អ្នកមានឧបករណ៍បញ្ជាពន្លឺក្នុងដៃ បើសិនជាអ្នកចុចបូតុង«បើក» ពន្លឺនឹងបង្ហាញផ្លូវដល់អ្នក។ ប្រសិនបើ អ្នកចុចបូតុង «បិទ» នោះវានឹងងងឹតទាំងអស់។ បន្ទាប់មកអ្នកនឹងស្តីបន្ទោសឲ្យម្ចាស់រាជវាំងនោះជាមិនខាន។ ចូរសំគាល់មើលទៅថា អ្នកមានឧបករណ៍សំរាប់បញ្ជាក្នុងរាជវាំងមួយ ដែលជារាជវាំងធំប៉ុនផែនដី ហើយឧបករណ៍បញ្ជានោះគឺជាឆន្ទៈជ្រើសរើសរបស់អ្នក។ បើសិនជាអ្នកនិយាយថា«ទេ»មានន័យថាអ្នកបដិសេធចិត្តសប្បុរសនោះ ហើយចោទប្រកាន់ម្ចាស់រាជវាំង។ ទោះជាយ៉ាងណាក៏ដោយបើសិនជាអ្នកនិយាយថាអ្នកកំពុងប្រើឧបករណ៍បញ្ជាដែលអ្នកមានស្រាប់ នោះវាជាការគួរឲ្យខ្មាសអៀនបំផុតចំពោះខ្លួនឯងលើផែនដីនេះ។

អ្នកបង្ហាញផ្លូវរាជវាំងនោះបាននិយាយថា៖ «មិនត្រូវងាកមើលជាលើកទី ២ ទេ។ ងាកលើកទីមួយ វាមិនមានបញ្ហាទេ តែមិនអាចងាកម្តងទៀតជាដាច់ខាត។ » ពេលនេះគាត់និយាយទៅកាន់អ្នក៖« ប្រសិនបើអ្នកប្រើឧបករណ៍បញ្ជាដោយត្រឹមត្រូវ នោះអ្នកនឹងមានអារម្មណ៍សប្បាយរីករាយ ហើយអ្នកក៏អាចទទូលបានអំណោយជាច្រើនពីម្ចាស់រាជវាំងផងដែរ។» អ្នកបង្ហាញផ្លូវរូបនោះ បានពង្រឹងពាក្យសំដីរបស់គាត់ដោយប្រើប្រាស់ សៀវភៅណែនាំដំណើរការក្នុងរាជវាំង ឬ និយាយម្យ៉ាងទៀតថា ឃ្លាៗនៃសៀវភៅមួយក្បាល។

ជាងនេះទៅទៀត នៅក្នុងសៀវភៅមគ្គទ្ទេសក៍ និង ក្នុងសៀវភៅជំនួយផ្សេងទៀត ត្រូវបានសសេរថា ម្ចាស់រាជវាំងគឺនៅជិតអ្នកជាងសរសៃឈាមរបស់អ្នកទៅទៀត។ យ៉ាងណាមិញ ប្រសិនបើអ្នកមិនប្រើប្រាស់ឧបករណ៍បានត្រឹមត្រូវទេនោះ លោកនឹងឃ្លាំមើលអ្នកជានិច្ចជាមិនខាន។

ហេតុនេះ ជាជាងនិយាយថា៖ «ខ្ញុំនឹងមិនអាចធ្វើបែបនេះ ឬបែបនោះទេ» ឬ «ខ្ញុំមានចិត្តទន់ខ្សោយ» យើងគប្បីនិយាយថា៖ «ខ្ញុំមានឆន្ទៈហើយ គ្រាន់តែខ្ញុំមិនបានអានពីសៀវភៅទាំងនោះយល់នៅឡើយ និង មិនបានធ្វើអ្វីដែលអ្នកបង្ហាញផ្លូវក្នុងរាជវាំងបានណែនាំ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងប្រើប្រាស់ឧបករណ៍បញ្ជានោះឲ្យបានត្រឹមត្រូវដើម្បីទទួលបានលាភពីរាជវាំងស្អាតៗជាច្រើនទៀត។ ដោយសារ តែមូលហេតុនេះ ខ្ញុំសូមប្រើប្រាស់រាជវាំងដ៏ធំស្គឹមស្គៃនេះជាឧបករណ៍បញ្ជាតណ្ហារបស់ខ្ញុំ។ » យើង គួរតែពិចារណាពីបញ្ហានេះជាច្រើនដង។

ព្យាការីរបស់យើងគឺមានភាពម៉ឺងម៉ាត់បំផុតចំពោះភាពបរិសុទ្ធនៃសិស្សរបស់គាត់!

អ្នកនាំសាររបស់អល់ឡោះ (សន្តិភាព និងពរជ័យចូលមានដល់គាត់) ពិតជាម៉ឺងម៉ាត់ជាខ្លាំងចំពោះបញ្ហាការពារសហគមន៍របស់ខ្លួននឹងការប្រព្រឹត្តអំពើបាបនឹងជះឥទ្ធិពលពីខាងក្រៅ។  មានពេលម្តងនោះ ខណៈពេលដែលមនុស្សគ្រប់គ្នាមិនអាចរក្សាចិត្តបិសុទ្ធរបស់គេឲ្យនឹងនរបាននៅក្នុងពេលធ្វើដំណើរនោះ គាត់បានឈរនៅលើភ្នំ Arafat (ជំរាលភ្នំដែលជាកន្លែងសំរាប់ធ្វើធម្មយាត្រារបស់ជនមូស្លីមក្នុងពិធីបុណ្យសាសនា)ដោយងាកទៅក្រោយ។ នៅពេលនោះ គាត់បង្វែលក្បាលរបស់ Fadl ដែលជាកូនប្រុសរបស់ Abbas ម្តងឆ្វេង ម្តងស្តាំ។ ដោយធ្វើរបៀបនេះ ព្យាការីបានជួយ Fadl​ មិនឲ្យងាកទៅកាន់ស្រីៗដែលនៅជុំវិញខ្លួនគាត់។

វា​បាន​កើត​ឡើង​នៅ​ក្នុង​រដូវ​កាលធម្មយាត្រា​ក្នុងសម័យសុភមង្គល។ មនុស្សម្នាក់ ដែលកំពុងជិះលើ សត្វសេះ គឺអ្នកនាំសាររបស់អល់ឡោះ និងមនុស្សម្នាក់ទៀត ដែលកំពុងងាក់ម្តងឆ្វេង ម្តងស្តាំគឺ Fadl ជាមនុស្សដែលធានាបាននូវភាពបរិសុទ្ធល្អដោយគ្មានការសង្ស័យ។ សម្រាប់មនុស្សធម្មតា វាពិតជាលំបាកណាស់ ប៉ុន្តែ ព្យាការីរបស់យើង​ បានបង្វែលមុខរបស់ Fadl ដើម្បីកុំឲ្យ Fadl មានការបំភាន់ណាមួយខិតមករកគាត់ និង កុំឲ្យមានផ្លែព្រួញវង្វែងណាមួយបាញ់ចំបេះដូងរបស់គាត់។ អត្តចរិតប្រពៃបែបនេះរបស់ព្យាការី បង្ហាញពីភាពម៉ឺងម៉ាត់ចំពោះភាពបរិសុទ្ធរបស់គាត់ ដែលការធ្វើបែបនេះរបស់គាត់ បង្ហាញពីគំរូមួយដល់សហគមន៍របស់គាត់។

នេះគឺជាការបង្ហាញនូវសាររបស់ Bediuzzaman នាសម័យកាលដែលពោរពេញដោយចំនេះដឹង គាត់ជាមនុស្សម្នាក់ដែលព្រួយបារម្ភទៅលើ ហានិភ័យនេះ៖

អល់ឡោះម្ចាស់នៃដើមហេតុគ្រប់យ៉ាង បានផ្តល់ភាពពីធម្មជាតិដល់អ្នក ឲ្យខ្លួនអ្នកមាននូវលក្ខណៈសម្បត្តិផ្សេងៗ  ដែលលក្ខណៈខ្លះមិនធ្វើឲ្យគេស្កប់ស្កល់បានឡើយ បើទោះបីជាត្រូវលេបពិភពលោកទាំងមូលក៏ដោយ។ លក្ខណៈខ្លះទៀតមិនអាចទ្រាំទ្របានសូម្បីតែជាមួយវត្ថុដ៏តូចមួយ។ ដូចជាគ្រាប់ភ្នែកអញ្ចឹង វាមិនអាចទ្រាំផ្ទុកនូវទម្ងន់រោមមួយសរសៃបានឡើយ តែក្បាលវិញបែរជាអាចទូលទម្ងន់ថ្មដ៏ធ្ងន់បាន។ លក្ខណៈទាំងនេះមិនអាចធន់ទៅនឹងទម្ងន់រោមសូម្បីតែមួយសរសៃ ពោលគឺ ជាសភាពមួយដែលមិនចាំបាច់ ដែលបង្កើនការធ្វេសប្រហែស និង​ នាំទៅរកផ្លូវខុស។ តណ្ហាទាំងនោះធ្វើឲ្យយើងវិនាសផុតរលត់បាន។ សូមដាស់តឿន និង ប្រុងប្រយ័ត្ត ជានិច្ចការត្រូវប្រព្រឹត្តដោយប្រយ័ត្តប្រយែង កុំឲ្យលង់ខ្លួន។  មិនត្រូវលិចលង់ក្នុងពាក្យសម្តី ការស្តាប់ ការសំឡឹងមើល ការធ្វើសញ្ញា និង ការថើបនោះទេ! ដូចនេះ អ្នកមិនត្រូវ អនុញ្ញាតឲ្យលក្ខណៈពិសេសទាំងឡាយណាដែលអាចមានសមត្ថភាពផ្ទុកពិភពទាំងមូល លិចលង់ដោយសារតែរឿងតូចមួយនោះឡើយ។ ព្រោះថាមានវត្ថុតូចដែលមានលក្ខណៈពិសេសជាក់លាក់ អាចលេបរបស់ធំទាំងមូលបាន។ មើលចុះថាតើលំហរមេឃ និង ពពួកតារាត្រូវបានផ្ទុកក្នុងកំទិចកែវមួយយ៉ាងដូចម្តេច ហើយ ទំព័រជីវិតរបស់អ្នក ប្រវត្តិសាស្ត្រ និង សកម្មភាពទាំងអស់ត្រូវបានបញ្ចូលទៅក្នុងអង្គចងចាំរបស់អ្នក ដែលមានទំហំតូចប៉ុនគ្រាប់ស្ពៃ។ ដូច្នេះវាពិតជាមានវត្ថុដែលតូច មានលក្ខណៈមួយផ្ទុក និង​ លេបយកវត្ថុធំៗបាន។ វាដូចជាការសំឡឹងមើលសាកសពនារីដ៏ស្រស់ស្អាតម្នាក់ដែលស័ក្តសមទទួលបានក្តីអាណិតស្រឡាញ់ តែដោយកាម និង តណ្ហាវានឹងបំផ្លាញនូវសីលធម៌។ ការសម្លឹងមើលពោរពេញដោយកាម ទៅកាន់នារីមានជីវិត ដូចជាសាកសពតូចមួយដែរ ភាពបំភាន់ភ្នែកទាំងឡាយ អង្រួន និង បំផ្លាញ អារម្មណ៏ដ៏ឧត្តុង្គឧត្តមរបស់មនុស្ស។

តាមរយៈសារខាងលើ វាបញ្ជាក់ច្បាស់ពីបញ្ហាមួយដែលផ្តល់ផលប៉ះពាល់ដល់ភាពបរិសុទ្ធនោះ ដូចជាការសម្លឹងមើលអ្វីដែលសាសនាបានហាមឃាត់នឹងបំផ្លាញនូវថាមពលនៃជំនឿ។ ត្រូវដាក់រនាំងសំរាប់ខ្លួនឯង និង ទាញយកផលប្រយោជន៏របស់ឥស្លាម និង​មិនត្រូវទទួលឥទ្ធិពលពីមនុស្សដែលបង្កើតតណ្ហាឡើយ។ លោក Bediuzzaman Said Nursi បានប្រាប់ឲ្យយើងមានការប្រុងប្រយ័ត្ន ដោយនិយាយថា៖ «អ្នកទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នមុនពេលឈានទៅមុខ បើមិនដូច្នោះទេ អ្នកនឹងជួបគ្រោះថ្នាក់ដោយរអិលជាមិនខាន!»

វីរបុរសទាំងបីនៃភាពបរិសុទ្ធ

មានមនុស្សអង់អាចក្លាហានមួយចំនួន ត្រូវបានជួយសង្គ្រោះពីមហន្តរាយសាហាវ នៅពេលពួកគេឋិតនៅជិតម៉ាត់ជ្រលង​នៃអំពើបាប។ នៅពេលដែលគេរៀបរាប់ប្រាប់អំពី រឿងមនុស្ស ប្រាំពីរក្រុមដែលត្រូវបានការពារពីគ្រោះថ្នាក់គួរឲ្យរន្ធត់នៅថ្ងៃកាត់ក្តី ហើយត្រូវបានដាក់ឲ្យឋិតនៅក្រោមម្លប់របស់អល់ឡោះ ដែលក្នុងនោះ វីរជននៃភាពបរិសុទ្ធក៏មានក្នុងនោះដែរ។ ព្រោះថាវីរជនអស្ចារ្យទាំងនេះអាចការពារ ភាពបរិសុទ្ធ និងកិត្តិយសរបស់ខ្លួន ហើយពួកគេអាចបដិសេធនឹងសំណើររបស់ស្រ្តីអ្នកមានដែលមានសម្រស់ ស្រស់ស្អាតដោយនិយាយថា៖ « ខ្ញុំខ្លាចអល់ឡោះ» និងអាចយកឈ្នះឧបសគ្គជាមួយនឹងឆន្ទៈរបស់គាត់ ដែលមើលពីខាងក្រៅទៅហាក់បីដូចជាមិនអាចទៅរួច។

នៅក្នុងសម័យក្រោមការគ្រប់គ្រងរបស់ Caliphate ​Umar Al​-Khattab ជាបុរសវ័យក្មេងម្នាក់តំណាងឲ្យមនុស្សដែលមិនភ្លាត់គំនិតគិតខុសឆ្គង។ មានម្តងនោះ ខណៈ ដែលគាត់ភ្លេចខ្លួនបន្តិច ដែលគាត់ប្រុងនឹងប្រព្រឹត្តអំពើខុសឆ្គងនោះ  គាត់ក៏បាននឹកឃើញ ដល់ឃ្លាពិសិដ្ឋមួយ ដែលមានន័យថា៖ «ជាការពិតណាស់ បណ្តាអ្នកដែលមានការគោរពកោតខ្លាចចំពោះអល់ឡោះ កាលណាមានការណែនាំ(ឆាឆៅ) ពី Satan (បិសាច)ទាក់ទាញដល់ពួកគេ ពួកគេនឹងនឹកឃើញអល់ឡោះ ភ្លាម ជាមួយគ្នានោះពួកគេនឹងមើលឃើញ(ផ្លូវដ៏ត្រឹមត្រូវ)។ » (al-A’raf 7:201)។ នៅពេលដែលគាត់បានចងចាំពីឃ្លានេះ គាត់ចាប់ផ្តើមមានអារម្មណ៍ខ្មាសអៀនជាខ្លាំង និងបញ្ឈប់ខ្លួនពីការគិតរឿងទាំងនោះ មួយរំពេចន៍។

ក្នុងហាឌីស(សារ) ដ៏ខ្ពង់ខ្ពស់ បាននិយាយពីវីរជននៃភាពបរិសុទ្ធ។ បុរស បីនាក់បានទៅជ្រកក្នុងល្អាងភ្នំមួយ។ ប៉ុន្តែ ពេលនោះមានដុំថ្មដ៏ធំមួយបានរអិលចុះក្រោម និងបានបិទច្រកចូលល្អាងនោះ ដែលបុរសទាំង បី នោះមិនអាចចេញពីល្អាងនោះបានទេ។ ដោយមិនដឹងថាគួរធ្វើអ្វី បុរសទាំង បី នោះក៏ ចាប់ផ្តើមនិយាយពីអំពើល្អដែលខ្លួនបានធ្វើ ដែលសម្រាប់ពួកគេ ពួកគេយល់ថាវាគឺជាទង្វើដែលអល់ឡោះអនុញ្ញាត។ ពួកគេប្រើប្រាស់អំពើល្អទាំងនេះជាវិធីសាស្រ្តសម្រាប់ការអធិដ្ឋានរបស់ពួកគេ។ ពួកគេបានសំណូមពរអល់ឡោះឲ្យយកថ្មមួយនោះចេញ។ បន្ទាប់ពីពួកគេម្នាក់ៗបាននិយាយពីអំពើល្អរបស់ពួកគេ​ ថ្មនោះបានចាប់ផ្តើមរអិលចេញបន្តិចម្តងៗ ដែលចុងក្រោយវាបានរំអិលចេញពីច្រកចូលល្អាងនោះ។ បុរសទាំង បី នោះក៏រួចផុតពីការស្លាប់។

ក្នុងចំណោមពួកគេទាំង បី មានម្នាក់បានធ្វើការអង្វរករដល់អល់ឡោះឲ្យជួយព្យាបាលដល់ឪពុកម្តាយរបស់គេ។ ចំណែកឯអ្នកចុងក្រោយ អង្វរការសណ្តោសប្រណីរបស់អល់ឡោះដោយឲ្យលោកជួយចែកប្រាក់ដែលគេមានដល់បុគ្គលិករបស់គេ ប្រាក់ខែដែលគាត់មិនបានចែកឲ្យ ដោយសារគាត់វិនិយោគប្រាក់ទាំងអស់នោះដើម្បីទទួលផលចំណេញ។ សម្រាប់អ្នកទី ២ វិញ គាត់បាននិយាយថា៖ «ឱ ម្ចាស់របស់ខ្ញុំអើយ! ខ្ញុំមានប្អូនជីដូនមួយស្រីម្នាក់ ខ្ញុំស្រឡាញ់នាង។ ខ្ញុំចង់នៅជាមួយនាងខ្លាំងណាស់ ប៉ុន្តែ នាងតែងតែបដិសេធជាមួយខ្ញុំ។ នៅឆ្នាំមួយដែលជួបគ្រោះទុរភិក្សខ្ញុំក៏បានជួបនាង។ ខ្ញុំបានផ្តល់លុយ មួយរយម្ភៃ dinar ជាថ្នូរនឹងការចំណាយពេលនៅជាមួយខ្ញុំ។ បន្ទាប់ពីបានពិចារណាមួយភ្លែត នាងក៏យល់ព្រម។ ប៉ុន្តែ នាងបាននិយាយមកកាន់ខ្ញុំថា៖ «ចូរខ្លាចចំពោះអល់ឡោះចុះ ហើយកុំប៉ះពាល់ភាពបរិសុទ្ធរបស់ខ្ញុំ!»។ ពេលនោះ ខ្ញុំមិនបានធ្វើអ្វីចំពោះនាងទេ ហើយក៏បានឲ្យនាងទៅ បើទោះបីជាខ្ញុំពិតជាស្រឡាញ់នាងជាខ្លាំងក្តី។ ខ្ញុំក៏មិនបានយកប្រាក់ពីនាងវិញដែរ។ ឱ ម្ចាស់របស់ខ្ញុំអើយ! ប្រសិនបើអ្នកយល់ថាខ្ញុំធ្វើអ្វីទាំងនេះដើម្បីទទួលបានការយល់ព្រមពីអ្នកនោះ សូមអ្នកជួយពួកខ្ញុំពីសេចក្តីលំបាកនេះផង!» គាត់ជឿថា ការការពារភាពបរិសុទ្ធរបស់គាត់គឺអ្វីដែលអល់ឡោះទទួលស្គាល់។

វីរភាព​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បុគ្គលិកលក្ខណៈ​បរិសុទ្ធ​ដែល​បាន​រៀបរាប់​ខាងលើដែលមិនអាចធ្វើបានដោយងាយៗនោះទេ។ វាទាមទារឆន្ទៈរឹងមាំបំផុតដើម្បីធ្វើបាន។ វាពិតជាមិនមែនជារឿងងាយស្រួលក្នុងការដកខ្លួនចេញពីការប្រព្រឹត្តអំពើបាបដោយងាយស្រួលនោះទេ ហេតុនេះ យើងត្រូវតែ រារាំងខ្លួនឯងមុនពេលឈានដល់កាលៈទេសៈនេះ។

Pin It
  • បានបង្កើតនៅលើ
Copyright © 2026 Cascade Trust. Fethullah Gülen's Official Web Site. All Rights Reserved.
fgulen.com is the official source and licensor of the works of the renowned Turkish scholar and intellectual Fethullah Gülen. Operated by Paramus Publishing with permission of Cascade Trust.