ទស្សនៈ Gülen ទៅលើពាក្យ Jihad ចុះសម្រុងឬសម្របសម្រួល និងភេរវកម្ម

ក្នុងយុគសម័យមួយដែលប្រព័ន្ធសារព័ត៌មានបានបញ្ចុកមនុស្សជាច្រើននូវនិន្នាការលំអៀងដែលត្រូវបានគេបង្កើតឡើងដើម្បីប្រឆាំងឥស្លាម​ជាពិសេ សនៅតំបន់ អ៊ឺរ៉ុបខាងលិច  ក្នុងទំព័រកាសែតនិងសារព័ត៌មានដែលផ្សាយ ជារៀងរាល់ថ្ងៃថា ពាក្យ Jihad គឺស្មើទៅនឹងពាក្យថា ហឹង្សា និង ភេរវករ។ ដោយសង្កត់ធ្ងន់ថា Jihad គឺជា “បញ្ជាមួយរបស់អល់ឡោះ” លោក Gülen បានធ្វើការបំភ្លឺនូវទិដ្ឋភាព ពីររបស់ Jihad ដោយលំអិតថា៖

Jihad ប្រព្រឹត្តិទៅក្នុងតំបន់ពីរ៖ តំបន់ខាងក្នុង និង ខាងក្រៅ។ និយមន័យខ្លីអំពី Jihad ខាងក្នុងមានន័យថាជាការតស៊ូពុះពារដើម្បី ទទួលបាននូវជីវិតនពិតរបស់មនុស្ស(Jihad ធំជាងគេ) រីឯ Jihad ខាងក្រៅវិញគឺការជួយអ្នកដ៏ទៃឲ្យសម្រេចបានបំណងនេះដែរ (Jihad  តូចជាងគេ)។ Jihad ធំជាងគេគឺការយកឈ្នះឧបស័ក្តិក្នុងដំណើរឆ្ពោះ ទៅស្ថានភាពពិតនៃជីវិតដោយឈានឲ្យដល់ការយល់ដឹងពីខ្លួនឯងដូច្នេះ វានឹងនាំឲ្យយើងមានការតស៊ូជាបន្តទៀតដើម្បីទទួលបាននូវចំណេះដឹងអំពីអល់ឡោះ (marifatu’llah) សេចក្តីស្រឡាញ់ចំពោះអល់ឡោះ (muhabbatu’llah)និងចុងក្រោយគឺភាពរីករាយខាងផ្លូវចិត្ត។ ចំណែក ឯ Jihad តូចជាងគេគឺជាការព្យាយាមបំបាត់របាំងដែលនៅចន្លោះរវាង ជំនឿនិងមនុស្សចេញដើម្បីឲ្យមនុស្សគ្រប់គ្នាទទួលបានចំណេះដឹងអំពីអ្នកបង្កើត។

ដោយរិះគន់ចំពោះការយល់អំពីន័យ Jihad ដោយកាត់ចោលអត្ថន័យ យកតែអ្វីដែលទាក់ទងនឹងលក្ខណៈរូបខាងក្រៅមកប្រើ លោក Gülen បញ្ជាក់ ថា Jihad ជាការតស៊ូពុះពារឲ្យឈានទៅដល់ជីវិតមនុស្សមួដ៏ល្អឥតខ្ចោះ ហើយ Jihad គ្របដណ្តប់លើការតស៊ូពុះពារគ្រប់ប្រភេទដែលធ្វើឡើងក្នុងបុព្វហេតុ អល់ឡោះនិងសម្រាប់ភាពល្អប្រសើររបស់មនុស្សជាតិ។ លោក Gülen រំលឹក ផងដែរថា Jihad មិនមែនមានន័យថាជាការប្រើដាវនោះទេ៖

Jihad តូចជាងគេគឺមិនមែនមានតែ Jihad ដែលធ្វើការប្រយុទ្ធក្នុង សមរភូមិប៉ុណ្ណោះទេការឲ្យនិយមន័យបែបនេះគឺខ្វះខាតនូវអត្ថន័យច្រើនណាស់។ ការសម្តែង Jihad ប្រព្រឹត្តិទៅ តាមរបៀបផ្សេងៗគ្នានិងមាន ចាប់តាំងពីការប្រើប្រាស់ពាក្យសម្តីឬការរក្សាភាពស្ងាមស្ងាត់ការធ្វើមុខមាំឬញញឹមការចាកចេញ ឬចូលរួមក្នុងក្រុមឲ្យតែសកម្មភាពនិមួយៗគឺធ្វើ ឡើងសម្រាប់អល់ឡោះ ហើយអារម្មណ៍ដូចជាសេចក្តីស្រឡាញ់និងការ ស្អប់គឺត្រូវលៃលកឲ្យស្របទៅតាមការពេញចិត្តរបស់អល់ឡោះ។ រាល់ ការតស៊ូទាំងអស់ដែលមានការលះបង់ទៅចំពោះការធ្វើកំណែរទម្រង់សង្គម គ្រួសារ ទំនាក់ទំនង ភាពជាអ្នកជិតខាង និង ទីក្រុង ហើយនិងនៅ ក្នុងចំណោមប្រជាជនទូទាំងពិភពលោក គឺស្ថិតក្នុងព្រំដែននៃ Jihad តូចជាងគេ។

លោកបានចង្អុលបង្ហាញថាទម្រងនៃJihadមានលក្ខណៈខុសគ្នាអាស្រ័យទៅតាមពេលវេលា៖

មិនខុសទេពេលខ្លះមានការពិគ្រោះពេលខ្លះមានការណែនាំចំពោះអ្នកដទៃនិងពេលខ្លះជ្រើសរើសយកជំហរប្រឆាំងនឹងអ្នកគ្មានជំនឿត្រូវបានគេចាត់ទុកថាជា Jihad មានកាលៈទេសៈជាច្រើន ការធ្វើជាគំរូល្អក៏ត្រូវ បានគេចាត់ទុកថាជា Jihad ផងដែរ។ នៅក្នុងសម័យកាលបីជំនាន់ ដំបូងរបស់ឥស្លាម មានពេលមួយជាក់លាក់ការធ្វើចំណាកស្រុក ត្រូវបាន គេចាត់ទុកជា Jihad ...។ មានយុវជនម្នាក់រត់គេចដើម្បីមកចូលរួម យុទ្ធនាការមួយ ពេលនោះព្យាការីបានសួរថា “តើអ្នកមានឪពុកម្តាយ ដែលត្រូវការឲ្យមើលថែដែរទេ?” គេក៏ឆ្លើយថាមាន ពេលនោះព្យាការី បាននិយាយថា “ត្រឡប់ទៅផ្ទះវិញហើយធ្វើ Jihad សម្រាប់ អ្នកមាន គុណដែលកំព្រាឯកកោររបស់អ្នកចុះ”។ ដោយប្រាប់ឲ្យគេមើលថែពួកគេ ព្យាការីចង់បង្ហាញថា ការធ្វើ Jihad  របស់គេគឺត្រូវមើលថែរឪពុកម្តាយ របស់ខ្លួន។

Gülen បានបញ្ជាក់បន្តថា “ការពិតដែលត្រូវបានគេហៅថាជា Jihad “តូចជាងគេ” មិនមែនមានន័យថាវាមិនសូវសំខាន់នោះទេ។ នេះជាពាក្យមួយ ដែលវាគ្រាន់តែមិនអាចប្រៀបធៀបបានទៅនឹង Jihad ធំជាងគេ” លោកបាន កត់សំគាល់ថា “ Jihad ណាក៏ដោយសុទ្ធតែមានគោលបំណងចង់ឲ្យអ្នកមាន ជំនឿជ្រះស្អាតពីអំពើបាប ដើម្បីឲ្យគេទទួលបាននូវភាពជាមនុស្សជាតិដ៏ពិត  ប្រាកដ” ។ សម្រាប់លោក Gülen ការធ្វើ Jihad ដ៏ពិតប្រាកដគឺការធ្វើយ៉ាង ដើម្បីក្លាយខ្លួនជាមនុស្សគំរូឬមូស្លីម។ ការយល់ឃើញគ្រប់ប្រភេទទាំងអស់ របស់ឥស្លាមឲ្យនិយមន័យ Jihad ថាជាការតស៊ូពុះពារដ៏អាថ៌កំបាំងយ៉ាងជាក់ ស្តែងក្នុងមួយជីវិតនៃភាពជាមនុស្សពេញវ័យដើម្បីទទួលបានកម្រិត taqwa (ភាពជក់ចិត្តក្នុងជំនឿ) ដ៏ខ្ពស់ និង ដើម្បីធ្វើការលះបង់បម្រើគ្រួសារ អ្នកជិត ខាងជាពិសេសជនរួមជាតិ និង មនុស្សជាតិទូទៅ។ គ្មានទេគំនិតហឹង្សានិងភេរវ កម្មក្នុងមុខវិជ្ជានិងគំនិតសាសនាឥស្លាម។ លើសពីនេះទៅទៀត ក្នុងការទប់ ទលនឹងអំពើហឹង្សានិងការឈ្លានពានប្រឆាំងនឹងមនុស្សនិងប្រជាជាតិដែលគ្មានកំហុសគម្ពីរគូរអានបានធ្វើការកំណត់នូវគោលការណ៍ដ៏រឹងមាំមួយដើម្បីឲ្យមូស្លីមប្រតិបត្តិតាមគ្រប់ពេលវេលា ។ ជាការពិតណាស់ “សន្តិភាព មិនមែនសង្គ្រាម នោះទេ គឺជាខ្លឹមសារចាំបាច់របស់ឥស្លាមហើយសង្គ្រាមគឺជាកាលៈទេសៈ បណ្តោះអាសន្នដែលត្រូវបានគេប្រើក្នុងករណីការពារខ្លួនដើម្បីបញ្ឈប់អំពើផ្តាច់ការ និងនៅពេលមានការរំលោភបំពានកលើសេរីភាពនៃការបង្រៀនអំពីជំនឿ សាសនា”។ អល់ឡោះដ៏ខ្ពង់ខ្ពស់បានបញ្ជាក់យ៉ាងច្បាស់ក្នុងគម្ពីរគូរអានថា កំលាំងអាក្រក់តែងតែកើតមាននៅលើផែនដីដែលនឹងព្យាយាមបំផ្លាញសន្តិភាពនិងភាព សុខដុមរវាងមនុស្សមនុស្សនិងសាសនា៖

ត្រូវបានគេអនុញ្ញាតឱ្យការពារខ្លួនសម្រាប់ពួកដែលត្រូវគេវាយលុកដោយ ហេតុថាពួកគេត្រូវបានគេធ្វើបាបហើយទៅលើការជួយដល់ពួកអ្នកទាំងនោះអល់ឡោះពិតជាអ្នកមានសមត្ថភាពបំផុត។គឺពួកដែលត្រូវគេបានបណ្តេញចេញពីគេហដ្ឋានរបស់ពួកគេដោយឥតត្រឹមត្រូវសោះព្រោះតែពួកគេទាំងនេះពោលពាក្យថាម្ចាស់របស់ពួកយើងគឺអល់ឡោះ។ប្រសិនបើគ្មានការទប់ស្កាត់ពីអល់ឡោះ ចំពោះមនុស្សដោយភាគខ្លះនៃពួកគេចំពោះ ភាគខ្លះទេនោះប្រាកដជាត្រូវបានគេផ្តួលរំលំនូវអាស្រមបទអារាមណាសារ៉ អារាម យ៉ាហូទ ម៉ាស្ជិទដែលគេតែងរំលឹកនាមអល់ឡោះនៅទីនោះ ជាច្រើនកុះករ។ ហើយអល់ឡោះប្រាកដជានឹងជួយគាំទ្រដល់ជនដែល ជួយគាំទ្រសាសនាលោក។ អល់ឡោះ ប្រាកដជាមានប្រពលភាព ពលានុភាពបំផុត។គឺជាពួកដែលប្រសិនបើយើងបានពង្រឹងកន្លែងទៅពួកគេនៅលើទឹកដី ពួកគេប្រាកដជាបានបញ្ឈរសឡាត៍ ផ្តល់ហ្សាកាត៍ ណែនាំគ្នាឱ្យប្រព្រឹត្តអំពើគប្បី និងហាមឃាត់គ្នាពីប្រព្រឹត្តអំពើមិនគប្បី ហើយជាកម្មសិទ្ធិ របស់អល់ឡោះ ទីបញ្ចប់នៃការងារទាំងអស់។ ហើយ ប្រសិនបើពួកគេបដិសេធចំពោះអ្នក ក្រុមរបស់ណូហ៍ អាទ និង សាម៉ូតនាកាលសម័យមុនក៏ធ្លាប់ធ្វើការបដិសេធដូច្នេះដែរ។ ហើយដូច នេះដែរ ក្រុមរបស់អ៊ីព្រហ៊ីម និងក្រុមរបស់លូទ។ ហើយដូចនេះដែរ ក្រុមពួករបស់ម៉ាទយ៉ាន។ ហើយមូសាត្រូវបានគេមួលបង្កាច់។ រួចយើង បានពន្យារពេលឱ្យពួកអជំនឿ បន្ទាប់មក យើងបានចាប់ក្របួចពួកគេ ទាំងនោះ។ ដូចនេះ តើយ៉ាងណាទៅកំហឹងរបស់យើងនោះ?ដូចនេះ ពុំមែនតិចតួចទេនៃភូមិករ ដែលយើងបានបំផ្លិចបំផ្លាញវានោះ ខណៈ ដែលភូមិករនោះប្រព្រឹត្តអយុត្តិធម៌ ។ រួចមកភូមិករនោះហើយដែលដួល រលំផ្ទះសំបែងរបស់វាអស់នោះ។ ហើយក៏ពុំមែនតិច ដែរនៃអណ្តូងទឹក រួមជាមួយនឹងវិមានដែលស្ថាបនាយ៉ាងខ្ពស់ ត្រូវបោះបង់ចោល។ ដូចនេះ តើពួកគេមិនទាន់ធ្វើដំណើរនៅលើទឹកដីទេឬ ដើម្បីនឹងពួកគេមានចិត្ត ពួកគេនឹងពិចារណាដោយចិត្តនោះឬមានត្រចៀកពួកគេនឹងស្តាប់ដោយត្រចៀកនោះ?ពីព្រោះពុំមែនភ្នែកទេដែលខ្វាក់នោះក៏ប៉ុន្តែដែលខ្វាក់នោះ គឺចិត្តដែលមាននៅក្នុងទ្រូង។ ពួកគេកំពុងសុំឱ្យអ្នកឆាប់នាំទណ្ឌកម្ម អល់ឡោះនឹងមិនធ្វើឱ្យខុសសន្យារបស់លោកឡើយ។ហើយមួយថ្ងៃនៅឯម្ចាស់របស់អ្នកបីដូចមួយពាន់ឆ្នាំពីអ្វីដែលអ្នកកំពុងរាប់នៅក្នុងលោកិយ។ពុំមែនតិចតួចទេនៃភូមិករដែលយើងបានពន្យារឱ្យភូមិករនោះខណៈដែលភូមិករនោះជាអ្នកប្រព្រឹត្តអយុត្តិធម៌បន្ទាប់មកយើងបានចាប់ឆក់យកភូមិករនោះ ហើយឆ្ពោះទៅកាន់យើងទីវិលត្រលប់។(22:39-48)

គម្ពីរគូរអានបានបញ្ជាក់ច្បាស់ណាស់ថា Jihad គឺជាការមិនបំផ្លាញអ្វីៗឬ នរណាម្នាក់នៅលើផែនដីនេះឡើយ វាជាការតស៊ូដ៏ខ្លាំងខ្លាបំផុតមួយដើម្បីរក្សា ការពិតគ្រប់ពេលវេលាប្រឆាំងភាពខុសប្រក្រតីទាំងឡាយ។ និយាយមួយបែប ទៀត មិនខុសពីបញ្ហាទ្រឹស្តីនិងការប្រៀនប្រដៅដ៏ទៃទៀតក្នុងឥស្លាមនោះទេ jihad មានមុខពីរ៖ ភាពមើលឃើញ និង ភាពដែលមិនអាចមើលឃើញ។ ដូច Gülen បានធ្វើការកត់សំគាល់ថា

ក្នុងទិដ្ឋភាពមួយ jihad ដែលតូចជាងគេគឺជាភាពដែលអាចមើល ឃើញ។  ប៉ុន្តែ jihad ដែលធំ ជាងគេត្រូវបានគេធ្វើឡើងដោយឈរលើ កាលៈទេសៈខាងផ្លូវចិត្ត ព្រោះវាគឺជាការតស៊ូរបស់យើងជាមួយពិភព ដ៏អាថ៌កំបាំងនិងចំណង់តណ្ហារបស់យើង(nafs)។ នៅពេលណាដែល jihad ទាំងពីរទទួលបានជោគជ័យ វានឹងបង្កើតឲ្យមានតុល្យភាពខាង ចំណង់។ ប្រសិនបើ jihad ណាមួយត្រូវបានបាត់បង់ តុល្យភាពផ្សេង ទៀតនឹងត្រូវបានបំផ្លាញ។

តាមពិតទៅវាជាបញ្ហាដ៏លំបាកនិងស្មុគស្មាញមួយក្នុងការធ្វើឲ្យមានតុល្យភាពរវាងទិដ្ឋភាពដែលមើលឃើញនិងទិដ្ឋភាពខាងផ្លូវចិត្តរបស់ jihad ទៅតាម កាលៈទេសៈបុគ្គល ប្រជាជាតិ និង ពិភពលោក។ បញ្ហាស្នូលគឺជាការចេះលះ បង់ ទ្រព្យសម្បត្តិ ពេលវេលា ថាមពល និង ទេពកោសល្យ សម្រាប់ បុព្វហេតុធំៗក្នុង ជីវិត ឧទាហរណ៍ ក្នុងការប្រកាន់នូវការពិត ភាពសមរម្យ មនុស្សជាតិ និង សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។ ដើម្បីបង្កើតបរិយាកាស មួយនេះឲ្យមាននៅ ជុំវិញយើងបាន យើងត្រូវធ្វើការងារទាំងឡាយណាដែល មានការលះបង់ចំពោះ អ្នកដ៏ទៃ។ បុគ្គលគ្រប់រូប ប្រទេសនិមួយៗ និង ភ្នាក់ងារគ្រប់ប្រភេទទាំងអស់ដែលមានធនធានអាចយកមកប្រើបានគ្រប់ពេលត្រូវតែមានការប្រុងប្រយ័ត្នប្រឆាំងនឹងការរំលោភបំពានសិទ្ធិអ្នកដ៏ទៃដោយស្របច្បាប់។ បញ្ហាដែលប្រជាជន មូស្លីមលើសលប់មាននោះគឺ ពួកគេគិតថាខ្លួនមាន ធនធានដែលនៅសេសសល់តិចតួចដែលអាចយកមកប្រើបានក្នុងការចំណាយសម្រាប់បុព្វហេតុអល់ឡោះដ៏ខ្ពង់ខ្ពស់ហើយជាលទ្ធផលមានក្រុមតូចៗជាច្រើនដែលមានទីតាំងខុសៗគ្នាក្នុងពិភពលោកទំនងជាជឿថាពួកគេត្រូវតែធ្វើការលះបង់ចុងក្រោយសម្រាប់បុព្វ ហេតុរបស់ខ្លួនដោយប្រថុយជីវិតរបស់ខ្លួន។ ប៉ុន្តែសម្រាប់ Gülen វិញយល់ថា វិរៈជនដ៏ពិតប្រាកដគឺអ្នកដែលរស់នៅដើម្បី បម្រើអ្នកដ៏ទៃ។ ក្នុងន័យនេះ ការលះបង់ខ្លួនសម្រាប់បម្រើដល់អ្នកដ៏ទៃគឺជា ទិដ្ឋភាពដ៏ចាំបាច់មួយក្នុងបង្រៀនរបស់ Gülen។

គួរឲ្យសោកស្តាយយើងឃើញថាការវាយប្រហារអាត្តឃាតជាញឹកញាប់ត្រូវបានប្រើប្រាស់ជាជម្រើសយុទ្ធសាស្ត្រមួយដោយក្រុមមនុស្សដែលមកពីតំបន់និងសាសនាផ្សេងៗគ្នាក្នុងពិភពលោក។ ប៉ុន្តែដូចដែល Karen Armstrong បានបញ្ជាក់ថាសកម្មភាពភេរវកម្មបែបនេះមិនអាចចាត់ទុកថាជាសកម្មភាពមួយរបស់សាសន៍យូដា(យាហូទី) គ្រិស្តសានា ឬឥស្លាមបានទេ៖

ទោះបីជាមូស្លីម (មិនខុសអ្វីពីគ្រិស្តសាសនិកឬសាសន៍យូដានោះទេ) ជាញឹកញាប់មានការបរ៉ាជ័យក្នុងការបំពេញគំរូរបស់ខ្លួនឲ្យបានពេញលេញក៏ដោយតែវាមិនមែនដោយសារហេតុផលសាសនានោះខ្លួនឯងឡើយ។ យើងកម្រ ឬមិនដែលតែម្តងក្នុងការហៅក្រុមបំផ្ទុះគ្រាប់ បែក IRA ថាជាក្រុមភេរវកម្ម“កាតូលិច”ពីព្រោះយើងដឹងច្បាស់ណាស់ថានេះមិនមែនជាយុទ្ធនាការសាសនាដែលចាំបាច់ត្រូវតេធ្វើនោះទេ។ ពិតណាស់មិន ខុសអ្វីពីចលនាសាធារណៈអៀកលង់នោះទេមានចលនាពួកអភិរក្សនិយមជាច្រើនជុំវិញពិភពលោកគឺគ្រាន់តែជាទម្រង់ថ្មីនៃជាតិនិយមក្នុងអការៈខាងក្រៅដែលផ្ទុយខុសយ៉ាងឆ្ងាយពីសាសនានោះទេ។ជាក់ស្តែងជាករណីមួយនេះមានចំពោះក្រុមអភិរក្សនិយម Zionist ក្នុងប្រទេសអ៊ីស្រា អែលនិងក្រុមសិទ្ធិមនុស្សខាងស្នេហាជាតិរបស់គ្រិស្តសាសនិកដ៏ក្លៀវក្លាក្នុងសហរដ្ឋអាមេរិក។

Gülen បានបញ្ជាក់យ៉ាងច្បាស់ថានៅក្នុងឥស្លាមគ្មានទេការធ្វើឲ្យត្រឹម ត្រូវណាមួយសម្រាប់ការយកជីវិតដោយអយុត្តិធម៌ ដូចមានបញ្ជាក់នៅក្នុង ប្រយោគ ផ្សេងៗរបស់គូរអានថា៖

គម្ពីរគូរអានបានបញ្ជាក់យ៉ាងច្បាស់ថាការយកជីវិតរបស់មនុស្សម្នាក់វាដូចគ្នានឹងការយកជីវិតរបស់មនុស្សជាតិទាំងមូល៖ “ជនណាដែលបាន សម្លាប់ជីវិតមួយដោយគ្មានមូលហេតុឬដោយវិនាសកមនៅលើដីបីដូចជននោះបានសម្លាប់មនុស្សទាំងអស់។ ជនណាបានសង្គ្រោះជីវិតមួយ បីដូចជននោះបានសង្គ្រោះជីវិតមនុស្សទាំងអស់”(5:32)។វាមិនអាចទៅ រួចនោះទេក្នុងការមើលឃើញថាភាពដ៏រសើបខ្លាំងនេះមាននៅលើបញ្ហាសិទ្ធិមនុស្សក្នុងសាសនាដទៃឬក្នុងច្បាប់សម័យថ្មីទៅវិញនោះ។ឥស្លាមសង្គត់ធ្ងន់យ៉ាងខ្លាំងលើបញ្ហានេះរហូតដល់កម្រិតមួយដែលកំណត់ថាការសម្លាប់មនុស្សម្នាក់ស្មើនឹងសម្លាប់មនុស្សជាតិទាំងមូល....។នៅក្នុងជំពូកផ្សេងទៀតគម្ពីរគូរអានបានសង្គត់ធ្ងន់ថា គេនឹងការដាក់ទណ្ឌកម្មក្នុង នរកជានិរន្តចំពោះអ្នកដែលសម្លាប់មនុស្សដោយអយុត្តិធម៌៖“ជនដែលធ្វើឃាតអ្នកមានជំនឿដោយចេតនាទោសវាគឺនរក។ជាអ្នកអនន្តកាលក្នុងនោះ។ជននោះត្រូវបានអល់ឡោះខឹងនិងផ្តន្ទានិងបានរៀបចំសំរាប់ជននោះនូវទណ្ឌកម្មដ៏ធំអស្ចារ្យ”(4:93)។ គួរកត់សំគាល់ថាពាក្យ khalidan នៅក្នុងប្រយោគនេះគឺត្រូវ បានគេប្រើដោយគ្មានពាក្យ abadan ដែលមានន័យថា ជារៀងរហូត បន្ថែមពីលើវានោះទេ។ ទោះបីជាពាក្យ abadanត្រូវបានគេប្រើយ៉ាងច្បាស់ក្នុងប្រយោគដទៃទៀតរបស់គូរអានក៏ដោយតែ Ibn Abbas និងមេដឹកនាំសាសនាខ្លះក្នុងជំនាន់បន្ទាប់ ពីសិស្សរបស់ព្យាការីបានសម្រេចយក ពាក្យ khalidan ជាការដាក់ទណ្ឌ កម្មជារៀងរហូតសងទៅឲ្យអ្នកសម្លាប់ដូចគ្នាផងដែរ ចំពោះអ្នកដែល បដិសេធអល់ឡោះ។

Gülen បញ្ជាក់ថាឥស្លាម (ដែលពាក្យនេះមានន័យថាជាសន្តិភាពនិង យុត្តិធម៌ក្នុងជីវិតបគ្គលម្នាក់ៗនិងជីវិតរួមហើយវាផ្អែកលើភាពសណ្តោះប្រណីនិង អាណិតស្រឡាញ់យ៉ាងពិតប្រាកដ) ព្យាយាមធ្វើឲ្យមានការរស់រាន មិនមែន ព្យាយាមសម្លាប់នោះទេ។ លោកសង្កត់ធ្ងន់ថាគោលដៅរបស់ឥស្លាមអាច សម្រេចបានតាមរយៈមធ្យោបាយនិងវិធីសាស្ត្រឥស្លាមតែប៉ុណ្ណោះ។ មធ្យោ បាយនិងវិធីសាស្ត្រដែលយកមកប្រើប្រាស់អាចធ្វើឲ្យគោលបំណងនយោបាយ របស់មនុស្សមានភាពត្រឹមត្រូវបានព្រោះ “វាមិនមានឥស្លាមឬមូស្លីមណាអាច ឆ្ពោះទៅគោលដៅដោយផ្ទាល់តាមរយៈមធ្យោបាយនិងវិធីសាស្ត្រដែលសាហាវឃោឃៅ”។  Gülen បានធ្វើការថ្កល់ទោសជាសាធារណៈចំពោះការវាយ ប្រហារថ្ងៃ ១១ កញ្ញា ហើយបានបដិសេធថាមូស្លីមគ្មានអ្វីពាក់ព័ន្ធនឹងភេរវកម្ម នោះទេ លោកបានអំពាវនាវឲ្យមានការថ្កល់ទោសចំពោះក្រុមដែលធ្វើឲ្យមុខដ៏ មានពន្លឺរបស់ឥស្លាមមានភាពងងឹតនិងធ្វើសកម្មភាពរួមគ្នាដើម្បីប្រឆាំងនឹងពួកគេ។ ដោយរំលឹកយើងអំពី ច្បាប់ឥស្លាមដែលកំណត់ថាមនុស្សគ្មានសិទ្ធិក្នុងការ បញ្ចប់ជីវិតខ្លួនឯង លោក Gülen បញ្ជាក់៖

នៅក្នុងឥស្លាមគ្មានអ្នកបំផ្ទុះគ្រាប់បែកអាត្តឃាតនោះទេ។ ក្នុងប្រវត្តិ សាស្ត្រឥស្លាមគ្មានទេការ អនុញ្ញាតឲ្យសម្លាប់មនុស្សគ្មានកំហុសនោះ។ នេះជារឿងដែលមិនអាចទៅរួចឡើយ។ ប៉ុន្តែ ជាលទ្ធផលនៃសកម្មភាព របស់មនុស្សមួយចំនួន មនុស្សដែលស្រដៀងគ្នានឹង Karmati និង Kharijites ដែលរងការបង្វក់ដោយថ្នាំញាណឬតាមវិធីផ្សេងទៀត  មាន មនុស្សស្លូតត្រង់ដទៃទៀតជាច្រើនត្រូវរងការបង្ខូចកេរ្តិ៍ឈ្មោះហើយរូបភាពបរិសុទ្ធរបស់ឥស្លាមរងភាពស្រពិចស្រពិល។  មូស្លីម ដែលជាអ្នក តំណាងឲ្យការប្រគល់ខ្លួនចំពោះអល់ឡោះ និង សន្តិសុខ ត្រូវបានគេ ឲ្យនិយមន័យថាជាភេរវករដ៏ធំទៅវិញ។

ក្នុងការសម្ភាសន៍មួយជាមួយសារព័ត៌មាន Zaman daily’s Nuriye Akman លោក Gülen និយាយបន្តថា៖

នៅក្នុងឥស្លាមការសម្លាប់មនុស្សម្នាក់គឺជាសកម្មភាពមួយដែលនឹងទាញទៅរកភាពអជំនឿ។ គ្មាននរណាម្នាក់អាចប៉ះពាល់មនុស្សស្លូតត្រង់គ្មាន កំហុសបានឡើយសូម្បីតែក្នុងពេលមានសង្គ្រាម។ គ្មាននរណាម្នាក់អាច ធ្វើការប្រកាស់ច្បាប់ឥស្លាមក្នុងបញ្ហានេះទេ។ គ្មាននរណាម្នាក់អាចធ្វើជា អ្នកបំផ្ទុះគ្រាប់បែកបានទេ។ គ្មាននរណាម្នាក់រត់ចូលទៅក្នុងហ្វូងមនុស្ស ដោយអោបគ្រាប់បែបទៅតាមខ្លួនបានឡើយ។ មិនថាក្នុងហ្វូងមនុស្ស ទាំងនោះកាន់សាសនាអ្វី ឬក៏អត់នោះទេ ការធ្វើរឿងបែបនេះគឺសាសនា មិនអនុញ្ញាតដាច់ខាត។

ដូច្នេះ សំណួរពិតដែលត្រូវសួរមិនមែនសួរថាតើឥស្លាមអនុញ្ញាតឬហាម ឃាតការបំផ្ទុះគ្រាប់បែកអាត្តឃាត ឬមានភាពឃោឃៅប្រឆាំងនឹងសត្រូវឬអត់ នោះទេ ជាពិសេសពួកអ្នកមានអំណាចខ្លាំងក្លាដែលជាធម្មតាគ្មាននរណាម្នាក់  អាចប្រយុទ្ធបនឹងពួកគេបានទោះបីក្នុងវិធីណាក៏ដោយ។ បញ្ហាស្នូលនោះគឺថា មានមូស្លីមជាច្រើនបានបាត់បង់វិញ្ញាណនៃភាពសណ្តោះប្រណីដែលជានិច្ចកាលតែងតែការពារខ្លួនគេនឹងអ្នកដទៃដែលស្ថិតនៅជុំវិញខ្លួនគេ។ វាបានបាត់បង់ អស់មួយរយៈកាលទៅហើយ។វាជារឿងមួយដែលបានកើតឡើងមុនពេលយើងស្មានដល់ឬបញ្ជាក់ឲ្យបានច្បាស់សម្រាប់ឲ្យអ្នកដ៏ទៃបានដឹងឲ្យបានេពេញលេញ។ វាអាចចាប់ផ្តើមឡើងដោយជម្រោះរវាងសាសនានិងពូជសាសន៍ ប៉ុន្តែអំពើ ហឹង្សា សង្គ្រាម និងភេរវកម្មបានកើនឡើងជាមួយនឹងគំនិតគិតថា វាជារឿង ធម្មតាទៅហើយក្នុងការប្រើប្រាស់កម្លាំងដើម្បីដណ្តើមកាន់កាប់កម្មសិទ្ធិអ្នកដទៃឬទឹកដីដោយមិនបានសួរសំណួរអំពីច្បាប់ណាមួយឬសីលធម្មអ្វីនោះទេ។ ការវាយតម្លៃ យ៉ាងល្អរបស់ Hippler គឺបានបញ្ជាក់ដូចខាងក្រោម៖

នៅក្នុងសង្គ្រាមការសម្លាប់រង្គាល និងសកម្មភាពហឹង្សាខាងនយោបាយ ដទៃទៀតកាលពីមួយឬពីរពាន់ឆ្នាំកន្លងទៅវាមិនមានភស្តុតាងណាមួយបញ្ជាក់ថា មានគោលការខុសគ្នារវាងប្រភេទអំពើហឹង្សាក្នុងប្រទេស  តំបន់ឬក្រុមវប្បធម៌ផ្សេងៗនោះទេ។ ក្នុងតំបន់ទាំងអស់ពេញមួយប្រវត្តិ សាស្ត្រមិនដែលមានរលកនៃអំពើហឹង្សាណាដែលប្រព្រឹត្តទៅក្នុងលំនាំត្រូវគ្នានោះទេ ផ្ទុយទៅវិញវាកើតឡើងនៅពេលខុសៗគ្នាក្នុងទម្រង់ផ្សេងៗ គ្នា។ ទ្វីបអ៊ឺរ៉ុប អាស៊ី អាមេរិក អាហ្វ្រិក គ្រិស្តសាសនិក មូស្លីម ហិនឌូ ពុទ្ធសាសនិក និងសង្គមដទៃទៀតទាំងអស់មានបទពិសោធយ៉ាងធំនៃ អំពើហឹង្សាខាងនយោបាយស្ថិតក្នុងទម្រង់ជាសង្គ្រាម ការសម្លាប់ទ្រង់ ទ្រាយធំការបណ្តេញចេញនិងការគាបសង្កត់...។សៀវភៅទាំងអស់របស់គម្ពីរបែបបលជាភាសាហេប្រូត្រូវបានយកមកប្រើប្រាស់ ចំពោះការបង្ហូរ ហាមខាងកងទ័ពរបស់ស្តេចធំៗការប្រកួតប្រជែងរបស់ពួកគេគឺបន្តក្នុងការបង្ហូរហាម។ សម្ព័នគម្ពីរថ្មីរបស់បែបបលពុំទាន់មានការចាប់អារម្មណ៍ ភ្លាមៗក្នុងសម្រែកសង្គ្រាមនៅឡើយទេ ប៉ុន្តែក្រោយមកវាបានកើតមាន ក្នុងប្រវត្តិសាស្ត្ររបស់សហគមគ្រិស្តសាសនាដោយផ្តល់កំណត់ត្រាគ្រិស្តសាសនាមួយអំពីការបង្ហូរឈាមនិងសង្គ្រាមសាសនា...។ មានការវាយ ដណ្តើមគ្នា របបផ្តាច់ការ និងសង្គ្រាម ស្ទើតែគ្រប់សង្គម និង ប្រព័ន្ធរបស់ ប្រទេសទាំងអស់ដោយទ្រង់ទ្រាយធំនិងបង្កើតទៅជាទម្រង់ផ្សេងៗគ្នាជាច្រើនផស្របទៅតាមបរិបទនយោបាយជាជាងទិដ្ឋភាពខាងវប្បធម៌ និង សាសនា។

ក្នុងកំឡុងពេលធ្វើអាណានិគមនិងសម័យសង្គ្រាមត្រជាក់ ការសិក្សាអំពី វិទ្យាសាស្ត្រសង្គមស្ថិតក្នុងការយល់ច្រឡំយ៉ាងខ្លាំង ហើយតាមពិតទៅ អតីតពួក ធ្វើអាណានិគមនិងពួកគ្រប់គ្រងលើគេក្នុងវិស័យនយោបាយអន្តរជាតិគឺនៅតែមានការជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យយុវជនក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឈនិងប្រទេសមូស្លីមយល់តែបញ្ហាម្ខាងដោយលំអៀង។ ភាគច្រើនមកហើយ អ្នកប្រាជ្ញ និងអ្នកនិពន្ធដែលមានការជម្រុញចិត្តខាងសាសនាមិនអាចមានលទ្ធភាពបង្កើត ឯកសារផ្ទាល់ខ្លួនចំពោះប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ ចិត្តវិទ្យា ទស្សនៈវិទ្យា និង បច្ចេកវិទ្យាសម័យតំណាលគ្នានោះបានឡើយ។ វិបត្តិក្នុងការសិក្សាវិទ្យាសាស្ត្រ សង្គមនិងនយោបាយបានក្លាយទៅជាមានភាពស៊ីជម្រៅទៅក្នុងការកើតមាន នូវសង្គ្រាមចិត្តវិទ្យារវាងពិភពមូស្លីមនិងពួកលោកខាងលិច។ ភាគីទាំងពីរជានិច្ច កាលតែងតែមានប្រតិកម្មតបវិញចំពោះបញ្ហាសំខាន់ៗខាងសិទ្ធិមនុស្យនិងភាព ថ្លៃថ្នូររបស់មនុស្ស។ ដូចអ្វីដែល Akhter កត់សំគាល់ថា

យើងកំពុងត្រូវបានវិស័យវិស្វកម្មនិងឧស្សាហកម្មនៃប្រតិបត្តការជីវិតធ្វើការគំរាមគំហែងដែលប្រព្រឹត្តទៅក្នុងសង្គមមនុស្សទាំងមូលដែលឲ្យតម្លៃខ្ពស់បំផុតលើបុគ្គលនិយមនិងភាពអត្មានិយមជាកន្លែងដែលការស្វែករកផលប្រយោជន៍គឺជារឿងសីលធម៌តែមួយគត់របស់សង្គមទូទៅជាកន្លែងដែលអំណាចនិងទ្រសម្បត្តិប្រមូលក្នុងដៃរបស់មនុស្សតែប៉ុន្មាននាក់ និង ពិភពលោកត្រូវបានពួកមេដឹកនាំបំបែកឲ្យទៅជាតូចៗនិងនាំគ្នាគ្រប់គ្រង ធ្វើការអភិវឌ្ឈនិងកំពុងស្ថិតក្រោមការអភិវឌ្ឈបែកខាងជើងនិងបែកខាងត្បូង ។ល។

មិនខុសអ្វីពីយើងទាំងអស់គ្នាដែលមានរាប់លាននាក់នោះទេ លោក Gülen ក៏រងការគាបសង្កត់និងសម្ពាធផងដែរពីសំណាក់រដ្ឋាភិបាល ហើយ គោល នយោបាយប្រឆាំងនឹងប្រជាជនរបស់រដ្ឋាភិបាលបានឡោមព័ទ្ធលោកក្នុង ប្រទេសទួរគីឬនៅកន្លែងផ្សេងៗទៀត។ ប៉ុន្តែ លោកមិនដែលអស់សង្ឈឹមក្នុងការ បញ្ចុះបញ្ចូលឲ្យប្រជាជនរបស់លោកនិងអ្នកដ៏ទៃទៀតឲ្យធ្វើការនាំមុខគេក្នុងដើរតួនាទីជាអ្នកបង្កើតសន្តិភាពជំនួសឲ្យការពង្រីកភាពស្អប់ខ្ពើមនិងកំហឹងប្រឆាំងនឹងសាសនាដ៏ទៃ ហើយសូម្បីតែជាមួយសត្រូវរបស់លោកក៏ដោយចុះ។ លោក Mark Scheel ជាអ្នកជំនាញនិងវិភាគម្នាក់របស់លោកខាងលិចបានឲ្យឈ្មោះ Gülen ថាជា “Mahatma Gandhi របស់ប្រទេសទួរគី” និង “ជា Rumi ក្នុងយុគសម័យថ្មី” ដែលបានលើកទឹកចិត្តឲ្យប្រជាជាតិទួរគីទាំងមូលកសាង សន្តិភាព និង ភាពស្ងប់ស្ងាត់សម្រាប់ទាំងអស់គ្នា។

នៅក្នុងការសម្ភាសន៍មួយលោក Gülen និយាយថា jihad តូចគឺ “ទទួលរ៉ាប់រងតែទៅលើការបំបាត់ឧបស័ក្តិចោលមុននឹងការធ្វើឲ្យមនុស្សមានលក្ខណៈឥតខ្ចោះខាងសីលធម៌និងផ្លូវចិត្ត ហើយនាំមកនូវសន្តិភាពនិងលំដាប់លំ ដោយក្នុងសង្គមមនុស្ស”។ ការសម្របសម្រួលឲ្យមានភាពចុះសម្រុងគ្នាគឺមាន ភាពចាំបាច់ខ្លាំងណាស់ ក្នុងការបង្កើតសន្តិភាពនៅក្នុងសង្គម។ ដោយធ្វើការ សង្កត់ធ្ងន់អំពីការធ្វើឲ្យ jihad ទៅជាការសម្របសម្រួល លោក Gülen និយាយថា “សង្គមត្រូវតែប្រកាន់ភ្ជាប់នូវការចេះសម្របសម្រួល។ ប្រសិនបើ យើងមិនបានណែនាំ jihad សម្រាប់អ្វីផ្សេងនោះទេ។ យើងគួរតែណែនាំវា ទៅរកការ សម្របសម្រួលទៅ”។

HIZMET(ការបម្រើ)៖ របៀបធ្វើ jihad របស់ Gülen

ការនិយាយនិងសំណេររបស់ Gülen គឺមិនបានស្ថិតក្នុងភាពចង្អៀតទៅ ក្នុងផ្នែកណាមួយជាពិសេសនោះទេ៖ លោកបានសរសេរអត្ថបទយ៉ាងទូលំទូ លាយលើវិស័យអប់រំ វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា ចិត្តវិទ្យានិងទស្សនៈវិទ្យា ប្រវត្តិ សាស្ត្រ ហើយនិង សេដ្ឋកិច្ច។ លើសពីនេះ លោកមានគោលបំណងចុងក្រោយ ក្នុងការព្យាយាមនាំមនុស្សដែលមានជំនឿផ្សេងៗគ្នាឲ្យមានការសន្ទនាគ្នា។ តាមរយៈការសន្ទនាអន្តរជំនឿនិងការអប់រំចំរុះវប្បធម៌ លោក Gülen បាន ទទួលជោគជ័យក្នុងការងារត្រួសត្រាយផ្លូវខាងផ្លូវចិត្ត និង បញ្ញា ជាលទ្ធផល ដែលមិនដែលប្រទះក្នុងសាសនវិទ្យានិងទម្រង់រដ្ឋាភិបាលរបស់មូស្លីមក្នុងប្រវត្តិសាស្ត្រថ្មីៗ នេះទាល់តែសោះ។ ចលនាដែលនិយមទស្សនៈ Gülen ត្រូវបានគេ និយមហៅថា ជាចលនា Hizmet ។ នៅក្នុងន័យអក្សរសាស្ត្រពាក្យ Hizmet មានន័យថាជាការបម្រើប៉ុន្តែក្នុងភាពជាក់ស្តែងវិញវាជាភាពចាំបាច់នៃសមាជិកក្នុងសហគមន៍មួយដើម្បីឲ្យមនុស្សដែលមានសតិសម្បជញ្ញៈទាំងអស់ធ្វើការបម្រើជនរួមជាតិរបស់ខ្លួននិងអ្នកដទៃដែលមាននៅជុំវិញយើង។ ជាឧទាហរណ៍ យោងតាម Gülen ការអប់រំគឺមិនមែនគ្រាន់តែជាកាតព្វកិច្ចមួយរបស់សាសនា ទាំងលើសហគមនិងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាជាសេវាកម្មមួយដែលមិនចប់ជូន ទៅចំពោះសិស្ស សង្គម និង ពិភពលោក។

ចក្ខុវិស័យជាសកល ដែលឥស្លាមបានធ្វើការផ្សាយជាច្រើនសតវត្សមក ហើយនោះត្រូវបានធ្វើឲ្យមានការខូចឃាតយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាមនិងជម្លោះ។ ប៉ុន្តែ សូហ្វី អ្នកច្បាប់ និងសាសនវិទូមូស្លីមបានធ្វើការប្រកាន់ភ្ជាប់នូវតម្លៃ របស់ មនុស្សជាច្រើនដែលទទួលបានពីអរិយធម៌របស់ឥស្លាម។ អ្នកវិទ្យាសាស្ត្រ មូស្លីមក៏បាន បញ្ជូនគំរូនៃការស្រាវជ្រាវខាងការគិតនិងរបកគំហើញពីច្បាប់ ធម្មជាតិ ទៅកាន់លោកខាងលិចផងដែរ ដែលតាមរយៈព័ត៌មានទាំងនេះហើយ ពួកគេបានទទួលជោគ ជ័យជាបន្តបន្ទាប់ក្នុងការប្រើប្រាស់វាសម្រាប់ការ អភិវឌ្ឈវិស័យឧស្សាហកម្មនិង ទីក្រុងជាលក្ខណៈទ្រង់ទ្រាយធំ។ ដោយទទួល រងគ្រោះពីរបបអាណានិគមនិយម ការបង្ហូរឈាមនិងការត្រួតត្រាប្រជាជន មូស្លីមជាច្រើនបានបាត់បង់បេះដូង និងវិញ្ញាណជាអ្នកឥស្លាមដែល ពីមុនមក បានលះបង់យ៉ាង ធំធេងចំពោះមនុស្សជាតិនិងជនរួមជាតិក្នុងមាតុភូមិ។ ភាព អាប់ឱនខាងសីលធម៌របស់លោកខាងលិចនិងពួកអ្នកសម្ភារនិយម បានព័ទ យកប្រជាជាតិមូស្លីមជាច្រើនទៅតាមរបៀបមួយដែលធ្វើឲ្យពួកគេបាត់ បង់ស្ថេរ ភាពខាងនយោបាយនិងភាពថ្លៃថ្នូរខាងបញ្ញា។ លើសពីនេះទៅទៀត ការ បញ្ចេញមតិខាងគំនិតនិង នយោបាយរបស់មូស្លីមគឺមិន អាចមានឥទ្ធិពល ពិតប្រាកដណាមួយលើលទ្ធផល នៃការសិក្សាអំពីសង្គមដែលជាវិន័យអប់រំនៅ កម្រិតស្ថាប័នអប់រំនោះទេ។ ម៉្យាងទៀត ប្រទេសមូស្លីមនៅលើ ពិភពលោក ទាំងអស់បានចាប់ផ្តើមធ្វើត្រាប់ តាមវិធីបំផ្លាញដោយទាមទាចង់បាននូវ របៀប របបបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយធ្វើការបំផ្លាញនូវប្រព័ន្ធជីវៈចម្រុះ និង បរិស្ថានជុំវិញ។

ដោយមើលឃើញពីវិបត្តិដ៏រាំរៃរបស់លោកខាងលិចក្នុងលទ្ធផលនៃការបកស្រាយបែបវិភាគនិងភាពបរាជ័យក្នុងការកសាងឡើងវិញវាគឺជាការទទួលខុសត្រូវមួយទៅលើប្រជាជនមូស្លីមដែលបំពាក់ទៅដោយវិធីប្រើភាពសមហេតុផលផ្អែកលើចំណេះដឹងគូរអានដើម្បីបង្កើតទំនាក់ទំនងឲ្យមាន ភាពជិតស្និទជាមួយនឹងការអប់រំបែបវិភាគរបស់លោកខាងលិចមិនថាពួកគេមានទំនោរឬទិសដៅអ្វីក៏ដោយចុះ។ការអប់រំដែលមានមូលដ្ឋានផ្អែកលើទស្សនៈវិទ្យា ការគិត និង វប្បធម៌ទាំង នេះកំពុងរីកសុសសាយ ពីមួយថ្ងៃទៅមួយ ហើយវាបានផ្តល់នូវច្រកមួយដ៏ល្អទៅ ក្នុងវិធីប្រើភាព សមហេតុផលភ្ជាប់ជាមួយលោកខាងលិចសម្រាប់ផលប្រយោជន៍របស់មនុស្សជាតិទាំងមូល...។វិបត្តិរបស់លោកខាងលិចគឺទាក់ទងនឹងរបៀបបកស្រាយមួយដែលមិនអាចកសាងឡើងវិញបាននូវបំណុលដែលជំពាក់ចំពោះការបិសេធទ្រឹស្តីអល់ឡោះ ភាពលើសលប់ និង ការបញ្ជូនសារ។ វិបត្តិក្នុងពិភពមូស្លីមបានបង្ហាញឡើងក្នុងរបៀបនៃការដោះស្រាយប្រកប ដោយគុណវិបត្តិចំពោះកេរ្តិ៍តំណែលដែលប្រកបដោយទេពកោសល្យ ប៉ុន្តែវាតែងតែជួបប្រទះនូវឥរិយាបទនឹងនក្នុងការបកស្រាយនូវកេរ្តិ៍តំណែលនោះដូច្នេះធ្វើឲ្យវាមិនអាចទទួលយកនូវគំនិតនិងវិធីសាស្ត្រនៃពិភពលោកក្នុងសម័យជាមួយគ្នានិងប្រកបដោយភាពរស់រវើកមួយបាន។

វាគ្មានប្រយោជន៍អ្វីនោះទេ ដែលគិតតែមួយមុខថា ប្រទេសឬប្រជាជន មួយផ្លាស់ប្តូរទៅកានភាពអាក្រក់មិនមែនដោយសារទំនាក់ទំនងដែលបង្កឡើងនិងជះឥទ្ធិពលក្នុងប្រព័ន្ធអប់រំយុវជននោះ។ ភាពជោគជ័យដ៏លើសលប់ខាង វិស័យវិទ្យាសាស្ត្ររបស់លោកខាងលិចបានធ្វើឲ្យពិភពលោកទាំងមូលក្លាយជា ផលប្រយោជន៍ចំពោះ “ពួកស្បែកស” មកលើប្រជាជនពិភពលោកទាំងមូល ដោយស្រ័យប្រវត្តិ។ ការប្រកាន់ពូជសាសន៍ក្នុងតំបន់អាហ្វ្រិកខាងជើងធ្វើឡើង ក្រោមការគាបសង្កត់ពីពួកកងទ័ពស្បែកសដែលនៅភាសពេញផែនដី។ ប្រទេស ឥណ្ឌាបែបអង់គ្លេសគឺគ្រាន់តែជាទិដ្ឋភាពមួយដែលគេយល់ច្រឡំ ឬមើលមិន ឃើញតែប៉ុណ្ណោះ កើតចេញពីប្រព័ន្ធអយុត្តិធម៌ និង សាហាវឃោឃៅរបស់  រដ្ឋាភិបាលនិងការបង្ហូរឈាមដូចគ្នាដែលគ្មានទេនៅក្នុងច្បាប់និង ទស្សនៈវិទ្យា ឥស្លាម។ ប៉ុន្តែប្រជាជនមូស្លីមភាគច្រើនបានបរ៉ាជ័យក្នុងការដោះស្រាយនូវ លទ្ធផលដែលកើតចេញពីការបង្ហូរឈាមរបស់ពួកអាណានិគម ហើយចលនា ជាតិនិយមគឺជាលទ្ធផលដែលនាំឲ្យមានការបែកបាក់គ្នាក្នុងពិភពមូស្លីមទៅជាង ៣៧ ប្រទេស។

បញ្ហាចម្បងដែលប្រទេសមូស្លីមបានជួបប្រទះនោះគឺ ប្រព័ន្ធអប់រំហួស សម័យនិងអត្រាគ្មានការងារធ្វើច្រើន។ បញ្ហាផ្សេងៗទៀតទាំងអស់រួមមានបញ្ហា សង្គម និង សេដ្ឋកិច្ចធ្លាក់ចុះគឺគ្រាន់តែជាអាការៈនៃប្រព័ន្ធអប់រំ ការតាក់តែង ច្បាប់ និង តុលាការមានភាពខុសឆ្គងតែប៉ុណ្ណោះ។ ប្រទេសដែលជារដ្ឋមូស្លីម នៅតែមិនអាចធ្វើឲ្យមានការរីកចម្រើនបាន ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធដែល មានស្រាប់ ដែលបន្សល់ទុកពីប្រព័ន្ធពួកអាណានិគម និងការប្រជែងគ្នាក្នុង សង្គ្រាមត្រជាក់រវាងរុស្សី និងសហរដ្ឋអាមេរិក។

ទំនាក់ទំនងរបស់ប្រទេសមហាអំណាចមូស្លីមទៅក្នុងនយោបាយ“មហាអំណាច” ក្នុងឆាកអន្តរជាតិជាច្រើនទសវត្សកន្លងមកនេះ គឺបណ្តាលមកពីការ បែងចែកផលប្រយោជន៍ឬរបបផ្តាច់ការដែលប្រព្រឹត្តអំពើពុករលួយហួសហេតុ ក្នុងប្រទេសមូស្លីម។ ដូច្នេះប្រជាជាតិមូស្លីមបានបាត់បង់ឱកាសក្នុងការកសាង ប្រព័ន្ធច្បាប់ និង នយោបាយខ្លួនឯងដែលអាចភ្ជាប់ទំនាក់ទំនងរវាងពួកអ្នក លំដាប់ៗជាមួយប្រជាជនសាមញ្ញៗបាន ដើម្បីឲ្យមានភាពជិតស្និទិក្នុងប្រព័ន្ធ គ្រប់គ្រង។

ច្បាប់អរូបីនៃវិទ្យាសាស្ត្រពិត៖ ផ្នែកនៃ jihad ដែលមានការបាត់បង់

ចំណេះដឹងឥស្លាមដែលត្រូវបង្ហើបឲ្យដឹងទាំងប៉ុន្មានបានសង្កត់ធ្ងន់លើគោលការណ៍វិទ្យាសាស្ត្រអរូបីដែលមិនអាចយល់បានទាំងស្រុងនោះទេនិងបានធ្វើឲ្យយើងដឹងតាមរយៈច្បាប់និងបទបញ្ជាដែលយើងបានទទួលនៅក្នុងភាពពិតឬ ឋាម ពលនៃលោកិយ​។ ប៉ុន្តែរបកគំហើញនៃចំណេះដឹងខាងវិទ្យាសាស្ត្រដែលមាន ភាពជាក់លាក់និងការប្រើលក្ខណៈពិសេសទាំងនោះនៅក្នុងជីវិតលោកិយគឺមាន ប្រយោជន៍ខ្លាំងណាស់ដើម្បីយល់អំពីខ្លឹមសារស្នូលនៃវិទ្យាសាស្ត្រអរូបីយ និង មេរៀនដែលទទួលបានពីអល់ឡោះ។ ការស្វែងយល់អំពីភាពជាម្ចាស់បង្កើត លោកក្នុងឥស្លាមគឺមានភាពខុសគ្នាពីទស្សនៈសាសនាដ៏ទៃ។ គ្មាននរណាអាច អះអាងថាមានទំនាក់ទំនងដោយផ្ទាល់ណាមួយជាមួយម្ចាស់ដ៏ខ្ពង់ខ្ពស់នោះទេ។ ប៉ុន្តែមិនខុសអ្វីពី “ពិភពលោកដែលមានស្រាប់”ដ៏ទៃទៀតនោះទេ មនុស្ស លោកទាំងមូល មានទំនាក់ទំនងយ៉ាងពិតប្រាកដទៅនឹងម្ចាស់បង្កើតលោកដ៏ មានភាពលើសលប់ដែលបានគ្រប់គ្រងសកលលោកទាំងមូល។ សកលលោក ឬ ផ្នែកណា មួយចក្រក្រវ៉ាលនេះ មិនបានឬមិនអាចអះអាងថាមានភាពឯករាជ្យ ដាច់ដោយ ឡែកពីគេក្នុងការដំណើរការណ៍ប្រព័ន្ធរបស់ខ្លួនបានទេ។

មនុស្សលោកក្នុងនាមជាភាវៈរស់មួយដែលមានភាពឯករាជ្យគឺត្រូវញែកឲ្យដាច់ឆ្ងាញពីគេយ៉ាងច្បាស់ប៉ុន្តែធ្វើការភ្ជាប់ទំនាក់ទំ នងជាមួយបរិស្ថានជុំវិញ ទៅ តាមរបៀបគ្រប់យ៉ាងដែលអាចធ្វើទៅបាន។ ទោះជាជាយ៉ាងណាក្តី ទំនាក់ ទំនង ជាមនុស្សរបស់គេអាចមានកម្រិត រីឯទំនាក់ទំនងអរូបីវិញនៅតែមាន ភាពខុស ប្លែកពីគ្នានិងស្មុគស្មាញក្នុងការស្វែងយល់ឲ្យបានពេញលេញតាមរយៈ aql (ប្រាជ្ញា) របស់មនុស្សឬវិញ្ញាណនៃភាពសមហេតុផលដ៏ដែល ដែល មានទំនាក ទំនងនឹងសភាវគតិខាងប្រាជ្ញាទូទៅច្រើនជាងទំហំនៃឧត្តមគតិដ៏ខ្ពង់ ខ្ពស់ និង វិធីសាស្ត្រដ៏គួរឲ្យទុកចិត្តកម្រិតកំពូលខាងវិញ្ញាណទៅទៀត ដោយ គ្មានភាពលំអៀងអ្វីឡើយ។ សូម្បីតែគំនិតស៊ីជម្រៅដ៏ឆ្លាតវាងវៃបំផុតក៏មិនអាច ចាត់ ទុកចិត្តថាជា ilham ជាអ្វីដែលត្រូវបានចាត់ទុកជាការពិតតែមួយគត់អំពី ចំណេះ ដឹងដ៏អាថ៌កំបាំង។  វាមិនមែនជាកិច្ចការរបស់យើងនោះទេក្នុងការប្រ កាស់ថា នរណាមានភាព ខ្ពង់ខ្ពស់ជាងនរណាក្នុងចំណេះដឹងអំពី marifah នោះ។

នៅក្នុងសង្គមនិងប្រទេសមូស្លីមជាច្រើន ពួកគេមានការយល់ច្រឡំអំពីផ្លូវ សម្រាប់ដើរឆ្លងកាត់ដែលមនុស្សម្នាក់ៗអាចមានដំណើរនៃការអប់រំ បទពិសោធ និង ផ្លូវចិត្តដើម្បីឲ្យសម្រេចបាននូវចំណេះដឹងដ៏ខ្ពង់ខ្ពស់អំពី marifah។ មាន គំនិតបែកឆ្វែងខាងសាសនាជាច្រើន ព្យាយាមប្រឌិតរឿងបោកប្រាស់ឲ្យគេ អនុវត្តតាម ពាក់ព័ន្ធនឹងរឿង marifah ហើយមនុស្សដែលជាសាធារណៈជន ទូទៅជាច្រើន ចាញ់បោកមេដឹកនាំសាសនាដែលខិលខូចដែលធ្វើសម្រាប់តែ ផលចំណេញខាងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ក៏ប៉ុន្តែអ្នកខាង ផ្លូវចិត្តពិតប្រាកដវិញ បានអនុវត្តនូវវិធីផ្សេងៗរបស់ marifah ដែលពិតជាមាន ប្រយោជន៍ធ្វើឲ្យវិញ្ញាណ របស់មនុស្សនិងសង្គមមានពន្លឺឡើង។ មានទស្សនៈ ខុសឆ្គងមួយចំនួនអំពី marifah បានរីកសុសសាយ ដែលនិយាយថា marifah គឺជាវិធីសាស្ត្រដែលមិន មែនជាចំណេះដឹងពិតខាងវិទ្យាសាស្ត្រអំពីលោកិយ នោះទេ ហើយវាជាជំនឿ មួយដែលប្រឆាំងនឹងការស្រាវជ្រាវនៃការពិតដោយ ផ្អែកលើវិទ្យាសាស្ត្រ។

Gülen និយាយថា “រឿងដែលផ្ទុយពីចំណេះដឹងវិទ្យាសាស្ត្រនោះគឺភាព អវិជ្ជា ចំណែករឿងដែលផ្ទុយពី marifah នោះគឺការបដិសេធ”។ ការបដិសេធ រឿងពិតដ៏ចាំបាច់បំផុតក្នុងជីវិតនិងរឿងនាថ្ងៃបរលោកធ្វើឲ្យមានផលវិបាកមួយ យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនគ្រប់រូបព្រមទាំងសង្គមឬប្រជាជាតិទាំងមូល។ ការ បដិសេធនោះ គឺការមិនជឿលើការពិតថាអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ដែលជា ប្រភពនៃអំណាចនិងអ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្រោមបង្គាប់ច្បាប់ដែលលោកបាន កំណត់ដែលចេញមកពីប្រភពតែមួយដូចគ្នា គឺការអាណិតស្រឡាញ់ និង សណ្តោះប្រណីដល់សភាវៈទាំងអស់។ ទង្វើល្អតែងតែនាំទៅរកលទ្ធផលល្អ ហើយទង្វើអាក្រក់និងនាំទៅរកលទ្ធផលអាក្រក់។ វាមិនខុសអ្វីពីវិទ្យាសាស្ត្រពិត នោះទេដែលអាចយកមកបង្ហាញបានក្នុងជីវិតពិតដែលមានគ្រប់កម្រិតទាំងអស់ ចាប់ពីជីវិតបុគ្គលទៅកាន់ជីវិតរបស់ប្រជាជាតិផ្សេងៗគ្នា។ ដូចអ្វីដែលលោក Gülen៖

ទស្សនៈពិតមួយនៃវិទ្យាសាស្ត្រនឹងធ្វើការភ្ជាប់រឿងខាងផ្លូវចិត្តនិងភាពអរូបីជាមួយនឹងការយល់ឃើញដ៏ទូលំទូលាយពេញលេញមួយដែលអះអាងនូវទំនាក់ទំនងចាំបាច់និងមិនអាចបំបែកពីគ្នាបានរវាងចំណេះដឹងវិទ្យាសាស្ត្រនិងវត្តមាននៃជីវិតទាំងមូល។ មានតែគំនិតដែលគ្របដណ្តប់ទាំង ស្រុងលើអ្វីៗទាំងអស់របស់វាតែប៉ុណ្ណោះដែលអាចហៅថាជាវិទ្យាសាស្ត្រដ៏ពិតប្រាកដបាន។ ការមើលឃើញជីវិតថា ជារូបធាតុដែលដាច់ឆ្ងាយពី គ្នា ហើយព្យាយាមស្វែងរករឿងទាំងមូលពីគំនិតបែបនេះចុងក្រោយនឹង លិចលង់ក្នុងភាពច្រើនសន្ធឹកសន្ធាប់។ ផ្ទុយទៅវិញការឱបក្រសោបទាំង អស់និងបន្ទាប់មកសិក្សាពីផ្នែកមួយៗរបស់វា ក្នុងពន្លឺនៃភាពទាំងមូល  អនុញ្ញាតឲ្យយើងធ្វើការសន្និដ្ឋានបានយ៉ាងសមហេតុផលអំពីភាពពិតនៃជីវិត។

នៅក្នុងភាពជាក់ស្តែង វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការធ្វើឲ្យ ភាពអត្មានិយមខាងលោកិយ មានតុល្យភាពឬមានការសហការគ្នាក្នុងប្រព័ន្ធ មួយដែលពួកវណ្ណៈអភជន និងអ្នកមានអំណាចអាចធ្វើការលះបង់ចំពោះបុព្វ ហេតុដ៏ខ្ពង់ខ្ពស់នៃមនុស្សជាតិនិងធ្វើការការពារនូវផលប្រយោជន៍នៃផ្នែកដែលទន់ ខ្សោយរបស់ប្រជាជនបាន។ លើសពីនេះទៅទៀត របៀបធ្វើឲ្យសម្រេច ជោគជ័យបែបវិទ្យាសាស្ត្រគឺងាយនឹងបង្កឲ្យមានផលប៉ះពាល់ ហើយការប្រើ ចំណេះដឹង ខាងវិទ្យាសាស្ត្រខុសអាចបណ្តាលឲ្យមានគ្រោះថ្នាក់និងការឈឺចាប់ យ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមប្រជាជនក្រីក្រនិងទុគិត ដែលមិនអាចមានលទ្ធភាព ចំណាចលើ ហេដ្ឋារចនាសម្ព័នសម័យថ្មីបាន។

រាល់ការផ្លាស់ប្តូរជាទ្រង់ទ្រាយធំណាមួយទាក់ទងនឹងវិធីសាស្ត្រនៃការផលិតនិងប្រព័ន្ធចែកចាយរបស់ប្រើប្រាស់ដែលចាំបាច់នៅក្នុងប្រទេសទាមទាឲ្យមាន ការពិនិត្យពិច្ឆ័យឲ្យបានម៉តចត់ដើម្បីការពារផលប្រយោជន៍របស់ប្រជា ជន។ ក្នុងការណីបែបនេះ ចំណេះដឹងខាងភាពអរូបីឬសមត្ថភាពនៃការស្រមើល ស្រមៃ របស់មនុស្សគឺកាន់តែមានតម្លៃនិងមានថាមពលថែមទៀតដើម្បីឲ្យ សង្គមមានភាពប្រសើរឡើងបានទាំងស្រុង។ ប្រសិនបើគ្មានសមត្ថភាពក្នុងការ ស្រមើលស្រមៃទេនោះ មនុស្សលោកមិនខុសអ្វីពីសត្វនោះទេ។ ដោយសារតែ មនុស្សមាន សមត្ថភាពក្នុងការស្រមើលស្រមៃ ទាមទាឲ្យយើងរក្សានូវសតិសម្ប ជញ្ញៈរបស់ ខ្លួនឲ្យមាននូវភាពជាមនុស្សគ្រប់ប្រភេទទាំងអស់(tawadu)ចំពោះ អ្នកដ៏ទៃនិងចរិកនៃភាពមិនលោកលន់ដែលបានបង្កើតឡើងយ៉ាងត្រឹមត្រូវ(zuhd)ដើម្បីឲ្យរាងកាយនិងវិញ្ញាណមានការរីកចម្រើន។ ទាំងនេះមិនមែនជាចំណេះ ដឹងវិទ្យា សាស្ត្រនោះទេ តែវាជាសិល្បៈនៃការរស់នៅនិងភ្ជាប់ខ្លួនទៅនឹងទំលាប់ រស់នៅ ល្អនិងជៀសវាងទំលាប់ធ្វើទង្វើអាក្រក់ ដើម្បីបម្រើបុគ្គលនិងសង្គមជាតិ បាន។ ដោយបរាជ័យក្នុងការផ្តល់សេវាកម្មបែបនេះចំពោះបុព្វហេតុមនុស្សជាតិ មូស្លីមច្បាស់ជារងនូវភាពបរាជ័យក្នុងកិច្ចការសាសនានិងកិច្ចការខាងសំខាន់ៗផងដែរ។ ក្នុងប្រធានបទនេះ លោក Gülen បានយោងលើប្រយោគមួយរបស់
គូរអានថា៖

ឱ អ្នកដែលមានជំនឿ! ប្រសិនបើនរណាម្នាក់បោះបង់សាសនានេះ ចោល អល់ឡោះនឹងនាំមក នូវមនុស្សមួយក្រុមដែលលោកស្រលាញ់ ហើយពួកគេក៏ស្រលាញ់លោក ពួកគេទន់ភ្លន់ចំពោះ អ្នក មានជំនឿ និង មានអានុភាពទៅលើពួកអជំនឿពួកគេតស៊ូក្នុងបុព្វហេតុមាគ៌ាអល់ឡោះ ពួកគេឥតខ្លាចរអែងចំពោះការចំអក ពីអ្នកដែលប្រមាថណាម្នាក់ឡើយ។ នេះគឺជាការអនុគ្រោះរបស់អល់ឡោះដែលលោកបានប្រទានចំពោះមនុស្សដែលលោកប្រាថ្នា ហើយអល់ឡោះជា អ្នកទូលាយក្រៃលែង ជាអ្នក ដឹងបំផុត។

ខ្ញុំបម្រើនៃម្ចាស់មហាសប្បុរសគឺពួកអ្នកដែលធ្វើដំណើរលើដីដោយអោនលំទោន ហើយកាល ណា ពួកដែលអវិជ្ជាបានថ្លែងទៅកាន់ពួកគេផ្ទាល់ ពួកគេបានតបវិញដោយសន្តិភាព។

រចនាបទជីវិតនិងការគិតរបស់មូស្លីម muraqaba (ការត្រិះរិះប្រកប ដោយ ការត្រួតពិនិត្យយ៉ាងរឹងមាំចំពោះខ្លួនឯង) ដើរតួនាទីយ៉ាងសំខាន់ក្នុង ស្វែងរកទី តាំងដ៏ត្រឹមត្រូវសម្រាប់ឲ្យមូស្លីមរស់នៅនិងធ្វើការ។ ប្រសិនបើមិន មានគ្រឿងបង្គំ ខាងផ្លូវចិត្តឬអរូបីនៃរបៀបរស់នៅរបស់មូស្លីមនៅកម្រិតមូលដ្ឋាន ទេនោះ មូស្លីម អាចនឹងចូលរួមក្នុងក្រុមហឹង្សាណាមួយដើម្បីនាំមកនូវការផ្លាស់ ប្តូរយ៉ាងគំហុកមួយក្នុងផ្នែកសេដ្ឋកិច្ច នយោបាយ និង បរិស្ថានសង្គមដែលពួក គេរស់នៅ។ ឥស្លាមមិនបានចាត់ទុកមេដឹកនាំសាសនាថាជាអ្នកដើរតួសម្រប សម្រួលរវាង មនុស្សលោកនឹងអល់ឡោះនោះទេ មូស្លីមត្រូវតែចេះស្វែងយល់ និងសហការ ដោយយក muraqaba ពោលគឺការចេះគ្រប់គ្រងខ្លួនឯងមក អនុវត្តក្នុងជីវិត ដែលមូស្លីមប្រុសស្រីឲ្យរក្សានូវសន្តិភាពនិងភាពច្នៃប្រឌិតពេញ មួយជីវិតរបស់គេ។ លោក Gülen បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើ ទស្សនៈនេះ៖ “muraqaba គឺជាវិធីសំខាន់បំផុតនិងផ្ទាល់មួយដើម្បីឈាន ឆ្ពោះទៅអល់ឡោះ ដោយមិនត្រូវការមានការនាំផ្លូវ។ វាបានបង្កើតឡើងនូវភាព ជាអ្នកមានបុណ្យ ឡើងដែលទទួលបានតាមរយៈភាពជាដំណាក់ៗទៅបេសក កម្មរបស់ព្យាការី ដែលនឹងនាំយកនូវសាររបស់អល់ឡោះមកកាន់មនុស្ស ដោយ មិនចាំចបាច់ធ្វើ តាមស្ថាប័នលត់ដំខាងផ្លូវចិត្តណាមួយនោះទេ”។

សាសនាផ្សេងៗនៅលើផែនដីនេះច្បាស់ជាមិនអនុញ្ញាតឲ្យអ្នកព្យាយាម ធ្វើដំណើរឆ្ពោះទៅរកការទទួលបានពរជ័យពីអល់ឡោះដោយផ្ទាល់ដោយគ្មាន អ្នកនៅចន្លោះរវាងមនុស្សនិងអល់ឡោះបានឡើយ។​ ក្នុងពេលដែលឥស្លាមមិន ទទួលស្គាល់ប្រព័ន្ធនៃការបួសជាបុព្វជិត ប៉ុន្តែនៅមានអ្នកដែលដឹកនាំផ្លូវចិត្ត ម្នាក់ដើម្បីជួយណែនាំក្នុងដំណើរចាប់ផ្តើមនៅលើផ្លូវដ៏ត្រង់ប្រកបដោយសុវត្តិភាពជានិច្ចហើយទប់ស្កាត់ពួកគេពីភាពការឈឺចាប់ពីភាពវង្វេងពីដំណើរឈានឆ្ពោះទៅរកអល់ឡោះ។

ការទទួលអារម្មណ៍នៅកម្រិត fana (បំបាត់ភាពអត្មានិយមដោយប្រើពន្លឺ របស់អល់ឡោះ) ហើយគំនិតអំពី insan al-kamil (មនុស្សប្រុសឬស្រីដែលរស់ នៅអាស្រ័យនឹងច្បាប់ដ៏ច្បាស់លាស់និងទាំងស្រុងរបស់អ់ល់ឡោះ)​ជាដំណាក់ កាលខាងបញ្ហាចិត្តឬស្ថានភាពខាងស្មារតីមួយដែលអាចនាំមនុស្សមួយចំនួនទៅរកភាពវង្វេងបាន ជាពិសេសនៅពេលដែលពួកគេមិនមានសាសនា ឬការ ដឹកនាំខាងផ្លូវចិត្តណាមួយនោះទេ។ នៅពេលដែលអវត្តមាននៃការដឹកនាំខាង សាសនា និង ផ្លូវចិត្តដ៏រស់រវើក មនុស្សអាចទទួលបានជំនួយដោយផ្ទាល់ពី ការស្រាវជ្រាវខាងវិទ្យាសាស្ត្រដែលគេប្រើប្រាស់វាសម្រាប់ផលប្រយោជន៍សង្គមឬប្រទេសជាធំនិងជាសេសមនុស្សរស់នៅក្នុងស្ថានភាពលំបាកវេទនា។​ ក៏ប៉ុន្តែ ការធ្វើឲ្យមានទំនាក់ទំនងគ្នារវាងគំនិតអរូបីនិងចំណេះដឹងវិទ្យាសាស្ត្រដែលមានភាពច្បាស់លាស់គឺជាកិច្ចការដ៏ពិបាកបំផុតមួយ ព្រោះចំណេះដឹងវិទ្យាសាស្ត្រគឺ នៅមានព្រំដែននិងមានកម្រិតខ្វះខាតនៅឡើយ។ លោក Gülen បានកត់ សម្គាលថា៖

កុំភ្លេចឲ្យសោះថា ប្រភពដ៏សំខាន់បំផុតនៃវិទ្យាសាស្ត្រ ការគិតពិចារណា និង សិល្បៈ (គុណធម៌ និង​ សីលធម៌) គឺជាភាពអរូបី។ យើងអាចដឹងនូវរាល់វត្តមានទាំងអស់ដោយប្រើប្រាស់វិធីសាស្ត្រនៃការគិតពិចារណាដ៏សមហេតុផលដោយផ្អែកលើភាពអរូបីដ៏បរិសុទ្ធ។ ទាំងនេះ អនុញ្ញាតឲ្យយើងមើលឃើញនូវវត្តមានជីវិតទាំងមូលបាន និង ធ្វើ ដំណើរឆ្លងកាត់ទិដ្ឋភាពរបស់វាកាន់តែជ្រៅជាងមុន។ ប្រសិនបើគ្មាន អារម្មណ៍ខាងផ្លូវចិត្ត និង​ ភាពអរូបីទេ យើងមិន អាចកសាងសហគមន៍ មួយឲ្យឈរនៅលើគ្រឹះដ៏ត្រឹមត្រូវបានទេ។ សហគមន៍បែបនេះត្រូវបាន បង្ខំស្នើសុំអ្នកដ៏ទៃជាបន្ត។ សហគមន៍ដែលខ្វះខាតនូវគំនិតអរូបីខ្លះៗ ទទួលរងទុក្ខពីវិបត្តិ អត្ថសញ្ញាណ។

យើងអាចសន្និដ្ឋានបានដោយគ្មានការសង្ស័យថាទន្ទឹមគ្នានឹងមនុស្សដ៏ទៃ ទៀតជាច្រើន ប្រជាជាតិមូស្លីមនិងជាតិសាសន៍ជាច្រើនបានទទួលរងទុក្ខវេទនា ពីវិបត្តិ នៃអត្ថសញ្ញាណយ៉ាងធ្ងន់ធ្ងរ។ នេះមិនមែនជាបញ្ហាអត្ថសញ្ញាណនៃ ប្រជាជាតិ ឬ និកាយនោះទេ។ មូស្លីមអាចអះអាងបានយ៉ាងងាយថាខ្លួនកាន់ និកាយ ស្ហីអ៊ីត ឬសុននី និង មានទស្សនៈប្រកាន់តាមបែប Hanafi, Shafi’i, Maliki និង Hanbali។ ប៉ុន្តែអត្ថន័យខាងផ្លូវចិត្តពិតប្រាកដឬក្នុងន័យនៃការ រស់នៅដោយ ការចេះដាក់ខ្លួន ភាពខុសគ្នាទាំងនេះមានន័យតិចតួចណាស់និង​ខុសគ្នាតែក្នុង ទម្រងការអនុវត្តតែប៉ុណ្ណោះ។ មានទម្រង់ប្រតិបត្តិជាច្រើនគឺជា ផ្នែកដែលដាក់បញ្ចូលគ្នាយ៉ាស់នៃរបៀបរស់នៅខាងផ្លូវចិត្តបែបឥស្លាម ប៉ុន្តែ ទម្រង់បែបនោះតែ មួយមុខមិនអាចនាំយកនូវផលប្រយោជន៍ចំពោះអ្នកអនុវត្ត ខាងនិកាយឬសាសនាណាមួយដោយស្វ័យប្រវត្តិបានទេ ប្រសិនបើទម្រង់ទាំង នោះមិនបានអមជាមួយនូវ concrete material ដែលផ្តល់ប្រយោជន៍សម្រាប់ អ្នកជាប់ពាក់ព័ន្ធ និងសង្គមរបស់ទេនោះ។

សព្វថ្ងៃនេះអ្វីដែលអាចមើលឃើញនៅលើពិភពលោកនោះគឺនៅពេលដែលប្រជាជាតិឬប្រទេសរបស់យើងកាន់មាន ទុក្ខវេទនារបស់ប្រជាជនក្រីក្រក្នុង សង្គមកាន់តែកើនឡើងជាមួយល្បឿនមួយដែលមិនអាចទប់បាននិងគួរឲ្យខ្លាច។ គំលាតរវាងអ្នកមាននិងអ្នកក្រកើនឡើងជារៀងរាល់ថ្ងៃនិងគ្រប់ពេលវេលា ដោយលទ្ធលផលកំពុងតែបង្ហាញឡើង រួមមានការធ្វើឲ្យមនុស្សអស់សង្ឈឹម ដោយកង្វះអាហារ ទឹកផឹក ជម្រក ការអប់រំដ៏ត្រឹមត្រូវ និង​ថ្នាំសំកូវសម្រាប់ព្យា បាលជំងឺ ធម្មតា។ មនុស្សមួយចំនួនត្រូវបានបណ្តេញចេញពីប្រទេសកំណើត ជារៀងរហូត ស្រដៀងគ្នានឹងអំពើប្រលៃពូជសាសន៍និងគ្មានកន្លែងជ្រកកោណ ក្នុងនាមជាមនុស្សធម្មតាដែលមានភាពថ្លៃថ្លូរ ជាមនុស្សដែលគេរំពឹកទុកថានឹង មើលថែក្រុម គ្រួសាររបស់ខ្លួនដោយជោគជ័យដូច្នេះបេសកកម្មរបស់ខ្លួននៅលើ ផែនដីក្នុងនាមជាភ្នាក់ងារខាងផ្លូវចិត្តក្នុង និងក្រៅនឹងមាននូវអត្ថន័យនិងភាព ខុសប្លែកពីភាវៈដ៏ទៃទៀត។

ការបញ្ចេញមតិទាំងស្រុង អំពីអត្ថសញ្ញាណឥស្លាមនិងវប្បធម៌មូស្លីម បច្ចុប្បន្នកំពុងធ្លាក់ក្នុងដៃសត្រូវឬអង្គការប្រព័ន្ធចាត់តាំងរដ្ឋខុសដែលមានការអនុវត្តគ្រប់ទីកន្លែង។ ហើយវិបត្តិនេះចាប់ផ្តើមមុនពេលដែលយើងអាចដឹងវាបាន យ៉ាងទូលំទូលាយ។ ការគាប់សង្គត់របស់ពួកអាណានិគមមកលើប្រជាជន មូស្លីម ប្រុសស្រីគឺគ្រាន់តែជាទិដ្ឋភាពមួយនៃវិបត្តិអត្ថសញ្ញាណ(មិនស្គាល់ពី ខ្លួនឯង)ដែលបានរីកសុសសាយ និងមានភាពស្មុគស្មាញមួយកំពុងបន្តមានក្នុង ពិភព មូស្លីមយ៉ាងគ្រោះថ្នាក់។ យោងតាម Katherine Bullock

“នេះគឺដោយសារតែមូលហេតុនៃការបញ្ចេញមតិក្នុងសតវត្សទី១៩ ទៅ លើឋានានុក្រមនៃអរិយធម៌និងជំនឿរបស់ប្រជាជនអ៊ឺរ៉ុបថាខ្លួនឯងប្រសើរលើសគេនិងភាពចាំបាច់របស់ពួកគេក្នុងការប្រម៉ាញ់តំបន់មជ្ឈឹមបូព៌ា។​​ ឋានៈរបស់ស្រ្តីបានក្លាយជាស្តង់ដានៃលំដាប់ថ្នាក់ដែលជាអរិយធម៌ មួយ មានក្នុងឋានាននុក្រម។ ឥស្លាមត្រូវបានដាក់នៅក្រោមគ្រិស្តសាសនា (ដោយគ្រិស្ត សាសនាខាងកើតនោះខ្លួនឯងត្រូវបានដាក់ឲ្យនៅក្រោម គ្រិស្តសាសនាខាងឡាទីន) ប៉ុន្តែនៅពី លើសាសនាពហុជំនឿរបស់ អាហ្វ្រិកនិងជនជាតិដើមនៃទឹកដីអាណានិគម (អាមេរិកខាងជើង កាណាដា អូស្ត្រាលី)...​។ ស្ត្រីមូស្លីមគឺជាទាសករពួកគេហើយមិន អនុញ្ញាណ ឲ្យពួកគេបានជួប នរណាផ្សេងពីគ្រួសារឬសាច់ញាតិនោះទេ ហើយនៅពេលដើរតាមផ្លូវពួកគេត្រូវបិទមុខរបស់គេទាំងអស់...។ ការ មួលបង្កាច់របស់ពួកអ៊ឺរ៉ុបអំពីកន្លែងស្រ្តីស្នំរបស់ពួកអារ៉ាប់គឺជាគំនិតមួយ ដែលធ្វើការអះអាងទៅលើភាពរវើលរវាយជាយូរលង់ណាស់មកហើយ ដោយការលាបពណ៌របស់ពួកអ៊ឺរ៉ុបទៅលើមជ្ឈឹមបូព៌ា។ គំនិតរវើលរវាយ អំពីកន្លែងស្រ្តីស្នំរបស់ពួកអារ៉ាប់នេះបានធ្វើឲ្យ ប្រជាជនគ្រិស្តសាសនា មានកំហឹងយ៉ាងខ្លាំងប្រឆាំងនឹងឥស្លាមដែលបានកើតឡើងនៅសតវត្សទី១៩។ ឥស្លាមគឺជាសាសនាដែលត្រូវបានគេចាត់ទុកថាមានភាពអា ណាធិបតេយ្យជ្រុលនិយមដែលអនុញ្ញាតឲ្យមានការលែងលះ រៀបការ សាជាថ្មី និងមានប្រព័ន្ធច្រើន។ សម្រាប់គ្រិស្តសាសនិកនាមជ្ឈឹមសម័យ និងសម័យថ្មីយល់ថានេះហើយជាភស្តុតាងបង្ហាញថាឥស្លាមជាសាសនា បោកប្រាស់”។

ដោយមាននូវគំនិតអាណានិគម និងការប្រៀនប្រដៅខាងអាណាចក្រ ជ្រុលហួសហេតុ មនុស្សមួយចំនួនសូម្បីតែមនុស្សដែលមកពីប្រទេសដែលមាន ប្រជាជនមូស្លីមច្រើនលើសលប់ក៏មានជំនឿផងដែរថាឥស្លាមជាសាសនាបោកប្រាស់យ៉ាងពិតប្រាកដ ហើយគ្រិស្តសាសនាវិញគឺវិសេសវិសាលលើសលប់ ជាងគេដែលគេតែងហៅថាជាសាសនាកំណើតរបស់អ៊ឺរ៉ុប។ ដើម្បីជាការការពារ វិញ ពួកអ្នកប្រាជ្ញនិងមូស្លីមប្រកាន់ខ្ជាប់ខ្ជួនជាច្រើនបានអះអាងថា ឥស្លាមមិន មែនជារបៀបធម្មត្តាមួយដូចប្រជាជនអ៊ឺរ៉ុបឬពួកលោកខាងយល់នោះទេ។ ផ្ទុយ ទៅវិញ ឥស្លាមគឺជា Din មានន័យថាជារបៀបរស់នៅការគិត និង ការធ្វើ ការឲ្យស្របទៅតាមឆន្ទៈរបស់អល់ឡោះដោយផ្អែកលើការបញ្ជូនសារ ដែលបាន ប្រាប់ឲ្យដឹងនិងចំណេះដឹងបង្ហាញតាមរយៈភាពឧត្តុងឧត្តមនៃជីវិតរសប់ព្យាការី។ភាពអវត្តមាននៃរបៀបរស់នៅបែបនេះក្នុងសង្គមឬប្រទេសទាំងស្រុង នឹងនាំ មនុស្សជំនាន់ក្រោយទៅរកអំពើហឹង្សា ជាអ្វីដែលគ្មានទេក្នុងមូល ដ្ឋានគ្រឹះ របស់ ឥស្លាម។

ការឆ្លើយតបរបស់លោក Gülen ចំពោះការប៉ះទង្គិចគ្នានៃគំនិតខាងអរិយធម៌

យោងតាមលោក Gülen “អ្នកដែលចង់ឲ្យកើតមានមហន្តរាយទៅអនាគត់ សម្រាប់ពិភពលោកនិងការប៉ះទង្គិចគ្នាខាងអរិយធម៌គឺជាមនុស្សឬក្រុមដែលមិន អាចធ្វើឲ្យអ្នកដ៏ទៃយល់ពីពិភពលោកដូចខ្លួនបាន ហើយសង្ឃឹមថាជម្លោះពិភព លោកនិងធានាបាននូវអំណាចរបស់ពួកគេក្នុងពិភពលោកបាន។

គួរឲ្យសោកស្តាយណាស់ មានក្រុមអ្នកនរយោបាយដែលមានការណែនាំ ខុសជាច្រើននិងអ្នកកាន់អំណាច់គ្រប់ទីកន្លែងចាត់ទុក គ្រប់ប្រភេទនៃអំពើ ហឹង្សា និងភេរវកម្មទាំងអស់ថាជា jihad ហើយហៅមូស្លីមដែលប្រកាន់ខ្ជាប់ ខ្ជួននិង ស្រឡាញ់សន្តិភាពថាជា “ពួកឥស្លាមនិយម” “អ្នកជីហាត” ឬ “អ្នកនិយមជ្រុល” ។ មូលហេតុដែលពួកលោកខាងលិចអាចធ្វើការឃោសស្នា ប្រឆាំងឥស្លាមបានគឺដោយសារបច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយស្ថិតនៅក្នុងដៃរបស់គេ។ បច្ចុប្បន្ននេះ ពួកលោកខាងលិចជាច្រើនដែលក្តាប់អំណាចនៅក្នុងដៃ បានប្រើប្រាស់នូវបច្ចេក វិទ្យាខ្ពស់ៗសម្រាប់គោលបំណងបំផ្លាញគឺជាស្ថានភាព ដ៏គ្រោះថ្នាក់មួយចំពោះ វត្តមាននិងជីវិតរស់នៅនៃពិភពលោកទាំងមូល។ ជំនួស ឲ្យការប្រយុទ្ធប្រឆាំងដោយប្រើវីធីហឹង្សា លោក Gülen បានព្យាយាមបន្ធូរ បន្ថយជម្លោះនោះតាមរយៈ ការសន្ទនា។ លោកGülen បានបដិសេធ “ការប៉ះ ទង្គិចខាងអរិយធម៌” ដែលប្រឌិតឡើងក្នុងកម្មវិធីសិក្សា និង ប្រព័ន្ធសារព័ត៌ មាន។ ប៉ុន្តែ មានមនុស្សជាច្រើន ជឿថា គំនិតនៃការប៉ះទង្គិចខាងអរិយធម៌នេះ ក្នុងតំបន់លោកខាងលិចគឺ បណ្តាលមកពីមូលហេតុនៃគំនិតដែលនិយាយអំពី ដើមកំណើតរបស់មនុស្សនៅ​លើផែនដី។ សូមមើលទៅលើការវិភាគដោយ ប្រៀបធៀបរបស់ Bullock៖

ដូច្នេះដើម្បីជាការសង្គត់ធ្ងន់ នៅក្នុងឥស្លាមមិនមានរឿងអាក្រក់ឬភាព មិនពេញចិត្តចំពោះរាងកាយនិងឆន្ទៈរបស់វាឡើយ។ (ផ្ទុយពីអាឌាំ)ស្ត្រី ទោះបីជាមានការបញ្ជូនចុះព្រមកគ្នាក៏ដោយ តែមិនស្ថិតក្នុងការទទួល ខុសត្រូវពីការបណ្តេញចេញពីឋានសួគ៌នោះទេ។ ក្នុងឥស្លាមគ្មានការ មានអំពើបាបពីកំណើតនោះទេ...។ វាក៏មានប្រយោជន៍ផងដែរក្នុងការ បង្ហាញថាឥស្លាមផ្ទុយ គ្នាពីគ្រិស្តសាសនាដែលធ្វើការតាំងតំកល់គោល ការណ៍បុរសក្នុងរូបភាពនៃ “ព្រះដែលជា ឪពុក” និង Jesus “ដែលកូន ប្រុសរបស់ព្រះ” ឬសាសនាដ៏ទៃទៀតដែលកំណត់រូបភាពព្រះជាភេទ ស្រីនៅ។ ក្នុងឥស្លាម គ្មានគោលការណ៍ភេទណាមួយដែលត្រូវបានលើ តម្កើងថាជាព្រះ នោះទេ អល់ឡោះមិនមែនជាឪពុក មិនមែនជាម្តាយ ហើយក៏មិនមែនជាកូនប្រុសអ្វីនោះដែរ។

នេះជាគោលការណ៍ដែលមិនចុះសម្រុងគ្នារវាងមូស្លីមនិងគ្រិស្តសាសនិកលើបញ្ហាសាសនានិងអរិយធម៌។ ប៉ុន្តែមាននិកាយគ្រិស្តសាសនាជាច្រើន ដូចជា Universal Unitarian Church មាន Quakers និងក្រុមដ៏ទៃទៀតជាច្រើន បានបង្កើតជម្លោះជាមួយមូស្លីមដោយផ្អែកលើរឿងតូចចង្អៀត។ មិនខុសអ្វីពី គ្រិស្តសាសនិក orthodod នោះទេ មានប្រតិកម្មតបវិញរបស់មូស្លីមដែល បានប្រ ព្រឹត្តិមិនចេះចប់ក្នុងជម្លោះខាងមនោគមលើបញ្ហាអរិយធម៌។ ប៉ុន្តែ ក្នុង ស្ថានភាព ពិតការប្រយុទ្ធគ្នាលើបញ្ហាអរិយធម៌បានប្រព្រឹត្តិទៅក្នុងទម្រង់ខាង យោធាដ៏ឃោឃៅលើប្រជាជាតិតូចតាចនិងទន់ខ្សោយ។ ដំណើររបស់ឥស្លាម ឆ្ពោះទៅជិតរឿងនយោបាយ និងសេដ្ឋកិច្ចតែងតែប្រឆាំងនឹងប្រភេទសង្គ្រាម អយុត្តិធម៌និងភាពឃោឃៅជ្រុលហួសហេតុ។ នេះហើយគឺជាហេតុផលដែល មានមនុស្សជាច្រើន ដាក់ឈ្មោះឥស្លាមថាជា “សាសនាដែលប្រកបដោយភាព សុខដុម សន្តិភាព និង យុត្តិធម៌”។ ទោះបីជាទស្សនៈគន្លឺះនៃ din al-fitra មានភាពទូលំទូលាយជាងនេះក៏ដោយ តែអល់ឡោះបានព្រមានយ៉ាងច្បាស់ ចំពោះមូស្លីមថាត្រូវមានការប្រុង​ ប្រយ័ត្នបំផុតក្នុងពាក្យសំដីនិងទង្វើ ជាពិសេស នៅពេលមានសង្គាមនិងអំពើ ហឹង្សា៖

ហើយក្តីអាណិតអាសូររបស់យើង បានជ្រួតជ្រាប នូវគ្រប់ វត្ថុទាំងអស់។ យើងនឹងកំណត់ក្តីអាណិតអាសូរនេះ សំរាប់តែពួកដែល គោរពកោត ខ្លាចយើងពួកដកហ្សាកាត៍ព្រមទាំងពួកដែលមានជំនឿចំពោះ អាយ៉ាត់ៗ របស់យើង...។ រ៉សូលនឹងអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អប្រណីតទាំង ឡាយនិងហាមឃាត់ទៅលើពួកគេទាំងនោះ នូវភាពស្អុយកខ្វក់ទាំង ឡាយ។ ហើយរ៉សូលបានដកចេញពីពួកគេនូវបន្ទុកធ្ងន់ពួកគេព្រមទាំង នឹមទាំងឡាយដែលនៅលើពួកគេ...។

ជាយូរណាស់មកហើយ ជាពិសេសចាប់តាំងពីសតវត្សទី៨មក រហូតដល់ សម័យដែលមូស្លីមមានអំណាចខ្លាំងជាងគេលើលោក មូស្លីមបានរួមចំណែក យ៉ាងសំខាន់លើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងថែមទាំងធ្វើការសហការ ជាមួយអ្នកប្រឆាំងនិងសត្រូវរបស់ខ្លួនទៀតផងនៅក្នុងពង្រីកការផ្សព្វផ្សាយវិថីនៃ ការអប់រំដែលសមហេតុផលប្រកបដោយវិជ្ជាជីវៈដើម្បីបើកទ្វាអាថ៌កំបាំង ដែល ត្រូវគេបណ្តុះនិងបំពេញក្នុងសារនៃធម្មជាតិនេះ។ ប៉ុន្តែ តាមរយៈការប្រើ ប្រាស់ ចំណេះដឹងវិទ្យាសាស្រ្ត សម្រាប់ឲ្យមនុស្សលោកទាំងមូលឬការអប់រំ មនុស្សមានភាពប្រសើរឡើង អ្នកកាន់អំណាចមូស្លីមលំដាប់ៗ មានការភ្លេច ពីតួនាទីរបស់ខ្លួនចំពោះប្រជាជនខ្លួនឯង។ ចំណេះដឹងនិងបទពិសោធដែល មូស្លីមប្រគល់ទៅ ឲ្យពួកលោកខាងលិចមិនអាចប្រើដើម្បីប្រឆាំងនឹងមូស្លីមនិង ផលប្រយោជន៍ ឥស្លាមបានដោយងាយនោះទេ។ ដោយឮការអះអាងបែបនេះ ពួកលោកខាងលិចជាច្រើននាពេលសព្វថ្ងៃ បានចំអកដាក់ការអះអាងរបស់ មូស្លីមដែលនិយាយថា​អ្នកវិទ្យាសាស្ត្រមូស្លីមបានបង្កើតមូលដ្ឋានគ្រឹះដែល បច្ចេកវិទ្យាសព្វថ្ងៃកំពុង អាស្រ័យលើ។

ជ័យជំនះរបស់មូស្លីមនៅប្រទេសចិនខាងលិចនៅសតវត្សទី៨ ធ្វើឲ្យ មូស្លីមទទួលប្រយោជន៍ពី បច្ចេកវិទ្យារបស់ចិននាពេលនោះ ដូចជាការ ធ្វើក្រដាស់  ដែលក្រោយមកពួកគេបានណែនាំមក កាន់ពិភពមូស្លីម ទាំងមូលរួមមានទីក្រុង Andalusian របស់អេស្បាញ។ ចេញពីទីតាំង នោះ វាត្រូវបាននាំទៅទ្វីបអ៊ឺរ៉ុបទៀត។ តាមពិតទៅ នេះជាការរកឃើញ មួយដែលខុសប្លែកពីធម្មតា នាំទៅរកការសាយនៃចំណេះដឹងមួយយ៉ាង ទូលាយនិងការសិក្សាដែលធ្វើឲ្យទៅជាប្រជាធិបតេយ្យ។

ដំណើររឿងនៃការសាយភាយចំណេះដឹងពីប្រជាជតិមូស្លីមទៅកាន់ពិភពលោកក្នុងទម្រង់ផ្សេងៗបានបន្តប្រហែលជាមួយពាន់ឆ្នាំមកហើយ រហូតដល់ មានការធ្វើអាណានិគមមកលើប្រជាជាតិមូស្លីម។ លទ្ធផលដ៏គួរឲ្យកខ្លាចនៃ ការគ្រប់ គ្រងបែបអាណានិគមមកលើប្រជាជាតិមូស្លីមត្រូវបានធ្វើឡើងតាមវិធី បំផ្លិចបំផ្លាញថ្មីដែលគេបានរកឃើញពីនយោបាយអន្តរជាតិការទូត និង បច្ចេក វិទ្យា។ ដោយខ្លាចចំពោះការអប់រំដែលគ្មានតម្លៃសីលធម៌របស់លោកខាងលិច ដែលស្ថិត នៅក្រោមអ្នកខាងអាណាចក្រជ្រុលនិយមឬគោលនយោបាយប្រឆាំង សាសនា ប្រជាជនមូស្លីមជាច្រើនព្យាយាមបញ្ជៀសខ្លួនពីការសាយភាពនៃ ចំណេះដឹងអនុវត្តជាក់ស្តែងសម័យថ្មីនិងបច្ចេកវិទ្យាក្នុងប្រទេសរបស់ខ្លួនកដែលជាវិធីមួយការពារពួកគេពីភាពអាប់ឱនខាងសីលធម៌របស់លោកខាងលិច។

ចំណេះដឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវបានបង្កើតឡើងមិនឲ្យមានជាប់កាតព្វកិច្ចអ្វីទៅនឹងតម្លៃក្រមសីលធម៌(ការទទួលខុសត្រូវ)និងសីលធម៌នោះទេ។ អំណាចខាងចក្រក្រព័ត្តិនិយមរបស់លោកខាងលិចមិនអាចបង្កើតសង្គ្រាម លោកទាំងពីរបាននោះទេ បើគ្មានសមត្ថភាពខាងបច្ចេកវិទ្យាដែលពួកគេមាន ក្នុងដៃត្រៀមសម្រាប់ប្រើទេនោះ។ ចាប់ពីពេលនោះមក ភាពឃោឃៅបាន បន្ត ទូទាំង ប្រជាជាតិមូស្លីមនិងប្រទេសមូស្លីមកំពុងអភិវឌ្ឈ។ ក្នុងសម័យសកល ភាវូនីយកម្ម ដែលងាយនឹងក្នុងការទំនាក់ទំនងនេះ ខុសប្លែកពីគេប្រវត្តិសាស្ត្រ របស់មនុស្ស ក្តីសង្ឃឹមដ៏ល្អបំផុតមួយរបស់មនុស្សលោកគឺដើម្បីឱបក្រសោប យកនូវពិភពលោកមួយដោយសន្តិភាព និងមានស្វែងយល់ពីគ្នា ដែលនឹងបំបាត់ ចោលនូវការគាប់ សង្កត់​និងលើស្ទួយកិច្ចសន្ទនាខាងអរិយធម៌វិញ។ សង្ឃឹមថា ប្រជាជាតិមូស្លីម ទាំងមូលនឹងរួមរួមគ្នាជាកម្លាំងដើម្បីកំចាត់ចោលនូវទង្វើភេរវ កម្មគ្រប់ប្រភេទទាំងអស់ក្នុងលោក។ ហើយសង្ឃឹមទៀតថា អំណាចលោកខាង លិចនឹងចូលរួម បញ្ឈប់សង្គ្រាមឈ្លានពានប្រឆាំងនឹងប្រជាជាតិតូចតាច។ សូមឲ្យគំនិតរបស់ លោក Gülen នឹងបន្តលាន់រំពងទៅគ្រប់ជ្រុងជ្រោយនៃពិភព លោកផងចុះ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2024 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។