តើភាពរម្យទមគឺជាអ្វី?

ភាពរម្យទម មានន័យថាភាពអៀនខ្មាស វាការពារភាពបរិសុទ្ធ និងកិត្តិយសរបស់បុគ្គល។ ភាពរម្យទម គឺជាការស្គាល់ដែនរបស់ខ្លួន ដែលធ្វើឲ្យមនុស្សស្ថិតក្នុងកន្លែងមួយដែលអាចរក្សាទំនាក់ទំនងល្អជាមួយនឹងអល់ឡោះ បន្ទាប់មក ជាមួយនឹងមនុស្សរាល់គ្នា។

ភាពរម្យទម គឺជាគុណសម្បត្តិសំខាន់មួយដែលធ្វើឲ្យមនុស្សក្លាយជាមនុស្សប្រពៃពិតប្រាកដ។ ភាពរម្យទម គឺជាគ្រឿងលំអផ្លូវចិត្តរបស់មនុស្សម្នាក់ វាគឺជាតម្លៃមួយដែលអល់ឡោះចង់ឃើញលើខ្លួនខ្ញុំបម្រើរបស់លោក។ ក្នុងន័យនេះ វាក៏មានន័យថា ការចៀសវាងទម្លាប់អាក្រក់ផ្សេងៗរបស់មនុស្សម្នាក់ ដែលអល់ឡោះមិនចង់ឃើញ។

ក្នុងគម្ពីរគួរអាន អល់ឡោះបានប្រកាសថា លោកហាមឃាត់ភាពគ្រអឺតគ្រទមទាំងអស់ ។ ជាងនេះទៅ ទៀត វាបាននិយាយថា៖ «គ្រប់សាសនាទាំងអស់មានក្រមសីលធម៌រៀងៗខ្លួន។ ក្រមសីលធម៌របស់ ឥស្លាមគឺភាពរម្យទម »។ អ្នកនាំសាររបស់អល់ឡោះបានសង្កត់ធ្ងន់ពីសារៈសំខាន់របស់ក្រមសីលធម៌នេះក្នុងជីវិតប្រចាំថ្ងៃរបស់ជនមូស្លីម។

Hadis(សារម្យ៉ាង) ខាងក្រោមនិយាយពីសារៈសំខាន់របស់ភាពរម្យទម។ Abdullah ibn Umar បាននិយាយថា៖ « ព្យាការីរបស់យើងធ្លាប់ជួបជាមួយនឹងបុរសម្នាក់ដែលកំពុងប្រដៅប្អូនរបស់គាត់កុំឲ្យដាក់ខ្លួនពេក។ ដោយលឺបែបនេះ គាត់បានប្រាប់បុរសនោះថា៖ «ចូរកុំនិយាយបែបនេះទៅគាត់ ព្រោះថាភាពរម្យទម គឺផ្នែកមួយនៃ Iman (ជំនឿ)។»

Hadis មួយទៀតនិយាយដូចខាងក្រោម៖ « ជំនឿមានមែកធាងជាង ៧០។ មែកធាងដែលស្ថិតនៅខ្ពស់ជាងគេគឺជាការប្រកាស់ទទួលស្គាល់ថា «គ្មានអ្នកណាមានសិទ្ធិទទួលការគោរពសក្ការៈក្រៅពីអល់ឡោះទេ» និងមែកធាងដែលទាបជាងគេគឺជាការដកវត្ថុដែលអាចបង្ករបួសស្នាមចេញពីផ្លូវដើរ។ ចំនែកឯភាពរម្យទម គឺជាមែកធាងនៃជំនឿ»។

អ្នកប្រាជ្ញនៃសាសនាឥស្លាមបានបញ្ចេញយោបល់ចំពោះ ហាឌីសខាងលើដូចខាងក្រោម៖

ទោះបីជាភាពរម្យទម គឺជាបុគ្គលិកលក្ខណៈមួយដែលអល់ឡោះប្រទានតាំងពីកំណើតក្តី ហាឌីសខាងលើនេះ បង្ហាញវាថាជាផ្នែកមួយនៃជំនឿ។ ព្រោះថា មនុស្សដែលបង្ហាញពីភាពរម្យទម  គឺជាប្រភេទមនុស្សដែលចៀសឆ្ងាយពី អំពើបាប។ ក្នុងន័យនេះ ភាពរម្យទម គឺជារនាំងរវាងបុគ្គល និងអំពើបាប ដូច្នេះវាដើរតួជាផ្នែកមួយក្នុងការទប់ស្កាត់ការប្រព្រឹត្តអំពើអាក្រក់ ។ ក្នុងហាឌីសនេះ បានបញ្ជាក់ថា ភាពរម្យទម គឺជាផ្នែកមួយនៃជំនឿ។ យើងដឹងថា ជំនឿគឺជាការឆ្លុះបញ្ចាំងពីការស្តាប់ដំបូន្មានរបស់អល់ឡោះ និងការចៀសវាងប្រព្រឹត្តអ្វីដែលលោកហាមឃាត់។ នៅពេលដែលបុគ្គលម្នាក់ចៀសវាងអំពើបាបដោយសារ ភាពរម្យទម របស់គាត់ យើងឃើញថា ភាពរម្យទម ក្លាយជាផ្នែកមួយនៃជំនឿហើយ។

ព្យាការី​របស់​យើង​បាន​និយាយ​ថា "ត្រូវតែមានភាពរម្យទម ចំពោះ​អល់ឡោះ​!​"

សិស្សរបស់ព្យាការី​បាន​និយាយ​ថា​: «​ឱ ព្យាការីរបស់អល់ឡោះ​! តើ​យើង​អាច​មានភាពរម្យទម ចំពោះ អល់ឡោះដោយវិធីណា​»​?

គាត់បានឆ្លើយថា៖ «មនុស្សដែលមានភាពរម្យទម ទៅកាន់អល់ឡោះ គឺជាអ្នកដែលមើលថែក្បាល និងសរីរាង្គ គឺជាអ្នកដែលមើលថែរខ្លួនរបស់គេ ការពារពោះ និងសរីរាង្គរបស់គេ និងជាអ្នកដែលមិនទទួលឥទ្ធិពលពីការញុះញុងពីពិភពខាងក្រៅ និងមិនដែលភ្លេចពីសេចក្តីស្លាប់។»

ក្នុងហាឌីសនេះ ការការពារក្បាលមានន័យថាការប្រើប្រាស់អារម្មណ៍ និងគំនិតរបស់យើងក្នុង ផ្លូវល្អ(គិតក្នុងផ្លូវល្អ)។ ការការពារសរីរាង្គផ្សេងៗដែលពាក់ព័ន្ធនឹងក្បាលមានន័យថា ការការពារភ្នែកពីការមើលរបស់ដែលត្រូវបានហាមឃាត់ ការការពារត្រចៀកពីសម្តីអាក្រក់ និងការការពារមាត់ពីការកុហក។ ការការពារពោះអាចមានន័យថាជាការចៀសវាងបរិភោគអ្វីដែល ត្រូវបានហាមឃាត់។ យោងទៅតាមអ្នកប្រាជ្ញខាងហាឌីស សរីរាង្គដែលពាក់ព័ន្ធនឹងក្បាលពោះអាចមាន ន័យថាការហាមឃាត់ពីការប្រព្រឹត្តអំពើសាហាយស្មន់(កាមខុសសីលធម៌)។ ការការពារសរីរាង្គទាំងនេះគឺមានសារៈសំខាន់ ខ្លាំងណាស់ដើម្បីទទួលបានភាពរម្យទម ចំពោះមុខអល់ឡោះ។

អ្នកដែលប្រាថ្នាចង់បានសុភមង្គលក្នុងពិភពលោកនេះ និងលោកខាងមុខគប្បីស្វែងរកនូវភាពស្របទៅតាមគន្លងដ៏ត្រឹមត្រូវ និង ភាពរម្យទម ។ អ្នកដែលខ្វះភាពរម្យទម  គេនោះក៏ខ្វះសម្ថតភាពក្នុងការធ្វើអំពើល្អដែរ។ ភាពរម្យទម  និងជំនឿគឺពឹងផ្អែកលើគ្នា នៅពេលដែលបាត់បង់ភាពរម្យទម  ជំនឿក៏បានបាត់បង់ដែរ។

ព្យាការីរបស់អល់ឡោះបាន​ចែងថា « មានតែភាពរម្យទមតែមួយគត់ដែលនាំមកនូវអំពើល្អ។»ហើយក្នុង ហាឌីសផ្សេងទៀត ក៏គាត់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពរម្យទម  ដោយនិយាយថា៖ « ភាពរម្យទមគ្រប់រូបភាពទាំងអស់គឺសុទ្ធតែល្អ។ »

ធ្វើតាមអ្វីដែលអ្នកចង់ចុះបើសិនជាអ្នកមិនចេះអៀនខ្មាស!

ដោយពិចារណាពីអត្ថន័យនៃភាពអៀនខ្មាសនិងសុភាពរាបសារ អ្នកនឹងឃើញថា ភាពរម្យទម មានឋានៈសំខាន់ណាស់ក្នុងក្រមសីលធម៌ឥស្លាម។ ប្រសិនបើអ្នកចង់ឃាត់អ្នកដែលមានភាពរម្យទម ពីការប្រព្រឹត្តអំពើអាក្រក់មួយ អ្នកគ្រាន់តែសួរគេថា៖ «អ្នកមិនខ្មាសនូវអ្វីដែលអ្នកធ្វើទេឬ?» គឺគ្រប់គ្រាន់ហើយ។ បុព្វបុរសរបស់យើងបាននិយាយថា៖ «អ្នកដែលគ្មានសេចក្តីអៀនខ្មាសចំពោះមុខអ្នកដទៃ គេនោះក៏គ្មានសេចក្តី អៀនខ្មាសចំពោះអល់ឡោះផងដែរ។ »

មនុស្សដែលមានភាពអៀនខ្មាសពិតប្រាកដ ជាមនុស្សដែលចៀសវាងអំពើអាក្រក់ទាំងឡាយមិនថាគេនៅក្នុងចំណោមមនុស្សច្រើនឬនៅតែឯងនោះទេ។ មនុស្សដែលមានអារម្ភបែបនេះនឹងទទួលបានសុខភាពល្អផ្នែកស្មារតី និងសម្បជញ្ញៈប្រសើរ។

(កូនសិស្ស)ព្យាការីឈ្មោះ Qurrah ibn Iyas រៀបរាប់ថា៖

យើងនៅជាមួយព្យាការីអល់ឡោះ ខណៈដែលមនុស្សនិយាយពីភាពរម្យទម ។ សំណួរមួយបានចោទសួរថា៖ « ឱ អ្នកនាំសាររបស់អល់ឡោះ! តើភាពរម្យទម មានដើមកំណើតពីឥស្លាមឬ?»

ព្យាការី​របស់​យើងបាន​ឆ្លើយ​តប​ថា​: «​ភាពរម្យទម គឺជាឥស្លាមទាំងមូលតែម្តង។ ប្រាកដណាស់ ការសង្កេតមើលភាពរម្យទម  ចៀសវាង Haram (អំពើណាដែលបានហាមឃាត់) ការគ្រប់គ្រងអណ្តាត និងមានភាពបរិសុទ្ធគឺសុទ្ធតែចេញពីជំនឿទាំងអស់។ ដោយកាត់បន្ថយអ្វីដែលខ្លួនមានក្នុងពិភពនេះ ពរជ័យ និង គុណសម្បត្តិរបស់គេនឹងចម្រើនឡើងសម្រាប់លោកខាងមុខ។ តែនៅពេលដែលយើងប្រៀបធៀបគ្នា បុណ្យដែលយើងទទួលបាននៅលោកខាងមុខគឺមានទំហំធំជាងអ្វីដែលយើងបាត់បង់ក្នុងភពនេះ។

យើងអាចមើលឃើញរាល់អំពើបាបគ្រប់យ៉ាងពីមនុស្សដែលខ្វះភាពអៀនខ្មាស។ និយាយមួយបែបទៀត មនុស្សដែលគ្មានភាពខ្មាសអៀនតែងពាក់ព័ន្ធនឹងទង្វើមិនសមរម្យផ្សេងៗ និង ភាពអាប់ឱន។ សូមពិចារណាពីឧទាហរណ៍ខាងក្រោម៖

ថ្ងៃមួយ Imam Abu Hanifa (Imam:អ្នកមានចំណេះដឹង)បានទៅងូតទឹកក្នុងបន្ទប់ទឹកសាធារណៈមួយ។ នៅពេល ដែល Imam កំពុងតែងូតទឹក បុរសម្នាក់ដែលគ្មានស្លៀកសំលៀកបំពាក់ម្នាក់ដើរចេញមក។ នៅពេលដែល Imam បានឃើញគាត់ បានគាត់បិទភ្នែកយ៉ាងជិត តែបុរសម្នាក់នោះបែរជាគ្មានការខ្មាសអៀនទៅវិញ។ ជាងនេះទៅទៀត គាត់ហ៊ានសើចចំអកដាក់ Imam ទៀតផង។

គាត់បាននិយាយថា៖ « ឱ Imam ‌! តើភ្នែករបស់លោកមើលឃើញតាំងពីពេលណា?»

Imam ឆ្លើយទៅកាន់បុរសខ្វះការអប់រំវិញថា៖ « តាំងពីពេលដែលភាពរម្យទមរបស់ អ្នកឯងត្រូវបានគេដកហូតយកទៅបាត់។»

ជាការពិតណាស់ នៅពេលដែលមនុស្សម្នាក់បានបាត់បង់ភាពរម្យទម របស់ខ្លួន គេនឹងបង្ហាញសកម្មភាពដែលអៀនខ្មាសជាច្រើន។ ក្នុងចំណោមពាក្យស្លោកមួយរបស់អល់ឡោះ ព្យាការីរបស់ពួក យើងបាននិយាយថា៖ « ឃ្លាមួយដែលរមែងត្រូវបានព្យាការីទាំងអស់និយាយជាច្រើនដងតាំងពីសម័យកាលរបស់ អាដាម (សន្តិភាពចូលមានដល់គាត់) គឺ «ធ្វើចុះនូវអ្វីដែលអ្នកចង់ធ្វើប្រសិនជាអ្នកគ្មានភាពអៀនខ្មាស?»

ក្នុងឃ្លាមួយដែលមានក្នុងគម្ពីរ ហាឌីស « ធ្វើចុះនូវអ្វីដែលអ្នកចង់ធ្វើប្រសិនជាអ្នកគ្មានភាពអៀនខ្មាស» អត្តន័យរបស់វាមិនមែនមានន័យថាអ្នកដែលគ្មានភាពអៀនខ្មាសអាចធ្វើអ្វីក៏បាននោះទេ ព្រោះថា ការយល់ ដឹងបែបនេះគឺជាការយល់ច្រឡំនឹងអ្វីដែលព្យាការីចង់និយាយ ។ តែឃ្លារបស់គាត់គប្បីយល់ដូចខាងក្រោមវិញ៖

១. តើអ្នកមានដែលពិចារណាពីលទ្ធផលនៃសកម្មភាពរបស់អ្នកដែរឬទេ? ការបាត់បង់អារម្មណ៍ខ្មាស អៀនគឺមិនមានន័យថាវាអាចជួយអ្នកពីទំនួលខុសត្រូវរបស់អ្នកឡើយ។ គ្មានអំពើបាបណាត្រូវបានអត់ឱន ដោយសារតែអ្នកបាត់បង់ភាពអៀនខ្មាសទេ មានន័យថា អ្នកនៅតែត្រូវទទួលនូវលទ្ធផលដែលអ្នកបានប្រព្រឹត្តដដែល។

២. ធ្វើតាមអ្វីដែលអ្នកប៉ងចុះ ព្រោះថាអ្វីដែលធ្វើឲ្យមនុស្សម្នាក់ក្លាយជាមនុស្សពិតប្រាកដម្នាក់គឺអារម្មណ៍ខ្មាសអៀននេះឯង។ ប្រសិនបើអ្នកបាត់បង់អារម្មណ៍នេះ នោះគ្មានអ្វីដែលនឹងអាចបញ្ឈប់អ្នកពីការប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយក៏មិនអាចដាស់វិចារញ្ញាណរបស់អ្នកពីសកម្មភាពអាក្រក់ផងដែរ។ ពេលនោះ អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដោយមិនពិចារណាថាវាល្អ ឬអាក្រក់ទេ អ្នកនឹងក្លាយជាមនុស្ស ដែលគ្មានមនោសញ្ចេតនាម្នាក់។

Pin It
  • បានបង្កើតនៅលើ
Copyright © 2026 Cascade Trust. Fethullah Gülen's Official Web Site. All Rights Reserved.
fgulen.com is the official source and licensor of the works of the renowned Turkish scholar and intellectual Fethullah Gülen. Operated by Paramus Publishing with permission of Cascade Trust.